ប្រទេសកូរ៉េ៖ មុនពេលស្លាប់ប្រធានក្រុមហ៊ុនសាំសុង លោក អុី គន់ហុី មហាសេដ្ឋីទី១ នៃប្រទេសកូរ៉េ បានសរសេរសំបុត្រ ររំលឹកដាស់តឿន ផ្តាំដល់អ្នកមិនទាន់ឈឺថា«ទោះបីមិនទាន់ឈឺ ក៏ត្រូវទៅពិនិត្យមើលសុខភាពរាល់ឆ្នាំ, មិនទាន់ស្រេកទឹក ក៏ត្រូវតែផឹកទឹក, ទោះបីមានរឿងឈឺចាប់ ត្រូវរៀនពីវិធីបំបាត់ការឈឺចាប់»។
លោកថា «ទោះបីមានលុយ និងអំណាច សូមកុំអួត ចំណែកអ្នក ដែលគ្មានវិញ ត្រូវពេញចិត្ត នូវអ្វីដែលខ្លួនមាន, ទោះបីមិនទាន់ហត់នឿយ ក៏ត្រូវចេះឈប់សំរាក, ទោះរវល់យ៉ាងណា ក៏ត្រូវធ្វើចលនានិងហាត់ប្រាណ»។
លោក អុី គន់ហុី បន្តថា «តំលៃសំលៀកបំពាក់ តំលៃ ៣ពាន់វ៉ុន គឺសំអាងលើវិក័យប័ត្រ,ឡានតំលៃ ៣០លានវ៉ុន បញ្ជាក់ដោយសែក, ផ្ទះតំលៃ ៥០០លានវ៉ុន (៥អក) គឺមានប្លង់ផ្ទះ»។
លោក អុី គន់ហុី ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា តើអ្នកដឹងទេថា តំលៃ របស់មនុស្សយើងបញ្ជាក់ទៅលើអ្វី? គឺសំអាងលើសុខភាព នៃរាងកាយយើង។ លើលោកនេះ យើងអាចអោយគេបើកឡាន ឬរកលុយជំនួសយើងបាន តែមិនអាចអោយគេមកឈឺជំនួសយើងបានទេ។
លោកបន្តថា របស់បាត់ទៅអាចរកមកវិញ ឬទិញវិញបាន តែជីវិតយើង បើបាត់ហើយ គឺមិនអាចរក ឬទិញវិញបានទេ។
ប្រធានក្រុមហ៊ុនសាំសុង លោក អុី គន់ហុី ដែលជាមហាសេដ្ឋីទី១ នៃប្រទេសកូរ៉េ បានស្លាប់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្នុងអាយុ ៧៨ឆ្នាំ៕