ជីវិត និង​ស្នាដៃ​របស់ កាលិលេវ កាលិលេ(១៥៦៤-១៦៤២) អ្នកប្រឆាំងនឹងព្រះគម្ពីរ

«Magister – Dixit ពាក្យ​បុរាណាចារ្យ» នេះ​ជា​គ្រឿង​អារ​កាត់​ជម្រះ​ការ​សង្ស័យ និង​ជំនឿ​គ្រប់​យ៉ាង ទោះ​ជា​សម​ហេតុ​ផល​ក្ដី ពុំ​សម​ហេតុ​ផល​ក្ដី តែ​កាល​ណា​គ្រូ​ប្រាប់​ដោយ​ពោល​ពាក្យ​ឃ្លា​ខាង​លើ​នេះ ត្រូវ​ស្ដាប់ ជឿ​គោរព​តាម​ជា​ដាច់​ខាត និង​បំពារ​ដោយ​គ្រាន់​តែ​នៅ​តែ​សង្ស័យ ក៏​ពុំ​បាន​ដែរ ។ វិធី​សិក្សា​របស់​ជនជាតិ​អឺរ៉ុប​ក្នុង​សម័យ​៥០០​ឆ្នាំ​កន្លង​ផុត​មក​ហើយ​នោះ ចូល​ក្នុង​ន័យ​ខាងលើ​នេះ​ឯង ។

កាលិលេ កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​១៥៦៤ ឪពុក​ជា​គ្រូ​ភ្លេង​នៅ​ក្រុង​ពីស (Pise) ប្រទេស​អ៊ីតាលី ។

កាលិលេ កាល​នៅ​ជា​កុមារ ជា​មនុស្ស​ភ័យ​ក្លាច​ច្រើន មាន​ស្នូរ​ផ្គរ​លាន់ ផ្លេក​បន្ទោរ​ជាដើម ។ ដល់​ពេញ​វ័យ​បរិបូរណ៍​ឡើង ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ធ្វើ​ប្រយោជន៍​ដ៏​ធំ​ដល់​មនុស្ស​លោក គឺ​គ្រាន់​តែ​ឃើញ​ «ចង្កៀង​យោល​យោក» ជា​ហេតុ​ក៏​អាច​រក​វិធី​កំណត់​នូវ «ចន្ទ​គ្រាស សូរ្យ​គ្រាស» បាន ហើយ​ក្នុង​ការ​ទៅ​រស់​នៅ​ឯ​ក្រុង​វេនីស (Vénise) អាច​រក​ឃើញ​នូវ​កម្លាំង​ស្រូប​ទាញ​របស់​ផែនដី នាំ​ឲ្យ​អាច​ធ្វើ​គ្រឿង​វាស់​បាន បន្ទាប់​មក​ទៀត​អាច​ធ្វើ​គ្រឿង​ចក្រ​បូម​ទឹក​បាន ធ្វើ​គ្រឿង​វាស់​កម្ដៅ និង​ត្រជាក់​បាន (ឧណ្ហមាត្រ) ក្រោយ​មក​ទៀត ធ្វើ​ការ​សម្រេច​នូវ «កែវ​ទរទស្សន៍ (Téléscope)» ដែល​ក្លាយ​ទៅ​ជា​ឧបករណ៍​ខាង​តារាសាស្ត្រ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ មិន​តែ​ប៉ុណ្ណោះ ទ្រឹស្ដី​ផែនដី​វិល​ក៏​កើត​ឡើង​យ៉ាង​ជាក់​ប្រាកដ​ពី​ត្រឹម​នោះ​មក​ដែរ ជា​ហេតុ​អាច​ឲ្យ​គេ​សាង​ «នាឡិកា» ប្រើ​បាន​រហូត​ដល់​សម័យ​នេះ ។

 

មិន​មែន កាលិលេ អាច​ធ្វើ​នូវ​កិច្ចការ​ដ៏​មហា​ថ្លៃថ្លា​ទាំង​នោះ​បាន​ដោយ​គ្មាន​ឧបសគ្គ​នោះ​ ទេ គាត់​ធ្វើការ​ពិសោធន៍​បំពាន​បំពារ​លើ​ពាក្យ​បុរាណាចារ្យ ដែល​មាន​កំហុស​ស្មើ​នឹង​ការ​ប្រឆាំង​ចំពោះ​ព្រះជាម្ចាស់​ដែរ ។ គាត់​ក៏​ត្រូវ​ខ្ចាត់​ឃ្លាត​ចេញ​ពី​មាតុភូមិ ទៅ​រស់​នៅ​ឯ​វេនីស ទើប​ផុត​ពី​គ្រោះ​ថ្នាក់​បាន​មួយ​គ្រា ហើយ​អាច​ធ្វើ​ឲ្យ​សម្រេច​នូវ​កិច្ចការ​ដូច​មាន​ពី​ខាងលើ​ស្រាប់ ។ ព្រោះ​នៅ​វេនីស​នេះ គាត់​មាន​សេរីភាព​ពេញ​បរិបូរណ៍​លើ​ពាក្យ​បុរាណាចារ្យ ដែល​កាល​គាត់​រស់​នៅ​ឯ​ ពីស ជា​មាតុភូមិ​របស់​គាត់ តែង​តែ​បាន​ទទួល និង​ជា​ដំបង​ប្រហារ​គាត់ តែ​គាត់​ក៏​នៅ​តែ​រត់​ពុំ​ផុត​ពី​ការ​ស្រឡាញ់​មាតុភូមិ នាំ​ឲ្យ​គាត់​ត្រលប់​មក ​ពីស ​វិញ ។ មាតុភូមិ​ពុំ​ស្រឡាញ់​គាត់ ធ្វើ​ឲ្យ​គាត់​ត្រូវ​សាល​កាត់​ទោស​ពិសេស​របស់​អ្នក​បួស (តាម​លទ្ធិ​គ្រិស្ត) ដែល​ប្រវត្តិសាស្ត្រ​ហៅ​ថា «អាំគ្វីស៊ីស្យុង (Inquisition)» កោះ​ហៅ​យក​ទៅ​ហាម​ប្រាម គាត់​ក៏​ធ្វើ​ជា​យល់​ព្រម​តាម​វា សុខ​ចិត្ត​លះបង់​គំនិត​ថា ផែនដី​វិល​នោះ​ចោល ព្រោះ​ជា​ការ​ប្រឆាំង​នឹង​ព្រះជាម្ចាស់ ។ នេះ​ជា​លើក​ទី​១ នៅ​ឆ្នាំ​១៦១៦ ដែល​ត្រូវ​សាល​នោះ​កោះ​ឡើង តែ​ការ​យល់​ព្រម​នោះ គ្រាន់​តែ​ដើម្បី​រស់​នៅ​ធ្វើការ​ត​ទៅ​ទៀត​ប៉ុណ្ណោះ ព្រោះ​បើ​ពុំ​យល់​ព្រម​ថា​កែប្រែ​ទេ សាលអាំគ្វីស៊ីស្យុង នេះ​អាច​នឹង​កាត់​ទោស​ប្រហារ​ជីវិត​ក៏​បាន ។

«ដឹង​ការ​ពិត​ហើយ​លាក់​ទុក​ពុំ​បាន» ក្រោយ​មក​តម្រា​តារាសាស្ត្រ​ មួយ​បាន​ត្រូវ​ផ្សាយ​ចេញ ក៏​ទាក់​ទង​ពី​រឿង​ផែនដី​វិល​ទៀត ទោះបី​កំពុង​ឈឺ​ក៏​ដោយ ត្រូវ​តែ​ចូល​ទៅ​កាន់​សាល​ខាន​ពុំ​បាន នា​ក្រុង​រ៉ូម នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​១៦៣៣ កាលិលេ អាយុ​៦៩​ឆ្នាំ សាល​ជំនុំ​ជម្រះ​អស់​រយៈ​កាល​៦​ខែ គាត់​ត្រូវ​សន្យា​ជា​លាយលក្ខណ៍​អក្សរ​ប្រកាស​ថា លះបង់​ការ​យល់​ថា​ផែនដី​វិល​នោះ​ម្ដង​ទៀត ក្នុង​ព្រះបរម​នាម​ដ៏​ស័ក្តិសិទ្ធិ​នៃ​ព្រះ​យេស៊ូគ្រិស្ត ។ តែ​ការ​នៅ​តែ​ប្រព្រឹត្ត​ល្មើស​រហូត​ដល់​ទៅ​ពីរ​លើក​យ៉ាង​នេះ គាត់​ពុំ​អាច​នៅ​ជា​អ្នក​ជា​បាន​ឡើយ ត្រូវ​សាល​អ្នក​បួស​កាត់​ទោស ដាក់​គុក​ដោយ​ឥត​មាន​កំណត់ ។ មួយ​រំពេច​ប៉ុណ្ណោះ ត្រូវ​ជាប់​គុក​ក៏​ពិត តែ​គ្រាន់​តែ​គេ​សែង​ចេញ​ពី​ទី​ជំនុំ​ជម្រះ គាត់​ក៏​ខ្សឹប​ប្រាប់​គេ​ឯង​ថា «ការ​ពិត​ផែនដី​វិល» ។

នៅ​ក្នុង​គុក​៤​ឆ្នាំ គាត់​នៅ​តែ​មាន​ឱកាស​ផ្សាយ​ចេញ​ដោយ​លួច​លាក់​នូវ​ទ្រឹស្ដី​របស់​គាត់​ ជានិច្ច ។ ទីបំផុត​គាត់​ក៏​ខ្វាក់​ភ្នែក​ទាំង​សងខាង ទើប​បាន​ចេញ​ទៅ​រស់​នៅ​ក្រៅ​គុក​បាន​តែ​៥​ឆ្នាំ​ ទៀត​ប៉ុណ្ណោះ អាយុ​៧៨​ឆ្នាំ ក៏​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៦៤២ 

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង

កែសម្រួលដោយៈMr365

cambodiaGaliléekhmerkomnertកាលិលេវ កាលិលេ(១៥៦៤-១៦៤២)ខ្មែរប្រវត្តិ
Comments (0)
Add Comment