ណាប៉ូឡេអុង កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៧៦៩ ក្នុងត្រកូលជនជាតិអ៊ីតាលី ដ៏ក្រីក្រ មានកូនច្រើន ។ ការបានជាអធិរាជប្រទេសបារាំង នេះ អស្ចារ្យណាស់ ដោយបានទទួលការអនុគ្រោះពីចៅហ្វាយរដ្ឋដែលខ្លួនកើត។ អាយុ១១ឆ្នាំ បានចូលរៀនក្នុងសាលាយោធា ដល់អាយុ១៧ឆ្នាំ បានឋានន្តរសក្តិជា អនុសេនីត្រី នៅរវាងនេះឯងដែលណាប៉ូឡេអុង មានដំណើរជីវិតយ៉ាងលំបាកតោកយ៉ាកបំផុត ។ អាយុ២៥ឆ្នាំ បានជា អនុសេនីឯក ធ្វើការបានល្បីឈ្មោះជាដំបូងនៅក្រុង ទូឡុង តែក៏ឥតបានទទួលផលតបស្នងឲ្យបានស័ក្តិសមដែរ ។ គាត់ហៀបតែនឹងចេញទៅទទួលមុខងារឯប្រទេសទួរគី ទៅហើយ ។ តែចៃដន្យគាត់ត្រូវបានជ្រើសឲ្យជាអ្នកបង្ក្រាបប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏ធ្វើទៅបានសម្រេចយ៉ាងប្រសើរ ជាហេតុឲ្យគាត់បានទទួលឋានៈគ្រាន់បើឡើង ។ គាត់រៀបការនឹងស្ត្រីមេម៉ាយម្នាក់ឈ្មោះ ហ្សូសែហ្វីន ដែលជាអ្នកមានការស្និទ្ធស្នាលនឹងវីរជនជាច្រើន ជាហេតុឲ្យណាប៉ូឡេអុង បានឋានៈខ្ពង់ខ្ពស់ឡើងជាលំដាប់ ។ ក្រោយពីរៀបការហើយ គាត់ទៅធ្វើសង្គ្រាមនៅប្រទេសអ៊ីតាលី ធ្វើការបានជ័យជម្នះជានិច្ចមក អាយុ២៨ឆ្នាំបានជា ឧត្ដមសនី និង ទៅធ្វើសង្គ្រាមនៅប្រទេសអេហ្ស៊ីប បានជ័យជម្នះដ៏ធំ ជាហេតុឲ្យបានទទួលការគោរពរាប់អានពីប្រជាជនទូទៅក្នុងប្រទេសបារាំង ។
ក្នុងរយៈកាលធ្វើសង្គ្រាមនៅប្រទេសអេហ្ស៊ីប នេះ ណាប៉ូឡេអុង បានដឹងច្បាស់ថា រដ្ឋាភិបាលមានអំណាចទន់ខ្សោយ ហើយទើបគាត់ត្រលប់មកកាន់ក្រុងប៉ារីស ដោយសារជ័យជម្នះរបស់ខ្លួន ទើបប្រជាជនគោរពរាប់អានច្រើន រហូតដល់បានជាប្រមុខរដ្ឋាភិបាលថ្មី (ភាសាបារាំងនៅសម័យនោះហៅថា កុងស៊ុល “Consul”) សាងប្រយោជន៍សំខាន់ៗឲ្យដល់ជាតិបារាំងជាច្រើន ។ អាយុ៣៦ឆ្នាំ ក៏ប្រកាសតាំងខ្លួនជាអធិរាជនៃប្រទេសបារាំង ។ ពង្សាវតារណាប៉ូឡេអុង បន្តពីនេះទៅ ពេញពោរទៅដោយការបង្ហូរឈាម ។ ណាប៉ូឡេអុង បានជាឧទាហរណ៍មួយដ៏ខ្ពស់បំផុតរបស់មនុស្សដែលមានភាព រឹងប៉ឹងអត់ធន់ ។ កាលបើបានធ្វើគម្រោងការណ៍អ្វីមួយហើយ តែងតែយកជីវិតទៅប្ដូរដើម្បីសម្រេចឲ្យបាននូវគម្រោងការណ៍ នោះ ។ ការដែលគាត់អាចសាងខ្លួនឡើងទៅដល់ឋានៈខ្ពស់បំផុតដែលមនុស្សអាច នឹងឡើងទៅបានយ៉ាងនោះក៏ព្រោះលក្ខណៈដែលរឹងប៉ឹងជាប្រធាន ។ ណាប៉ូឡេអុងបានទទួលការសរសើរថា ជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក ។ តែក៏បានទទួលពាក្យរិះគន់ថា ជាអ្នកប្រាថ្នាធ្វើជាម្ចាស់លើអឺរ៉ុប លើកគ្នាចោមវាយណាប៉ូឡេអុង ។ ណាប៉ូឡេអុង បាក់ទ័ពជាដំបូងនៅប្រទេសរុស្សី ហើយតមក ក៏មានតែការទទួលបរាជ័យ ទាល់តែសត្រូវហៀបចូលដល់ក្រុងប៉ារីស តែដល់រៀបនឹងចូលដល់ក៏បានដឹងថា រដ្ឋសភា បានប្រកាសតាំងរដ្ឋាភិបាលថ្មីរួចទៅហើយ ទើបត្រលប់ទៅកាន់ហ្វុងតែនប្លូ ចម្ងាយពីប៉ារីស៥០គម ទ្រង់លាចាករាជសម្បត្តិ ។ ឯខាងក្រុងប៉ារីស ក៏តាំងស្ដេចល្វីស៍ទី១៨ ដែជាវង្សក្សត្រចាស់របស់ប្រទេសបារាំង ឡើងជាម្ចាស់ផែនដី ។
ណាប៉ូឡេអុង លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គនៅតែពុំទុកចិត្ត ទើបបង្គាប់ឲ្យរដ្ឋាភិបាលបារាំងយក ណាប៉ូឡេអុងទៅបំបរបង់នៅកោះ ទៀត ។ ណាប៉ូឡេអុង ប្រាថ្នានឹងផ្ដាច់បង់ជីវិតព្រះអង្គឯង តែមានគេឃាត់ទាន់ ក៏ត្រូវនាំទៅចោលឯកោះ អេសលប៍ នៅថ្ងៃ១២ ខែមេសា ឆ្នាំ១៨១៣ ។
សូម្បីនាំយកទៅចោលឯកោះហើយ ណាប៉ូឡេអុង ក៏ពុំអស់ពឹស ។ នៅទីនោះពុំដល់មួយឆ្នាំផង ក៏លបចុះទូកគេចវាងនាវាចំបាំងអង់គ្លេសដែលយាម ល្បាត មកកាន់ទីគោកបានទៀត ។ ល្វីស៍ទី១៨ ទ្រង់ជ្រាបក៏បញ្ជូនកងទ័ពទៅចាប់ ។ តែកាលកងទ័ពទៅជួបណាប៉ូឡេអុង ហើយពុំចាប់ទេ ត្រលប់ជាចុះចូលនឹង ណាប៉ូឡេអុង ទាំងអស់ទៅវិញ ។ ណាប៉ូឡេអុងទើបបានកម្លាំងទ័ពលើកចូលមកកាន់ក្រុងប៉ារីស ។ ព្រះបាទល្វីស៍ទី១៨ ក៏ស្ដេចទ្រង់ភៀសខ្លួនទៅកាន់ប្រទេសបែលហ្សិក ព្រោះទ្រង់ជ្រាបថា នឹងនៅតទល់ជាមួយ ណាប៉ូឡេអុង ពុំបានឡើយ ។ ការដែល ណាប៉ូឡេអុង ត្រលប់មកគ្រានេះ គ្រប់ប្រទេសក្នុងអឺរ៉ុបចាត់ទុកថា ជាការប្រកាសសង្គ្រាម ទើបនាំគ្នាចោមវាយ ណាប៉ូឡេអុង ។ ចំណែកណាប៉ូឡេអុង ក៏តស៊ូដោយយល់ថា ជាទីបំផុតនៃជីវិត ។ ទីបំផុតក៏ត្រូវទ័ពបច្ចាមិត្តចាប់កណ្ដាលសង្គ្រាម និងត្រូវបញ្ជូនទៅកាន់កោះ សាំងអេឡែន ។ នៅទីនោះបាន៦ឆ្នាំ ក៏អស់ព្រះជន្មក្នុងជន្មាយុ៥២ឆ្នាំ ។
សេចក្ដីបញ្ចប់ ណាប៉ូឡេអុង នៅរួមនឹង ហ្សូសែហ្វីន ពុំមានបុត្រ ក៏ទ្រង់លែងលះពី ហ្សូសែហ្វីន ហើយទ្រង់សម្របនឹងម្ចាស់ក្សត្រីជាតិអូទ្រីសទៅវិញ ។
ណាប៉ូឡេអុងប្រកាន់ព្រះអង្គថាជាស្ដេចចក្រពត្តិ ក៏គួរណាស់ព្រះអំណាចរាជបារមីរបស់ព្រះអង្គ ផ្សាយទៅសឹងគ្រប់ទៅទ្វីបអឺរ៉ុបទាំងមូល ហើយព្រះអង្គទ្រង់ទីនាំងសេះសជានិច្ច ត្រឹមត្រូវតាមក្បួនព្រាហ្មណ៍និយម ។
សូម្បីទ្រង់មានអំណាចវាសនាយ៉ាងណាក៏ដោយ ក៏មានរឿងគួរឲ្យប្លែក ដែលរំលងពោលពុំបាន គឺទ្រង់អភ័ព្វខាងក្នុងគ្រួសារ បងប្អូនពុំនៅក្រោមឱវាទ មហេសីពុំកោតក្រែង ផ្ទុយទៅវិញ ណាប៉ូឡេអុង ត្រូវខ្លាចក្រែងជនទាំងនោះទៅវិញ ។ ប្រែថា អំណាចរបស់ណាប៉ូឡេអុង ខាងកិច្ចការផែនដី និងខាងគ្រួសារ ខុសគ្នាមេឃ និងដី ។ មានរឿងដំណាលថា មហេសីទ្រង់ប្រោសចិញ្ចឹមឆ្កែ ព្រះអង្គពុំទ្រង់ប្រោស តែពុំអាចទ្រង់ពោលដូចម្ដេចបានឡើយ ។ ពេលមួយនោះឆ្កែបាត់ ទ្រង់សប្បាយព្រះទ័យថានឹងផុតទុក្ខ ហើយទ្រង់ហាមដាច់ខាត ពុំឲ្យអ្នកណានាំឆ្កែថ្មីមួយចូលវាំងទៀត ។ តែពុំបានប៉ុន្មានផង ស្រាប់តែមហេសីបានឆ្កែថ្មីមួយទៀត ជាការល្មើសនឹងព្រះរាជនិយម តែក៏មិនប្រាកដថាទ្រង់មានព្រះឱង្ការយ៉ាងណាឡើយ ។
លោក អាធូរ លេវីស៍ (Arthur Lévis) បាននិយាយឡកទុកក្នុងសៀវភៅរបស់គាត់ថា «ព្រះមហាចក្រពត្តិ ព្រះអង្គមានព្រះតេជានុភាពបង្ក្រាបអឺរ៉ុបអស់មួយទ្វីប តែក្នុងរាជវាំងព្រះអង្គនោះ សូម្បីតែទ្រង់ដេញឆ្កែតែមួយក្បាលចេញក៏ពុំបាន» ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង
កែសម្រួលដោយៈ Mr365