នីកូឡាយ សេមេណូហ្វ គឺជាអ្នកប្រាជ្ញសូវៀតដំបូងដែលទទួលបានពានរង្វាន់លេនីន ។ លោកបានបង្កើតឡើងនូវនិកាយថ្មីមួយនៃគីមីវិទ្យាគឺ និកាយរូបវិទ្យាគីមី ។ ទ្រឹស្ដីប្រតិកម្មជាខ្សែសង្វាក់របស់លោកបានកំណត់នូវរបត់មួយក្នុងប្រវត្តិសាស្ត្រគីមី និងឧស្សាហកម្មគីមី ។ បទដ្ឋានគីមីជាច្រើនដែលត្រូវបានប្រើប្រាស់ក្នុងខឿនផលិតកម្មទំនើបសុទ្ធតែផ្អែកលើមូលដ្ឋាននៃទ្រឹស្ដីបទនេះ ។ គេក៏អាចពោលបានថា ទ្រឹស្ដីប្រតិកម្មជាខ្សែសង្វាក់របស់លោកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការចាប់កំណើតនៃទ្រឹស្ដីប្រតិកម្មនុយក្លេអ៊ែរ ។
សេមេណូហ្វ ជាអ្នកដែលបានណែនាំ និងបណ្ដុះបណ្ដាលបណ្ឌិតសភាជិត ២០រូប សម្រាប់វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រសូវៀត ។
ការលោភលន់របស់កុមារមួយរូប
កាលរៀននៅថ្នាក់ទី៥ ពេលមួយនោះ លោកគ្រូបានហៅ សេមេណូហ្វ ឡើងក្ដារខៀន «ចូរប្អូនអធិប្បាយឡើងវិញអំពីបញ្ហាទាំងឡាយដែលប្អូនបានដឹងអំពីឧស្ម័នក្លរ» ។
សេមេណូហ្វ ញ័រខ្លួនទទ្រើកដូចកំពុងគ្រុនក្ដៅ ។ ក្នុងភាពរន្ធត់ចិត្តដ៏ខ្លាំងនេះ សេមេណូហ្វ បានអធិប្បាយអំពីលក្ខណៈពិសេសទាំងឡាយរបស់ឧស្ម័នក្លរយ៉ាងក្បោះក្បាយ ។ លោកគ្រូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
«សេមេណូហ្វ ! ប្អូនក្ដាប់បានចំណេះដឹងយ៉ាងរឹងប៉ឹង ចុះហេតុអ្វីបានជាប្អូនបាត់ភាពនឹងនរហូតដល់មុខស្លេកស្លាំងដូចឧស្ម័នក្លរឣ៊ីចឹង ?» ។
សេមេណូហ្វ ឱនក្បាល ហើយឆ្លើយ «ជម្រាបប្រសាសន៍លោកគ្រូ ព្រោះលោកគ្រូឲ្យប្អូននិយាយអំពីបញ្ហាដែលប្អូនបានដឹង តែប្អូនមានអារម្មណ៍ថា ប្អូនដឹងនៅតិចណាស់ !» ។
គីមីវិទូ… រហ័សរហួន
នាពេលមួយនោះ បន្ទាប់ពីម៉ោងរៀនគីមីនៅថ្នាក់ សេមេណូហ្វ បានអួតប្រាប់មិត្តភក្ដិថា «មិត្តទាំងអស់គ្នាជឿទេថា គ្នាចេះរបៀបច្នៃយកអំបិលហូប» ។ «តើធ្វើដូចម្ដេចទៅ ?» ។
«គ្នាដុតសូដ្យូមនៅក្នុងកែវបាឡុងមួយដែលមានផ្ទុកឧស្ម័នក្លរ ហើយលទ្ធផលទទួលបានគឺគ្រាប់ល្អិតៗពណ៌ជាច្រើន» ។ «ប៉ុន្តែធ្វើយ៉ាងណាទើបឯងដឹងច្បាស់ថា គ្រាប់ទាំងនោះជាអំបិល ?» ។
«ប្រាកដជាដឹង ព្រោះគ្នាសាកយកនំប៉័ងជ្រលក់ញ៉ាំ… ឃើញថាប្រៃ…» ។
ការពិតដោយពុំពេញចិត្តនឹងមេរៀននៅសាលា សេមេណូហ្វ បានរៀបចំដោយខ្លួនឯងនូវការពិសោធន៍តាមគ្រប់មធ្យោបាយដែលខ្លួនមាន ។ លទ្ធផលដំបូងនៃការធ្វើពិសោធន៍ថ្នាក់ទី៥ បាននាំឲ្យ សេមេណូហ្វ ជក់ចិត្តនឹងគីមីវិទ្យា ។
បាតុភូតថ្មរបើក
ក្រោយមក ពេលបានក្លាយជាអ្នកប្រាជ្ញ សេមេណូហ្វ នៅតែស្ដែងឡើងនូវអាកប្បកិរិយាការងារប្រកបដោយភាពរហ័សរហួន ។ លោកតែងតែផ្សារភ្ជាប់ជាមួយនឹងការជាក់ស្ដែង គួបផ្សំទ្រឹស្ដីនឹងការអនុវត្តជាក់ស្ដែងយ៉ាងសាមញ្ញ ដោយហេតុនេះហើយ ទើបគាត់អាចដោះស្រាយចំណោទដ៏លំបាកបានយ៉ាងឆាប់រហ័ស ។
មានពេលម្ដងនោះ រួមជាមួយនឹងអ្នកប្រាជ្ញ ខារីតុន សេមេណូហ្វ ពិនិត្យឃើញបាតុភូតមួយដែលពិបាកយល់ក្នុងកម្រិតសម្ពាធណាមួយនោះនៃជីវស្ថានដែលមានសុញ្ញាកាសដាច់ខាត ខ្វះអុកស៊ីសែន ស្រាប់តែចំហាយផូស្វ័របញ្ចេញពន្លឺ ។ វាពុំទាន់មានទ្រឹស្ដីណាដែលដោះស្រាយបានបាតុភូតចម្លែកនេះនៅឡើយ ។
សេមេណូហ្វ ធ្វើការពិចារណា ហើយថ្ងៃមួយគាត់បានពោលទៅ ខារីនតុន ថា «តើបងដែលឃើញបាតុភូតភ្នំស្រុតដែរឬទេ ?» ។ «ដែលឃើញ ចុះវាយ៉ាងម៉េច ?» ។
«យើងអាចប្រមើលឃើញថា ដំបូងមានថ្មមួយដុំតូចដាច់ចេញពីខ្នងភ្នំ ហើយរមៀលធ្លាក់ចុះតាមផ្លូវ វាប៉ះជាមួយនឹងដុំថ្មទីពីរ ហើយរមៀលបន្តទៀត… គិតដល់ពេលនោះគឺមានដុំថ្មីពីរមៀល ហើយទាញបន្ថែមថ្មពីរដុំផ្សេងទៀត គឺត្រូវជាបួន… រួចវាចេះតែបន្តដូច្នេះទៀត ដោយបង្កើតបាននូវជ្រោះថ្មរបើកគ្រាំងៗ… ខ្ញុំប្រមើលឃើញថា បាតុភូតបញ្ចេញពន្លឺនៃផូស្វ័រក៏កើតឡើងតាមរបៀបខ្សែដូច្នេះដែរ» ។
ផ្ដើមចេញពីបាតុភូតដ៏សាមញ្ញនេះ អ្នកប្រាជ្ញទាំងពីរបានបង្កើតឡើងទ្រឹស្ដីបទមួយ ។ ទ្រឹស្ដីបទ «ខ្សែសង្វាក់» របស់សេមេណូហ្វ បានបើកនូវយុគសម័យថ្មីមួយដល់គីមីវិទ្យា ។ ប្រតិកម្មគីមីដ៏សំខាន់ជាច្រើនដែលប្រើប្រាស់ក្នុងឧស្សាហកម្មបានស្ដែងចេញតាមរបៀបខ្សែសង្វាក់នេះ គិតតាំងពីការផ្ទុះ រហូតដល់ការឆេះនៃម៉ាស៊ីនចំហេះក្នុង តាំងពីការកែច្នៃប្រេងកាតឲ្យទៅជាប្រេងសាំង រហូតដល់ប៉ូលីម៊ែររបស់រូបធាតុប្លាស្ទិកជាដើម ។ ទ្រឹស្ដីបទខ្សែសង្វាក់ក៏បានបកស្រាយនូវតួនាទីអាថ៌កំបាំងរបស់រូបធាតុកាតាលីករផងដែរ ។
ប្រការសំខាន់បំផុត
គ្រាមួយនោះ សេមេណូហ្វ កំពុងអានរបាយការណ៍នៅក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃវិទ្យាស្ថានរូបវិទ្យា គីមីវិទ្យានៅទីក្រុងលេនីនក្រាត ស្រាប់តែមានមនុស្សម្នាក់សុំអនុញ្ញាតឡើងស្រាយបញ្ជាក់ថា លទ្ធផលនៃការធ្វើពិសោធន៍ទាំងឡាយរបស់សាស្ត្រាចារ្យបណ្ឌិតសភា សេមេណូហ្វ គឺខុស ។ អ្នកទាំងឡាយក៏កាន់តែភ្ញាក់ផ្អើលខ្លាំងឡើងនៅពេលដែលឃើញជននោះគឺ អ៊ីយ៉ាកូហ្វ ហ្សែនដូវិច មានអាយុទើបតែ ១៦ឆ្នាំ និងគ្រាន់តែជាអ្នកជំនួយការការធ្វើពិសោធន៍តែប៉ុណ្ណោះ ។ គេទាំងអស់គ្នាចង់ទាត់ចោលរឿងនោះ ។
ប៉ុន្តែ សេមេណូហ្វ ពោលយ៉ាងប៉ឺងម៉ាត់ថា «អ្នកវិទ្យាសាស្ត្រត្រូវចង់ចាំថា ឋានៈ អាយុ រួមទាំងគុណបំណាច់ក្នុងវិទ្យាសាស្ត្រ សុទ្ធតែពុំមានអត្ថន័យអ្វីទាំងអស់ក្នុងទំនាក់ទំនងវិទ្យាសាស្ត្រផ្ទាល់ ជាមួយនឹងសិស្សរបស់ខ្លួន ទោះបីសិស្សនោះមានអាយុប៉ុន្មានក៏ដោយ ។ ក្រោមពន្លឺនៃភ្លើងចន្លុះ សច្ចធម៌នោះគឺមានតែមូលដ្ឋានវិទ្យាសាស្ត្រប៉ុណ្ណោះតែសំខាន់» ។
បន្ទាប់មក លោកអញ្ជើញ ហ្សែនដូវិច ឡើងក្ដារខៀនស្រាយបញ្ជាក់យ៉ាងរីករាយ ។
ដំបូងឡើយ មនុស្សជាច្រើនពុំយកចិត្តទុកដាក់ដល់របៀបគិតគូររបស់កុមារជំទង់រូបនេះទេ ។ ក៏ប៉ុន្តែនៅពេលគេកាន់តែតាមដាន គេកាន់តែភ្ញាក់ផ្អើល «ក្មេងនេះធ្វើត្រូវទាំងអស់» ។
ចាប់តាំងពីពេលនោះមក ហ្សែនដូវិច បានក្លាយទៅជាសិស្ស និងជាមិត្តដោយមិនប្រកាន់អាយុរបស់ សេមេណូហ្វ ។
ចូរអានសៀវភៅ ហើយពិចារណា
បណ្ឌិត ផែកកូហ្វ និទានឡើងវិញអំពីលោកគ្រូសេមេណូហ្វដូចតទៅ ៖
ឆ្នាំ១៩៣០ ខ្ញុំកំពុងរៀនឆ្នាំទី៣ នៅមហាវិទ្យាល័យវ៉ូរ៉ូណែហ្សឺ ស្រាប់តែទទួលបានបញ្ជាត្រូវទៅធ្វើការ និងសិក្សានៅវិទ្យាស្ថានរូបវិទ្យាគីមីនៅលេនីនក្រាត ។
ពេលខ្ញុំកំពុងអង្គុយក្នុងបន្ទប់រង់ចាំរបស់វិទ្យាស្ថាន ស្រាប់តែមានមនុស្សម្នាក់ច្រានទ្វារចូលមក ហាក់ដូចជាខ្យល់កួច ។ ខ្ញុំបានដឹងថា គាត់គឺជានាយកវិទ្យាស្ថាន សេមេណូហ្វ ។
«អ្នកឯងមកពីវ៉ូរ៉ូណែហ្សឺមែនទេ ? (គាត់សួរ) តើអ្នកឯងចេះទ្រឹស្ដីបទស្ដីពីប្រតិកម្មខ្សែសង្វាក់ឬទេ ?» ។ «ជម្រាបប្រសាសន៍លោកសាស្ត្រាចារ្យ ខ្ញុំមិនចេះទេ» ។
«ដូច្នេះ តើវាវ៉ាគុម គឺជាអ្វី ឯងដឹងទេ ?» ។ «ជម្រាបប្រសាសន៍ ទេ» ។
«ឣ៊ឺ ! ដូច្នេះសុញ្ញាកាសដាច់ខាត តូរីសែនលី នោះ ឯងដឹងមែនទេ ?» ។ «បាទ រឿងនេះដឹង» ។
សេមេណូហ្វ ងក់ក្បាល ហូតយកឯកសារមួយសំណុំចេញពីកាតាប ហើយពោល «ដូច្នេះបានហើយ ឥឡូវឯងអានឲ្យអស់អត្ថបទកាសែតនេះ ហើយពិចារណាទៅ បន្ទាប់មកនឹងចាប់ផ្ដើមធ្វើការ» ។
នាពេលល្ងាចថ្ងៃដដែល សេមេណូហ្វ ហៅខ្ញុំទៅជួប រួចសួរ «យ៉ាងម៉េចដែរ មានឃើញបញ្ហាអ្វីថ្មីទេ ? តើឯងយល់យ៉ាងណាអំពីបញ្ហាទាំងនោះ ?» ។
ប៉ុន្តែថ្ងៃបន្ទាប់មក គាត់សួរផ្ទួនៗ ពេលយប់ខ្លះគាត់ដាស់ខ្ញុំ ហើយបង្ខំខ្ញុំឲ្យធ្វើពីបញ្ហាដែលខ្ញុំបានពិចារណាក្រោយពីអានសំណុំឯកសារ ដែលមួយថ្ងៃៗ គាត់ឲ្យកាន់តែច្រើនឡើងៗ ។
ក្រោយមក ទើបខ្ញុំដឹងថា ចំពោះសិស្សណាក៏ដោយ សេមេណូហ្វ តែតែទាមទារត្រូវតែរៀនសូត្រ និងពិចារណាអំពីបញ្ហាដែលបានរៀនយ៉ាងដូច្នេះឯង ។ ហើយបើនៅក្រោយពេលគាត់សួរជាច្រើនផង តែចម្លើយពុំមានអ្វីដែលថ្មីនោះ សេមេណូហ្វ នឹងមិនយកចិត្តទុកដាក់ទៀតទេ ។ ជួនកាល ពេលជួបមុខ គាត់មិនទាំងសួរនាំផង ។
លោកតាភ្លើង
ទ្រឹស្ដីបទស្ដីអំពីប្រតិកម្មខ្សែសង្វាក់របស់ សេមេណូហ្វ ត្រូវបានលោកកសាងឡើងលើមូលដ្ឋាននៃការសិក្សាអំពីអណ្ដាតភ្លើងត្រជាក់របស់ផូស្វ័រ ។ លោកក៏ជាអ្នកកសាងខឿនវិទ្យាសាស្ត្រទំនើបស្ដីអំពីអណ្ដាតភ្លើងធម្មតាដែរ ។
គ្រាមួយនោះ លោកបានលើកសំណួរមួយឡើងថា «តើត្រូវដែរឬទេដែលថាលោកតាភ្លើងបាននាំមកឲ្យយើងនូវអ្វីៗទាំងអស់ដែលអាចមាន ហើយតើត្រូវដែរឬទេដែលមនុស្សយើងត្រូវគិតផ្ទុះក្បាលក៏នៅតែពុំអាចរកឃើញអស់នូវអាថ៌កំបាំងរបស់ភ្លើង ?» ។
ឮសូរថាអាស្រ័យដោយសម្ដីនេះ ទើបគេរាល់គ្នាបានប្រសិទ្ធនាមជូន សេមេណូហ្វ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំរបស់លោកនូវរហស្សនាមថា «លោកតាភ្លើង» ។ ប៉ុន្តែក៏មានអ្នកខ្លះអះអាងថា រហស្សនាមនេះត្រូវបានប្រសិទ្ធនាមដល់អណ្ដាតភ្លើងនៃស្មារតីវិទ្យាសាស្ត្រដ៏កក់ក្ដៅរបស់សេមេណូហ្វ ។
កិត្តិយសរបស់អ្នកវិទ្យាសាស្ត្រ
អ្នកវិទ្យាសាស្ត្រទាំងឡាយលើសកលលោកបានវាយតម្លៃយ៉ាងខ្ពស់នូវស្នាដៃវិទ្យាសាស្ត្រទាំងឡាយរបស់លោកសេមេណូហ្វ ។ លោកគឺជាអ្នកប្រាជ្ញទីបីរបស់សូវៀតដែលបានទទួលពានរង្វាន់ណូបែល ។ លោកសាស្ត្រាចារ្យ ស្រីវ៉ាស្ដាវ៉ា នៃមហាវិទ្យាល័យអាហ្គ្រាដ៏ល្បីល្បាញរបស់ឥណ្ឌា បានសរសេរលិខិតជូនព័ត៌មានដល់ សេមេណូហ្វ ថា សាលារបស់លោកមានកិត្តិយសដែលបានតាំងរូបរបស់អ្នកប្រាជ្ញសូវៀត ។ សាស្ត្រាចារ្យ កឺវ៉ាន់ នៃមហាវិទ្យាល័យតូក្យូ (ជប៉ុន) ក៏បានចាត់ទុកជាកិត្តិយសដែរដោយបានចូលរួមបកប្រែស្នាដៃនិពន្ធរបស់ សេមេណូហ្វ ។ គីមីវិទូជាតិអង់គ្លេស ដេ តុន ក៏បានទទួលស្គាល់ថា ខ្លួនគឺជាសិស្សរៀនរបៀបសរសេរឆ្លើយឆ្លងរបស់ សេមេណូហ្វ ហើយក៏បានជូនដំណឹងថា ខ្លួនកំពុងខិតខំសរសេរសៀវភៅមួយស្ដីពីប្រតិកម្មជាខ្សែសង្វាក់ ដើម្បីសម្ដែងទឹកចិត្តគោរព និងដឹងគុណចំពោះលោកគ្រូ ។
ប៉ុន្តែសេមេណូហ្វគ្រាន់តែទទួលថា «ខ្ញុំគ្រាន់តែមានកិត្តិយសដោយបានបើកភ្នែកសម្លឹងចំបញ្ហា ។ រីឯដំណោះស្រាយបញ្ហានោះ វានឹងមកដល់ដោយឯកឯងដូចជាដើមឈើដែលចាំបាច់ត្រូវកកើតឡើងពីគ្រាប់ពូជល្អដូច្នោះដែរ» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365