ហេនរី ថូមាស (Henre Thomas) ដាណាលី ថូមាស (Danaly Thomas) អ្នកនិពន្ធអាមេរិកបានសរសេរសៀវភៅឆ្នើមមនុស្ស (Famous Men) ថា «មានមនុស្សតិចណាស់ក្នុងប្រវត្តិសាស្ត្របានទទួលការស្រលាញ់ពីជនទាំងឡាយដូចលេនីន» ។ តែ លេនីន បានទទួលការស្រលាញ់គោរពពីជនទាំងឡាយយ៉ាងជ្រាលជ្រៅ ព្រោះបានចំណាយសតិប្រាជ្ញាទាំងអស់ដើម្បីបម្រើចំពោះជនជាតិរបស់គាត់ ។ គាត់មានសមត្ថភាពក្នុងការបង្ហាញការគិតដែលយល់លំបាកបំផុតដោយពាក្យងាយយល់បំផុត និយាយទៅបានតាមគិត និងនិយាយគ្រប់យ៉ាងដោយសេចក្ដីស្មោះត្រង់ ប្រាសចាកការលាក់កំណួច ។ បើគាត់ធ្វើអ្វីខុស គាត់នឹងជាមនុស្សមុនបំផុតដែលសម្ដែងកំហុសរបស់គាត់ចេញមកខ្លួនឯង ។ អស់មួយជីវិតរបស់គាត់ លេនីន មានគោលបំណងតែម្យ៉ាង គឺចាត់របៀបសង្គមថ្មី មិនឲ្យមានការជិះជាន់ មិនឲ្យមានការធ្វើស្រែលើខ្នងមនុស្ស មិនឲ្យមានភាពគ្មានការងារធ្វើ មិនឲ្យមានការប្រើកលល្បិចឡប់ឡិនក្នុងការរដ្ឋរវាងប្រទេស និងមិនឲ្យមានសង្គ្រាម ដោយគោលបំណងដូចពោលមកនេះ លេនីន បានលះបង់សេចក្ដីសុខ សេចក្ដីប្រាថ្នាផ្ទាល់ខ្លួន និងមហិច្ឆតាគ្រប់យ៉ាង ។
លេនីន កើតក្រោយ ស៊ុន យ៉ាតសេន បិតាជាតិនិយមចិនចំនួន៤ឆ្នាំ គឺក្នុងគ.ស១៨៧០ គ្រួសារធុនកណ្ដាល ឪពុកជាអធិការប្រចាំខេត្ត ម្ដាយជាបុត្រីពេទ្យ ។ លេនីន កើតឡើងក្នុងក្រុងប្រជុំអ្នកចេះដឹងគឺក្រុង សាំប៊ើក (Simbirsk) ក្នុងសម័យកាប់សម្លាប់ជិះជាន់លួចប្លន់ដ៏ប្លែកៗ និងតែមួយសម័យប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ។
លេនីន មានគំនិតបដិវត្តន៍ ផ្ទុយពីបុព្វការីជនរបស់គាត់ដែលមានប្រាថ្នាចង់ឲ្យគាត់មានមុខតំណែងក្នុងកិច្ចការរាជការ ។ គាត់អាយុ១៦ឆ្នាំ សិក្សានៅថ្នាក់មធ្យមសិក្សាភាគទី២ សល់តែមួយឆ្នាំប៉ុណ្ណោះនឹងចូលក្នុងមហាវិទ្យាល័យ ក៏កើតរឿងគួរឲ្យតក់ស្លុត គឺពួកនិស្សិតមួយក្រុមត្រូវចាប់ពីបទប្រាថ្នាធ្វើឃាតព្រះមហាចក្រពត្តិ ហើយត្រូវកាត់ទោសប្រហារជីវិត ។ បងប្រុសរបស់គាត់ម្នាក់ ក៏ចូលក្នុងចំណោមអ្នកទោសឧក្រិដ្ឋនោះដែរ ។ មួយឆ្នាំក្រោយមក គាត់ក៏ចូលរៀនក្នុងមហាវិទ្យាល័យ ដោយឋានៈខ្លួនជាប្អូននៃជនទោសឧក្រិដ្ឋដូច្នោះ បញ្ជាដ៏តឹងរ៉ឹងពីរាជការដល់មហាវិទ្យាល័យឲ្យពិនិត្យតាមដានមធ្យ័ត ។ ហើយក្នុងមហាវិទ្យាល័យក៏ពុំពេញចិត្តនឹងទទួលឲ្យចូលរៀនបណ្ដោយទៅទៀត ។ លេនីន រៀនពុំបានប៉ុន្មានខែផង ក៏ត្រូវលុបឈ្មោះចោលឲ្យឈប់រៀន ដោយបទថាបានផ្សាយឥទ្ធិពលអាក្រក់ដល់មិត្តនិស្សិតដូចគ្នា ។
លេនីន បានរៀននឹងគ្រូផ្ទាល់នៅផ្ទះអស់មួយរយៈ ក៏ប្រលងចូលរៀនច្បាប់នៅសាលាច្បាប់ក្រុង ប៉េទ័រសប៊ួរក៍ (Pétersbourg) រៀនបានប្រលងជាប់ជានីតិបណ្ឌិត ។ អាយុ២៤ឆ្នាំ ចេញធ្វើជាមេធាវី ធ្វើបាន៣ឆ្នាំ ក៏ត្រូវចាប់នីរទេសទៅ ស៊ីបេរី (Sibérie) ដោយបទបង្កអសន្តិសុខផ្ទៃក្នុង ។
ក្នុងរយៈកាលត្រូវនីរទេសនេះឯង ជាឱកាសឲ្យគាត់រៀបចំផែនការណ៍ និងទ្រឹស្ដីបដិវត្តន៍ដ៏សំខាន់ៗ ដោយបានជំនួយពីស្ដ្រីម្នាក់ឈ្មោះ ស្គ្រុបស្កាយ៉ា (Skrup Skaya) ដែលជាមិត្តសមានាចារ្យ ហើយត្រូវនីរទេសដូចគ្នា (ក្រោយមកគឺជាភរិយារបស់គាត់) ។ លុះអាយុ៣០ឆ្នាំ (១៩០០) គាត់បានត្រូវរួចទោស ហើយធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ចាប់បង្កើតសារព័ត៌មានមួយឈ្មោះ អ៊ីសក្រា (Iskra សែងអគ្គី) អត្ថបទពេញទៅដោយការដាស់ឲ្យធ្វើបដិវត្ត ។ រដ្ឋាភិបាលអាល្លឺម៉ង់ ពុំពេញចិត្តក៏ដេញចេញពីប្រទេស ។ តមកគាត់ក៏ក្លាយទៅជាអ្នកពនេចរទៅគ្រប់ច្រកល្ហក តែក៏ជាផលនាំឲ្យគាត់បានមិត្តរួមឧត្ដមគតិកើនឡើងដែរ ។
សង្គ្រាមជប៉ុន‑រុស្ស៊ី (១៩០៤) កើតឡើង គាត់ក៏បានចុះដៃធ្វើការបដិវត្តជាលើកទី១ ។ តែអង្គការបដិវត្តន៍ត្រូវបរាជ័យ គាត់ក៏នៅជាអ្នកពេនចរតទៅទៀត ។
សង្គ្រាមលោក ឆ្នាំ១៩១៤ អង្គការបដិវត្តន៍ក៏បានទទួលជោគជ័យក្នុងឱកាសនោះ ។ បន្ទាប់ពីនោះមក ឆាកជីវិតរបស់គាត់ ក៏ចូលដល់ការសាងឲ្យសម្រេចនូវគោលបំណងសន្តិភាពរបស់គាត់ ដូចពោលសង្ខេបពីខាងមុខស្រាប់ ។ គូប្រជែងទន្ទឹមស្មាគ្នាដែលមានការយល់ផ្ទុយរបស់គាត់ក៏បានទទួលបរាជ័យយ៉ាងសន្សឹមៗ ។ ការសម្រេចនូវគោលបំណងសន្តិភាពរបស់គាត់ក៏មានរស្មីរុងរឿងសាងខ្លយនរបស់គាត់ឲ្យក្លាយទៅជាអាទិទេពតាមទស្សនៈរបស់លោក វ៉លថឺរ ឌូរេន្ធី (Walter Duranty) និង ម៉ូអ៊ីស (Moïse) តាមទស្សនៈរបស់លោក ប៊ែរណារ៍ដ ប៉ារេស (Bernard Pares) ។ លេនីន បានសាងខ្លួនទៅជាអ្នកជប់សាធារណរដ្ឋសង្គមនិយមសូវៀតថ្មីមួយ ។
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ លេនីន បានសាងខ្លួនឡើងដល់ថ្នាក់ខ្ពស់បំផុតគឺជាប្រមុខរដ្ឋសូវៀត ។ អាយុ៥៤ឆ្នាំ ថ្ងៃទី២១ ខែមករា ឆ្នាំ១៩២៤ លេនីន បានលាចាកលោកនេះទៅ បន្សល់ទុកនូវសំណាងដ៏មហិមាដល់ជនជាតិសូវៀត ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង
កែសម្រួលដោយៈMr365