ជីវិត និង​ស្នាដៃ​របស់ ប្លេស ប៉ាស្កាល់ 1623-1662

ប្លេស ប៉ាស្កាល់ ជា​អ្នក​ប្រាជ្ញ​លើ​ច្រើន​វិស័យ និង​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​វិទ្យាសាស្ត្រ ។ លោក​ចាប់​បដិសន្ធិ​ក្នុង​ត្រកូល​បញ្ញវន្ត ។ បរិយាកាស​វិទ្យាសាស្ត្រ​បាន​ជំរុញ​ដល់​ការ​ពង្រីក​នូវ​ទេពកោសល្យ​របស់​លោក​តាំង​ពី​នៅ​វ័យ​កុមារ​ម៉្លេះ ។ អាយុ​បាន​១០​ឆ្នាំ កុមារ​ប៉ាស្កាល់​ ចេះ​ធ្វើ​ការ​កត់​សម្គាល់​ពី​ការ​រាល​ឆ្លង​សូរសព្ទ ហើយ​បាន​សរសេរ​និក្ខេបបទ​ខ្លី​អំពី​ក្រឹត្យក្រម​រាល​ឆ្លង​សូរសព្ទ​ទៀត​ផង ។ វ័យ​បាន​២០​ឆ្នាំ ប៉ាស្កាល់ ​ចាប់​ផ្ដើម​បង្កើត​ស្នាដៃ​ថ្មី​យ៉ាង​ឆ្នើម​លើ​គណិតសាស្ត្រ និង​រូបវិទ្យា ។

លោក​ជា​អ្នក​បង្កើត​ចេញ​នូវ​វិធី​ផ្ទៃ​មុខ​រាប​កូនីក ច្បាប់​ទឹក​នឹង​ថ្កល់ និង​ការ​សន្និដ្ឋាន​ពី​ការ​ស្ថិតស្ថេរ​នៃ​សម្ពាធ​បរិយាកាស ។ លោក​ក៏​ជា​បិតា​បង្កើត​បណ្ដា​ម៉ាស៊ីន​គិត​លេខ ហើយ​បាន​ច្នៃ​ប្រឌិត​បង្កើត​ម៉ាស៊ីន​គិត​លេខ​ចំនួន​៥០ ដែល​មាន​ម៉ូត​ខុស​ប្លែកៗ​ពី​គ្នា ។ មិន​តែ​ប៉ុណ្ណោះ ប៉ាស្កាល់​ ក៏​ជា​ទស្សនវិទូ​មួយ​រូប​ដែល​មាន​ទស្សនៈ​នយោបាយ និង​សង្គម​ជឿន​លឿន ។ វណ្ណកម្ម «លិខិត​ផ្ញើ​ចំពោះ​មិត្ត» របស់​លោក​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​វណ្ណកម្ម​សិល្បៈ​អក្សរ​សិល្ប៍​ដ៏​ឆ្នើម​របស់​បារាំង ។

រូប​កង់​រថយន្ត និង​រូប​ជ្រុង​ទ្រវែង

នៅ​រាល់​ពេល​ល្ងាច​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​អ្នក​គណិតសាស្ត្រ អេជៀង ប៉ាស្កាល់ (ឪពុក​របស់ ប្លេស ប៉ាស្កាល់) ច្រើន​តែ​មាន​ឥស្សរជន​ដ៏​ល្បីៗ​ឈ្មោះ​នៅ​ទីក្រុង​ប៉ារីស​មក​លេង​កុះករ ។ គេ​បាន​ពិភាក្សា​គ្នា​លើ​ច្រើន​បញ្ហា ។ ក្នុង​នោះ​មាន​ទាំង​បញ្ហា​គណិត​សាស្ត្រ​ទៀត​ផង ។ កាល​ណោះ កុមារ​ប្លេស ប៉ាស្កាល់ ​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​ប៉ុណ្ណោះ ម្ដង​នោះ​គេ​បាន​លួច​បើក​ទ្វារ​ចូល​ដោយ​បើក​ភ្នែក​ធំៗ​ថ្លា​យង់​សម្លឹង​ទៅ​មុខ​ដ៏​ក្រហម​របស់​លោក​ឪពុក​ដែល​កំពុង​ជជែក និង​ប្រកែក​គ្នា​… ។

ថ្ងៃ​មួយ ប៉ាស្កាល់ ​បាន​សួរ​ឪពុក​ថា «ពុក​អ្ហ៎ា ! តើ​ធរណីមាត្រ​សាស្ត្រ​ដែល​អ៊ំៗ​គាត់​បាន​ប្រកែក​ជជែក​គ្នា​នោះ​គឺ​ជា​អ្វី​ទៅ​ពុក ?» ។ ថ្វី​បើ​ខ្លួន​ជា​អ្នក​គណិតសាស្ត្រ​ពិត​មែន ប៉ុន្តែ​ឪពុក​ប៉ាស្កាល់​ មិន​ដែល​នឹក​ឃើញ​ដល់​រឿង​ត្រូវ​បង្រៀន​កូន​របស់​ខ្លួន​នូវ​ចំណេះ​ដឹង​ពី​គណិតសាស្ត្រ​ឡើយ ពីព្រោះ​លោក​យល់​ឃើញ​ថា កូន​របស់​លោក​នៅ​តូច​ពេក ។ ហេតុ​នោះ លោក​គ្រាន់​តែ​ឆ្លើយ​ឲ្យ​រួច​ពី​មាត់​តែ​ប៉ុណ្ណោះ «អូ៎ ! នោះ​គឺ​ជា​វិធី​គូរ​បណ្ដា​រូប​ជ្រុង រូប​មូល ហើយ​រក​ទំនាក់​ទំនង​រវាង​រូប​ទាំង​នោះ​ទៅ​វិញ​ទៅ​មក​…» ។

មិន​យូរ​ប៉ុន្មាន​ស្រាប់​តែ​ឪពុក​ប៉ាស្កាល់ ​ប្រទះ​ឃើញ​កូន​របស់​ខ្លួន​កំពុង​ប្រឹង​គូរ​បណ្ដា​រូប​ចម្លែកៗ​លើ​ឥដ្ឋ ។

«កូន​ឯង​ធ្វើ​អី​ហ្នឹង ?» កុមារ​ប៉ាស្កាល់ ​អេះអុញ មុខ​ឡើង​ក្រហម «កូន​… កូន​កំពុង​រក​ទំនាក់​ទំនង​រវាង​កង់ឡាន ជាមួយ​រូប​ជ្រុង​ទ្រវែង» ។ រូប​កង់​ឡាន​ដែល​កុមារ​ប៉ាស្កាល់​ហៅ​នោះ​គឺ​ជា​រង្វង់​មូល ចំណែក​រូប​ជ្រុង​ទ្រវែង​គឺ​រូប​ចតុកោណ​កែង ។ ឪពុក​ប៉ាស្កាល់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​កូន​របស់​លោក​ដែល​មិន​ទាន់​បាន​រៀន​គណិត​សាស្ត្រ​មួយ​ថ្ងៃ​ណា​សោះ បែរ​ជា​អាច​សន្និដ្ឋាន​បាន​នូវ​ទ្រឹស្ដី​បទ​មួយ​ចំនួន​ទៀត ។

អំណោយ​ជូន​ចំពោះ​លោក​ឪពុក

កាល​លោក​ស្ថិត​នៅ​ក្នុង​វ័យ​ជា​និស្សិត នា​ពេល​អធ្រាត្រ​មួយ​នោះ ពេល​ឃើញ​ឪពុក​របស់​ខ្លួន​កំពុង​អង្គុយ​ប្រឹង​ធ្វើការ​នៅ​លើ​តុ​មួយ ប៉ាស្កាល់​ ក៏​លួច​ដើរ​ស្រាល​ជើង​ថ្នមៗ​មក​ជិត​ឪពុក តែ​ឪពុក​នៅ​តែ​ជក់​អារម្មណ៍ ភ្លេច​ខ្លួន​នឹង​តួ​លេខ​ដ៏​ច្រើន ។ លោក​កំពុង​ពិនិត្យ​បញ្ជី​របស់​មន្ទីរ​ហិរញ្ញវត្ថុ​ដែល​លោក​ទើប​នឹង​បាន​ទទួល​តំណែង និង​ទទួល​បន្ទុក ។

«ខ្សែ​តួលេខ​បូក​ដ៏​វែង​រាប់​ពាន់​លេខ​… !» ប៉ាស្កាល់ ​លួច​នឹង​ក្នុង​ចិត្ត កិច្ចការ​ដ៏​គួរ​ឲ្យ​ធុញទ្រាន់ តែ​មិន​អាច​គេច​ផុត ។ ក៏​ប៉ុន្តែ​… ក្នុង​ខួរ​ក្បាល​របស់​អ្នក​គណិត​សាស្ត្រ​វ័យ​ក្មេង​នេះ បាន​លេច​ឡើង​នូវ​ពន្លឺ​មួយ ! ប៉ាស្កាល់​ នឹក​ក្នុង​ចិត្ត​រួច​វិល​ទៅ​កាន់​បន្ទប់​របស់​ខ្លួន គូស​វាស​នូវ​ប្លង់​មួយ​នៅ​លើ​ក្រដាស​… ១០​ថ្ងៃ​ក្រោយ​មក លោកតា​ប៉ាស្កាល់​ ជា​ឪពុក​ស្រឡាំង​កាំង​ក្រៃលែង ដោយ​ឃើញ​កូន​របស់​ខ្លួន​ឱប​វត្ថុ​ចម្លែក​មួយ​មក​ដាក់​លើ​តុ​របស់​គាត់ ។

«កូន​សង្ឃឹម​ថា អំណោយ​ដ៏​តូច​ស្ដួច​ស្ដើង​នេះ អាច​នឹង​ជួយ​សម្រាល​ដល់​ការ​ឈឺ​ក្បាល​របស់​ពុក ដោយសារ​តួលេខ​ទាំង​ឡាយ» ។ ការ​ពិត​នោះ​គឺ​ជា​ម៉ាស៊ីន​បូក​សង ដែល ​ប៉ាស្កាល់​ បាន​យក​អស់​កម្លាំង​កាយ​ចិត្ត​បញ្ញា​របស់​ខ្លួន​បូជា​ចំពោះ​ឪពុក​ក្នុង​ការ​រុក​រក​បង្កើត​វា ។ នោះ​ក៏​ជា​ម៉ាស៊ីន​គិត​លេខ​ដំបូង​បង្អស់​លើ​សកលលោក ជា​មាតា​បិតា​បុព្វ​សម័យ​នៃ​បណ្ដា​ម៉ាស៊ីន​កុំព្យូទ័រ​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន ។

ដើម​ប្របុស​ចេះ​ពិចារណា

ប៉ាស្កាល់​ ពុំ​ត្រឹមតែ​ជា​អ្នក​ប្រាជ្ញ​ដ៏​មហិមា​ប៉ុណ្ណោះ​ទេ តែ​នៅ​ជា​ទស្សនវិទូ​មួយ​រូប​ដែល​តែង​ធ្វើ​ការ​តស៊ូ​ប្រឆាំង​រាល់​ជំនឿ​ឈ្លក់​វង្វេង​នឹង​សាសនា​ទៀត​ផង ។

ថ្ងៃ​មួយ​មិត្ត​ម្នាក់​បាន​រម្លឹក​ដល់​លោក​ថា «មនុស្ស​យើង​ប្រៀប​បាន​នឹង​ដើម​ប្របុស​ដ៏​ទន់​ខ្សោយ​ចំពោះ​ធម្មជាតិ​ដ៏​ខ្លាំងក្លា និង​ធំធេង ។ ដូច្នេះ​ធ្វើ​ម្ដេច បង​ឯង​អាច​នឹង​ទ្រាំទ្រ​រួច​នឹង​កម្លាំង​ព្យុះ​ព្យោមា​នោះ ?» ។ ប៉ាស្កាល់​តប​វិញ​ថា «ពិត​ណាស់ ! មនុស្ស​គ្រាន់​តែ​ជា​ដើម​ប្របុស​ដ៏​ទន់​ខ្សោយ តែ​ជា​ដើម​ប្របុស​ដែល​ចេះ​ពិចារណា ។ ហេតុ​នេះ វា​មិន​សុខ​ចិត្ត​ទុក​ឲ្យ​ព្យុះ​ព្យោមា​បោក​បក់​រំលំ​រំលើង​ឡើយ​… »។

ពន្លឺ​នៃ​វិទ្យាសាស្ត្រ

មាន​ម្ដង​នោះ ក្នុង​ពិធី​ជប់លៀង​មួយ​ដោយ​ចៃដន្យ ប៉ាស្កាល់ ​អង្គុយ​នៅ​ក្បែរ​សង្ឃរាជ​ស្រុក ។ ពេល​ដែល​សង្ឃរាជ​ស្រុក​ជក់​បារី​ តាម​ច្បាប់​សុជីវធម៌ អ្នក​វិទ្យាសាស្ត្រ​បង្ខំ​ចិត្ត​ត្រូវ​គូស​ឈើ​គូស​ដើម្បី​ឲ្យ​សង្ឃរាជ​អុជ​បារី ។ ជា​ភ័ព្វ​អាក្រក់ ឈើ​គូស​គ្រាន់​តែ​ខ្ទាត​ភ្លើង ហើយ​រលត់​ភ្លាម ។

សង្ឃរាជ​ស្រុក​ញញឹម​ ហើយ​និយាយ​លេង​ថា «លោក​ឃើញ​ទេ ពន្លឺ​វិទ្យាសាស្ត្រ​ដែល​ទើប​នឹង​បង្កាត់​ភ្លើង ត្រូវ​រលត់​បាត់​ទៅ​វិញ​ហើយ» ។

គំនិត​របស់​សង្ឃរាជ​ស្រុក​ចង់​និយាយ​ដល់​ការ​ប្រកែក​ជជែក​គ្នា​ដែល​ទើប​នឹង​ផ្ទុះ​ឡើង​រវាង​អ្នក​វិទ្យាសាស្ត្រ​ជាមួយ​បណ្ដា​អ្នក​នៅ​ក្នុង​សមាគម​សាសនា ។ ប៉ាស្កាល់​ ក៏​សើច ហើយ​ឆ្លើយ​តប​វិញ​ថា «ជម្រាប​លោក​ម្ចាស់ នៅ​ក្នុង​ដៃ​លោក​ម្ចាស់ ទុក​ជា​ពន្លឺ​ភ្លើង​អ្វី​ក៏​គង់​តែ​ត្រូវ​រលត់​ដែរ» ។ អាកប្បកិរិយា និង​សតិអារម្មណ៍​ជឿន​លឿន​របស់​ ប៉ាស្កាល់​ មិន​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​កាន់​សាសនា​មាន​ការ​ពេញ​ចិត្ត​ឡើយ ។

នៅ​អាយុ​៣២​ឆ្នាំ គ្រោះ​ថ្នាក់​មួយ​នៅ​លើ​ដង​ទន្លេ​សែន បម្រុង​នឹង​ផ្ដាច់​ជីវិត​អ្នក​វិទ្យាសាស្ត្រ​ដ៏​ក្មេង​វ័យ​រូប​នេះ ។ ឆ្លៀត​ឱកាស​ល្អ​នេះ បណ្ដា​សង្ឃ​កាតូលិក​នាំ​គ្នា​បំប្លោង​ថា ព្រះ​យេស៊ូ​ បាន​ដាក់​ទណ្ឌកម្ម​ដល់​ជន​ដែល​មើល​ងាយ​ដល់​ព្រះ​ជា​ម្ចាស់​ហើយ ។ ប៉ុន្តែ​ទុក​ជា​មាន​ការ​ប្រឆាំង​ពី​វិហារ​កាតូលិក​យ៉ាង​ណា​ក្ដី ក៏​បណ្ដា​វណ្ណកម្ម​វិទ្យាសាស្ត្រ​របស់ ​ប៉ាស្កាល់​ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ហើយ​នៅ​ទី​បញ្ចប់ វិទ្យាសាស្ត្រ​នៅ​តែ​ទទួល​ជ័យជម្នះ​លើ​ជំនឿ​ស៊ប់​វង្វេង​នឹង​សាសនា​ជានិច្ច ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

cambodiakhmerkomnertប្រវត្តិប្លេស ប៉ាស្កាល់អ្នកវិទ្យាសាស្រ្ដ
Comments (0)
Add Comment