រីហ្សឺលីយ៉ឺ ជាអ្នកបួសគ្រិស្ត កិច្ចការដែលគាត់ធ្វើទាំងអស់ សម្រេចដោយការគិតច្រើនជាងការប្រើអាវុធ ។
កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៥៨៥ ជាជនជាតិបារាំង ឪពុកជានាយទាហាន មាតាជាបុត្រីមេធាវី ។ កាលនៅជាកុមារ ជាមនុស្សសម្បុករោគ ហៀបតែនឹងស្លាប់ពីតូចទៅហើយ ដល់ធំឡើង ដំបូងចូលរៀនវិជ្ជាទាហាន ក្រោយមកបានទៅបួសតាមគោលបំណងរបស់ម្ដាយ រហូតដល់បានឋានៈជា អេវេគ ប្រចាំនៅក្រុងលុយសុង ។
អ្នករៀនប្រវត្តិសាស្ត្រតែបានដឹងហើយថា នៅអឺរ៉ុបនោះ កិច្ចការផែនដី និងសាសនា តែងមានការទាក់ទងគ្នាបំផុត ជួនកាលខាងសាសនាចក្រ មានអំណាចលើសពីអាណាចក្រក៏មាន ដូចយ៉ាង សម្ដេចប៉ាប មានអំណាចបង្គាប់ឲ្យប្រទេសមួយទៅធ្វើសង្គ្រាមនឹងប្រទេសមួយទៀតក៏ មាន ឬគាប់ជួនជាប្រទេសណាមួយត្រូវសម្ដេចប៉ាបកាត់ទោសហើយ ត្រូវប្រទេសដទៃចោមរោមគ្នាវាយក៏មាន ហេតុនេះ ទើបក្នុងប្រទេសបារាំងត្រូវមានអ្នកតំណាងរបស់អ្នកបួសចូលក្នុង រដ្ឋសភាផង ។
រីហ្សឺលីយ៉ឺ ជាអ្នកវាងវៃជាងគេក្នុងបណ្ដាអ្នកបួសទាំងអស់ ទើបត្រូវបានតែងតាំងជាតំណាងនៃសាសនាចក្រក្នុងរដ្ឋសភា ។ បានចូលក្នុងរដ្ឋសភាហើយ គាត់បានសម្ដែងការវាងវៃរបស់គាត់ ធ្វើឲ្យប្រជាជនជ្រះថ្លាកើនឡើងជាលំដាប់ រហូតទាល់តែព្រះមហារាជិនី សព្វព្រះរាជឫទ័យ ទ្រង់ជ្រើសរើសជាអ្នកថ្វាយសីលក្នុងព្រះបរមរាជវាំង ជាហេតុឲ្យរីហ្សឺរីយ៉ឺ មានការប្រាស្រ័យទាក់ទងនឹងវីរជនជាច្រើន និងទទួលបានការប្រោសប្រាណព្រះមហារាជនីទ្វេឡើងជាលំដាប់ គ្រាន់តែក្នុងអាយុ៣១ឆ្នាំ បានទទួលតំណែងជារដ្ឋមន្ត្រីមហាផ្ទៃ ។ លុះស្ដេចហង់រីទី៤ ចូលទីវង្គតទៅ ស្ដេចល្វីស៍ទី១៣ ទទួលរាជសម្បត្តិក្នុងព្រះជន្មាយុ៩ព្រះវស្សា ព្រះមហារាជិនី ទ្រង់កាន់កាប់ការផែនដី ក៏ឃើញតែ រីហ្សឺលីយ៉ឺ ទើបប្រគល់តំណែងជានាយករដ្ឋមន្ត្រី ក្នុងអាយុ៣៨ឆ្នាំ គាត់រស់នៅក្នុងមុខតំណែង១៩ឆ្នាំ ក៏អស់អាយុក្នុងកាលអាយុ៥៧ឆ្នាំ ។
កិច្ចការជាប្រយោជន៍ដល់ប្រទេសបារាំង រីហ្សឺលីយ៉ឺ
បានស្ថាបនាកងនាវាបារាំងដែលអាចប្រៀបផ្ទឹមបាននឹងកងរាជនាវី អង់គ្លេសនាសម័យនោះ បានរួបរួមច្បាប់ និងកែប្រែឲ្យល្អឡើង ។ ក្នុងសម័យនោះ ឈ្មោះ Code Michau បានរកផែនដីអាណានិគម ឲ្យដល់ប្រទេសបារាំង៥កន្លែង រួមទាំងប្រទេសកាណាដាផង (ដែលក្រោយមកធ្លាក់ទៅជារបស់ចក្រភពអង់គ្លេស) ។ បានស្ថាបនាវិជ្ជាស្ថានសរ៍កបោន ដែលជាស្ថានសិក្សាដ៏សំខាន់មួយដល់សម័យនេះ ។ បង្កើតឲ្យមានបណ្ណាល័យជាតិ ដែលជាសភាប្រជុំអ្នកប្រាជ្ញ៤០នាក់ សុទ្ធតែជាអ្នកធ្លាប់មានឈ្មោះល្បីមកហើយ ជាទីនិយមកោតសរសើររបស់ប្រជាជនក្នុងផ្នែកវិជ្ជាណាមួយ ទើបអាចជ្រើសចូលជាសមាជិកក្នុងសភាពនេះបាន ហើយក្នុងបណ្ដាសពនៃសមាជិកទាំងនេះ សុទ្ធតែត្រូវបញ្ចុះនា អាលាហណដ្ឋានអមតជន ទាំងអស់ ។ សភានេះជាសភាសំខាន់បំផុតរបស់ប្រទេសបារាំងរហូតដល់សម័យនេះ ។
ផ្នែកខាងនីតិប្រតិបត្តិ រីហ្សឺលីយ៉ឺ
ជាអ្នកគោរពគោលការណ៍យុត្តិធម៌មធ្យ័តបំផុត ។ ជនណាទោះមានឋានៈជាអ្វីក៏ដោយ ទោសដល់ដាក់គុក ត្រូវតែដាក់គុក ទោសដល់ប្រហារ ត្រូវតែប្រហារ ឥតមានយល់មុខជនណាម្នាក់ៗឡើយ ។ ក្នុងវិស័យនយោបាយក៏មានការដាច់ខាតនៅក្នុងខ្លួនទៀត ។ ជនណាជំទាស់ពុំបានជាដាច់ខាត សូម្បីព្រះរាជិនី ដែលពេលក្រោយមក ជំទាស់នឹងកិច្ចការរបស់គាត់ ក៏ត្រូវយាងស្ដេចឲ្យទៅគង់នៅប្រទេសប៊្រុចសែល ដែរ ។ ហេតុនេះ ការបៀតបៀនឈ្នានីសពីវរជនជាច្រើនក្នុងសម័យនោះ បើទុកជា រីហ្សឺលីយ៉ឺ ធ្វើប្រយោជន៍បានពិតៗយ៉ាងណា ក៏គាត់ពុំអាចជៀសផុតបានឡើយ ។ រហូតដល់ពេលមួយ គាត់ដាក់ពាក្យសុំលាលែងពីមុខតំណែង តែស្ដេចល្វីស៍ទី១៣ ឈ្វេងយល់ថា នឹងរកវរជនណាឲ្យល្អក្រៃលែងទៅទៀតពុំបាន ទ្រង់ក៏ពុំយកព្រះទ័យទុកដាក់ចំពោះពាក្យពិតទូលរបស់អ្នកណាទាំង អស់ ហើយថែមទាំងពុំទ្រង់ឲ្យ រីហ្សឺលីយ៉ឺ ចុះពីតំណែងផង ទ្រង់ព្រះរាជទានការធានាគាំទ្រគ្រប់បែបយ៉ាងចំពោះរីហ្សឺលីយ៉ឺ ។ រហូតដល់ទីបំផុត ក្នុងការប្រកួតរវាងសត្រូវរបស់ រីហ្សឺលីយ៉ឺ ព្រះរាជពរដ៏ថ្លៃថ្លានេះ គឺទ្រង់រក្សាពិតឥតប្រែប្រួល សូម្បីតែព្រះរាជវល្លភៈ ឈ្មោះ សែងមាស់ ដែលព្រះអង្គទ្រង់ប្រោសប្រាណស្មើនឹងព្រះរាជបុត្រហើយនោះ ក៏ព្រះអង្គយល់ព្រមឲ្យរីហ្សឺលីយ៉ឺ កាត់ទោសប្រហារជីវិតដែរ ដែលជារឿងភ្លូកភ្លឹកភ្ញាក់ផ្អើលបំផុតនៅពេលនោះ និងក្នុងពង្សាវតារបារាំង ។ អ្នកពង្សាវតារបារាំងបានកាត់ត្រាទុកថា ៖
- រីហ្សឺលីយ៉ឺ ហាក់ដូចជាគ្រាន់តែកើតឡើងហើយ ក៏ចេះស្រឡាញ់ប្រទេសជាតិ និងមហាក្សត្រតែម្ដង ។
- រីហ្សឺលីយ៉ឺ បានទទួលគ្រប់គ្រងប្រទេសក្នុងកាលដែលប្រទេសដុនដាបទន់ខ្សោយ បែកបក្សពួក ។ ដល់មរណភាព លះបង់ចោលប្រទេសនេះ ក៏កាលមានកម្លាំងមាំទាំ ជាទីកោតក្រែងដល់ប្រទេសជិតខាង រួបរួមប្រទេសបារាំងបានមូលមិត្រជាធ្លុងមួយ ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង
កែសម្រួលដោយៈMr365