ជីវិត និង​ស្នាដៃ​របស់ ហ្គាប៉ាត ម៉ុង 1746-1818 អ្នកបង្កើតរេខាពេជគណិត

ហ្គាប៉ាត ម៉ុង ជា​អ្នក​គណិតសាស្ត្រ ជា​បិតា​បង្កើត​ចេញ​នូវ​មុខ​វិជ្ជា​រេខាគណិត​ពិពណ៌នា ។ លោក​ជា​កូន​ក្នុង​ត្រកូល​អ្នក​ក្រ ។ ដោយ​គ្មាន​មធ្យោបាយ​សម្រាប់​ឲ្យ​កូន​បន្ត​ការ​សិក្សា​នៅ​សាលា​ឲ្យ​បាន​ខ្ពស់​ថែម​ទៀត ឪពុក​របស់​លោក​បាន​រិះរក​មធ្យោបាយ​ផ្ញើ​កូន លោក​ឲ្យ​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា ។ ដោយ​មាន​ស្នាដៃ​ល្អ​ក្នុង​ពេល​សិក្សា ទើប​ពេល​ប្រឡង​ចេញ​ពី​សាលា លោក​ត្រូវ​បាន​វិទ្យាស្ថាន​ឃាត់​ទុក​ឲ្យ​លោក​ធ្វើ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​នេះ ។

បណ្ដា​វណ្ណកម្ម​របស់ ហ្គាប៉ាត ម៉ុង ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​ចន្លោះ​ឆ្នាំ​១៧៧០​‑​១៧៨០ បាន​បើក​ចេញ​នូវ​ដំណាក់​កាល​ថ្មី​នៃ​ការ​រីក​ចម្រើន​របស់​រេខាគណិត​ពិពណ៌នា និង​រេខាគណិត​វិភាគ ។ លោក​ជា​អ្នក​​បណ្ដុះបណ្ដាល​នូវ​អ្នក​បច្ចេកទេស​ដ៏​ល្បីល្បាញ​ជាច្រើន​រូប​ក្នុង​ចំណោម​នោះ​មាន​ សាឌីកាកណូ ។

ម៉ាស៊ីន​បូមទឹក​ពន្លត់​អគ្គីភ័យ

កាល​អាយុ​១៤​ឆ្នាំ ហ្គាប៉ាត ម៉ុង បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ពិសេស​ខាង​បច្ចេកទេស ។ កុមារ​រូប​នេះ​បាន​ធ្វើ​ដោយ​ខ្លួនឯង​នូវ​ម៉ាស៊ីន​បូមទឹក​មួយ​គ្រឿង​សម្រាប់​ពន្លត់​អគ្គីភ័យ​ដែល​អាច​បាញ់​ទឹក​ឡើង​ដល់​កម្ពស់ ១០​ម៉ែត្រ ។ ថ្ងៃ​មួយ ហ្គាប៉ាត ម៉ុង រួម​នឹង​មិត្តភក្តិ​មួយ​ចំនួន​កំពុង​ប្រឡែង​លេង​ជាមួយ​ម៉ាស៊ីន​បូម​ទឹក គាប់​ជួន​ពេល​នោះ មាន​វិស្វករ​ម្នាក់​ដើរ​កាត់ ។ គាត់​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​នឹង​រចនា​សម្ព័ន្ធ​ដ៏​ល្អ​របស់​ម៉ាស៊ីន​បូម​ទឹក​នេះ ហើយ​គាត់​កាន់​តែ​ស្រឡាំង​កាំង​ថែម​ទៀត​ពេល​ឃើញ​អ្នក​ច្នៃប្រឌិត​វា​គឺ​ជា​កុមារ​ម្នាក់ ។​

«ប្អូន​ឯង​រៀន​មក​ពី​ណា គោលការណ៍​របស់​ម៉ាស៊ីន​បូមទឹក​នេះ ?» ។ កុមារ​អេះ​អុញ «រៀន​មក​ពី​ណា​ឬ ? ទេ ? ខ្ញុំ​គ្រាន់​តែ​ពិចារណា​ដោយ​ខ្លួន​ឯង​… ខ្ញុំ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​គ្រាន់​តែ​ងាយ​ស្រួល ហើយ​សម​ស្រប​បំផុត​ប៉ុណ្ណោះ» ។

បន្ទាប់​មក​ វិស្វករ​នេះ ក៏​យល់​ភ្លាម​នូវ​ទេពកោសល្យ​ដ៏​ប្រពៃ​នេះ គាត់​ខំ​ដើរ​ទៅ​ដល់​ផ្ទះ ហ្គាប៉ាត ម៉ុង ដោយ​ស្នើ​ឲ្យ​ឪពុក​ម្ដាយ​របស់ ហ្គាប៉ាត ម៉ុង ត្រូវ​តែ​បញ្ជូន​កុមារ​បូម​ទឹក​នេះ​ឲ្យ​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកទេស ។

បណ្ដា​កល្យាណមិត្ត

ក្នុង​ឆ្នាំ​ដែល​នៅ​សិក្សា​នេះ​ដែរ ហ្គាប៉ាត ម៉ុង បាន​គូរ​ផែនទី​ទីក្រុង​យ៉ាង​ត្រឹមត្រូវ​ឥត​ខ្ចោះ ។ សូម្បី​តែ​អ្នក​ឯកទេស​ក៏​ត្រូវ​តែ​កោត​សរសើរ​ពេល​ដែល​បាន​មើល​ផ្ទាំង​គំនូរ​ផែនទី​ដ៏​ស្មុគ្រស្មាញ​នេះ ។

«ពូកែ​មែន ! ទាល់​តែ​មាន​អ្នក​ជួយ​ឯង ទើប​ឯង​ធ្វើ​បាន​នូវ​កិច្ចការ​ដ៏​ល្អិត​ល្អន់​នេះ​មែន​ទេ ?» ។ កុមារ​ញញឹម «បាទ​មែន​ហើយ ! មាន​មិត្ត​ពីរ​នាក់​ទៀត​ដែល​នៅ​តែ​ជួយ​ខ្ញុំ​ជា​ដរាប​នោះ​គឺ “ហត្ថា​ទាំង​គូ និង​ទឹក​ចិត្ត​អំណត់​ព្យាយាម”» ។

ភាព​ល្អ​ប្រណីត​នៃ​ការ​បង្កើត​ថ្មី

មាន​ម្ដង​នោះ ពេល​នៅ​រៀន​ក្នុង​សាលា​បច្ចេកទេស​យោធា គេ​បាន​ដាក់​លំហាត់​មួយ​យ៉ាង​ពិបាក​ឲ្យ​ ហ្គាប៉ាត ម៉ុង ដោះស្រាយ ។ ប៉ុន្តែ​ជា​ការ​ស្មាន​មិន​ដល់ យុវសិស្ស​រូប​នេះ រក​ឃើញ​ចម្លើយ​ក្នុង​រយៈ​ពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។

បណ្ដា​លោក​គ្រូ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នោះ​ឡើយ «ម៉ុង បើសិន​ជា​ប្អូន​ចង់​ឲ្យ​ជំហាន​បោះ​ទៅ​មុខ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ប្អូន​ត្រូវ​តែ​ហាត់​ចិត្ត​អំណត់​ធ្វើ​លំហាត់ កុំ​ប្រថុយ​ប្រថាន​ផ្សងព្រេង​សំណាង​ដូច​នេះ​ទៀត​ណា៎ !» ។ ហ្គាប៉ាត ម៉ុង សំដែង​ការ​ងឿង​ឆ្ងល់ «ជម្រាប់​​ប្រសាសន៍​លោក​គ្រូ គឺ​ប្អូន​បាន​ខិត​ខំ​ធ្វើ​លំហាត់​ដោយ​ខ្លួន​ឯង ប្អូន​ឥត​មាន​ផ្សង​សំណាង​អ្វី​ផង​ទេ​បាទ !» ។

«អូ៎​… យើង​ខ្ញុំ​មិន​អាច​ជឿ​ថា​ប្អូន​ឯង​ធ្វើ​លំហាត់​នេះ​បាន​រួច​រាល់​ក្នុង​រយៈ​ពេល​តែ​កន្លះ​ម៉ោង​នេះ​ទេ ព្រោះ​ថា​គ្រាន់​តែ​រឿង​រៀប​ឯកតា​លេច​ក៏​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ២​ដង​នៃ​រយៈ​កាល​ធ្វើ​នោះ​ដែរ​ហើយ !» ។ យុវសិស្ស​យើង​បង្ខំ​ចិត្ត​ត្រូវ​តែ​ធ្វើការ​អធិប្បាយ​ឡើង​វិញ​នូវ​របៀប​ធ្វើ​របស់​ខ្លួន ។ ការ​ពិត​ នេះ​ជា​វិធី​ថ្មី​តែ​ម្ដង ៖ វិធី​រេខាគណិត​ពិពណ៌នា​សម្រាប់​ស្រាយ​បំភ្លឺ​បណ្ដា​វិធី​លំដាប់​គណិត​ដ៏​ស្មុគស្មាញ ។

បណ្ដា​គ្រូ​បង្រៀន​ត្រូវ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​យូរ​ពី​វិធី​ថ្មី​ដែល ហ្គាប៉ាត ម៉ុង ទើប​នឹង​នឹក​ចេញ ហើយ​នៅ​ទី​បំផុត​ត្រូវ​ទទួល​ស្គាល់​ថា វិធី​ថ្មី​នោះ​ពិត​ជា​ត្រឹមត្រូវ ។ នោះ​ជា​មូលដ្ឋាន​ដំបូង​បង្អស់​នៃ​មុខវិជ្ជា​រេខាគណិត​ពិពណ៌នា ។

ការ​សម្ងាត់​របស់​ប្រទេស​ជាតិ

នៅ​ពេល​ដែល​មុខ​វិជ្ជា​រេខាគណិត​សាស្ត្រ​ពិពណ៌នា​ដែល ហ្គាប៉ាត ម៉ុង បាន​បង្កើត​ឡើង​ទើប​នឹង​បាន​ការ​ទទួល​ស្គាល់ រដ្ឋាភិបាល​បារាំង​ក៏​បាន​ចាត់​ទុក​នោះ​ជា «ការ​សម្ងាត់​មួយ​របស់​ប្រទេស​ជាតិ» ។ ពីព្រោះ​ថា ផ្អែក​តាម​រេខា​គណិត​ពិពណ៌នា​គេ​អាច​គិត​គូរ​រក​ឃើញ​បន្ទាត់​បាញ់​បាន​យ៉ាង​ចំ​គោលដៅ ។

ជា​ការ​ពិត ប្រការ​នេះ​ផ្ទុយ​ពី​គោលបំណង​របស់​អ្នកប្រាជ្ញ ។ ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំ តាំង​ពី​ពេល​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​មក ហ្គាប៉ាត ម៉ុង តែងតែ​តស៊ូ​ជានិច្ច​ចំពោះ​ការ​ផ្សព្វផ្សាយ​វិទ្យសាស្ត្រ​ថ្មី​នេះ ។ ពីព្រោះ​ថា រេខាគណិត​ពិពណ៌នា​ពុំ​ត្រឹម​តែ​មាន​ប្រយោជន៍​ចំពោះ​យោធា​ប៉ុណ្ណោះ​ទេ គឺ​នៅ​ថែម​ទាំង​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ដទៃ​ទៀត ។

នៅ​ទីបំផុត រដ្ឋាភិបាល​បារាំង​បាន​យល់​ព្រម​ស្រប​តាម ហើយ ៣០​ឆ្នាំ ក្រោយ​មក វណ្ណកម្ម​ដំបូង​បង្អស់​ស្ដីពី​រេខាគណិត​ពិពណ៌នា​ថ្មី​ត្រូវ​បាន​បោះពុម្ព​ផ្សាយ ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

cambodiakhmerkomnertហ្គាប៉ាត ម៉ុងអ្នកវិទ្យាសាស្ដ្រ
Comments (0)
Add Comment