អាឡិចស៊ីស ក្លូត ក្លែរ៉ូ ជាគណិតវិទូជាតិបារាំងដ៏ល្បីល្បាញម្នាក់ ។ ដោយទទួលឥទ្ធិពលពីឪពុកដែលជាគ្រូបង្រៀនគណិតសាស្ត្រ ក្លែរ៉ូ បានស្គាល់គណិតសាស្ត្រតាំងពីវ័យកុមារភាពម្ល៉េះ ហើយឆាប់ចាប់បាននូវមុខវិជ្ជាវិទ្យាសាស្ត្រនេះណាស់ ។
អាយុបាន១៦ឆ្នាំ លោកបានក្លាយទៅជាអ្នកនិពន្ធស្នាដៃគណិតសាស្ត្រដែលតម្រូវឲ្យបណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសត្រូវលុបចោលទម្លាប់ធម្មតារបស់ខ្លួន ហើយត្រូវបោះឆ្នោតជ្រើសតាំងលោកជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រនៅឆ្នាំដែលមានវ័យ១៨ឆ្នាំ ។
ក្លែរ៉ូ ជាអ្នកឈានមុខគេក្នុងការប្រើវិធីវិភាគគណិតសាស្ត្រសម្រាប់ស្រាវជ្រាវរូបវិទ្យា និងធ្វើឲ្យមុខវិជ្ជារូបវិទ្យាបានក្លាយទៅជាវិទ្យាសាស្ត្រមួយយ៉ាងរឹងមាំ ។
រៀនអក្សរ ឬរៀនលេខ ?
កុមារក្លូតចេះតែទារឲ្យឪពុកបីខ្លួន និងទារអង្គុយលើភ្លៅឪពុក ។ ដោយស្រលាញ់កូន លោកគ្រូហ្សង់បាទី ក្លែរ៉ូ បីកូនឡើង ហើយបើកសៀវភៅ «បណ្ដាទ្រឹស្ដីបទ» របស់ អឺក្លីត ឲ្យកូនមើលរូបគំនូរក្នុងបំណងឲ្យកូនមានល្បែងមើលលេងប៉ុណ្ណោះដើម្បីគាត់បានទំនេរដៃដាក់ពិន្ទុឲ្យកូនសិស្ស ។
ក៏ប៉ុន្តែ គាត់មិនអាចធ្វើការបានសោះពីព្រោះកុមារតូចនេះចេះតែសួរមិនឈប់មាត់ «រូបនេះគឺរូបអី ? គេគូរដើម្បីធ្វើអ្វី ? តើគូរផ្សេងពីហ្នឹងបានទេ ? ។ល។ និង។ល។» ។
លោក ហ្សង់ ឆ្លើយឲ្យផុតពីមាត់ថា «ឲ្យតែអានដាច់តួអក្សរនៅពីក្រោមរូបទាំងនោះ កូនឯងប្រាកដជារកបានចម្លើយក្នុងសំណួរនេះមិនខាន» ។
ដូចនេះ ក្លូត ដាច់ខាតទារឲ្យឪពុកត្រូវតែបង្រៀនអក្សរដែលកត់ត្រានៅពីក្រោមរូបគំនូរទាំងនោះ ។ លោក ហ្សង់ មានការភ័ន្តភាំងក្រៃលែងចំពោះគំនិតចង់ចេះចង់ដឹងរបស់កូន ហើយលោកកាន់តែស្រឡាំងកាំងថែមទៀត ដោយឃើញកូនប្រុសរបស់លោកឆ្លាតខុសធម្មតា ។ អាយុបាន៥ឆ្នាំ ក្នុងរយៈពេលតែមួយសប្ដាហ៍សោះ កុមារក្លូតបានរៀនអក្សរហើយចេះអានថែមទៀត ។ សៀវភៅរៀនអានដំបូងបង្អស់របស់កុមារ ក្លូត គឺជាសៀវភៅវណ្ណកម្មដ៏ល្បីរបស់គណិតវិទូមហិមា អឺក្លីត ។
នៅពេលដែលកុមារមិនប្រលែងលេងសើច
ក្លូត ក្លែរ៉ូល ជាក្មេងរពឹស ។ កុមារក្លូតតែងរិះរកល្បែងជាច្រើនមុខយកមកកំសាន្ត ហើយលេងសើចសប្បាយកងរំពងជាមួយប្អូនៗពេញតែបន្ទប់ ។
តែមួយរយៈពេលដែលជក់ចិត្ត និងការអាននោះ លោកហ្សង់បានសម្គាល់ឃើញថា យប់ណាក៏ក្នុងបន្ទប់របស់កូនលោកស្ងប់ស្ងាត់ ។ លោកនឹកថាកូនៗលោកប្រញាប់ចូលគេងណាស់ ។ ចៃដន្យនៅថ្ងៃមួយលោកភ្ញាក់ធ្វើការកណ្ដាលអធ្រាត្រ លោកបានឃើញភ្លើងភ្លឺនៅក្នុងបន្ទប់របស់កូន ។ លោកក៏ច្រានទ្វារចូលទៅដើម្បីពន្លត់ភ្លើង ។ បាតុភាពដ៏ចម្លែកមួយបានស្ថិតនៅក្រោមភ្នែករបស់លោក គឺក្លូត និងប្អូនប្រុសកំពុងអង្គុយទល់ក្បាលគ្នាមើលសៀវភៅដោយមិនយកចិត្តទុកដាក់ដល់រឿងអ្វីៗដែលស្ថិតនៅជុំវិញខ្លួនឡើយ ។ ការពិតកុមារទាំង២កំពុងរៀនគណិតសាស្ត្រ ។
លោកហ្សង់មានការភ័ន្តភាំងយ៉ាងខ្លាំងពេលដែលឃើញកូនប្រុសតូចរបស់លោកអានសៀវភៅដ៏ល្បីឈ្មោះរបស់គណិតវិទូ ឡូពីតាំង «ការវិភាគបណ្ដាអនុគមន៍» បានន័យថា ជាសៀវភៅមួយក្នុងចំណោមបណ្ដាសៀវភៅដំបូងបង្អស់ដែលស្ដីពីការវិភាគគណិតសាស្ត្រ ។
ពេលដែលសួរទៅកូនទើបលោកហ្សង់ដឹងថា ក្លូត និងប្អូនប្រុសធ្លាប់បានរៀនរួចទៅហើយសៀវភៅដ៏ល្បីឈ្មោះផ្សេងៗទៀត ដូចជា សៀវភៅ «គណិតវិទ្យាប្រើក្នុងរេខាគណិតសាស្ត្រ» របស់គណិតវិទូ ហ្គឺលោ សៀវភៅ «បណ្ដាបន្ទាត់ស្របមុខកូនិក» របស់ ឡូពីតាំង ជាដើម ។ កុមារទាំងពីរបានរកឃើញសៀវភៅនោះក្នុងទូសៀវភៅរបស់ឪពុកខ្លួន ។ កាលណោះក្លូតទើបតែអាយុ៩ឆ្នាំប៉ុណ្ណោះ !
ទឹកភ្នែកដោយក្ដីសប្បាយរំភើបចិត្ត
ឆ្នាំ១៧២៥ នៅសម័យប្រជុំមួយរបស់បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសបានកើតឡើងនូវព្រឹត្តិការណ៍ដ៏ចម្លែកមួយ ។ បណ្ដាអ្នកប្រាជ្ញដែលមានពុកមាត់វែងៗអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍មួយស្ដីពីបញ្ហាគណិតសាស្ត្រថ្មី ។ អ្នកធ្វើរបាយការណ៍គឺកុមារម្នាក់អាយុ១២ឆ្នាំ ។ កាន់តែតាមដានស្ដាប់គេកាន់តែនឹកសង្ស័យក្នុងចិត្ត មិនដឹងតើកុមារនេះពិតជាអ្នកនិពន្ធ ធ្វើរបាយការណ៍នោះមែនឬទេ ? ពីព្រោះកុមារនោះបានឧទ្ទេសនាមអំពីខ្សែបន្ទាត់កោងដ៏ស្មុគស្មាញដែលខ្លួនគេបានរកឃើញ ហើយគេបានប្រើវិធីគណនាអនុគមន៍សម្រាប់សង្កេតមើលខ្សែបន្ទាត់កោងនោះ ។
ពេលអានរបាយការណ៍រួចហើយ គ្មាននរណាម្នាក់ទះដៃសោះ ។ អ្នកប្រាជ្ញម្នាក់បានងើបឈរឡើងសួរថា «អ៊ីសាក់ញូតុន និង លៃបឺនីស ដ៏មហិមា ទើបតែរកឃើញវិធីគណនាអនុគមន៍មុននេះរាប់សិបឆ្នាំប៉ុណ្ណោះ ។ ក្នុងចំណោមបណ្ដាគណិតវិទូដែលមានវត្តមាននៅទីនោះក៏ពុំទាន់មាននរណាយល់ឲ្យច្បាស់អស់នូវវិធីគណនានោះដែរ ។ សូមឲ្យយើងខ្ញុំបានដឹង តើនរណាជាអ្នកបង្រៀនអ្នកនិពន្ធឲ្យធ្វើរបាយការណ៍នេះស្ដីពីវិធីគណនាដ៏ល្អប្រណីតដូច្នេះ ?» ។
គេនាំគ្នាចោទសួរអ្នកនិពន្ធតូចច្រមក់នេះអំពីព្រឹត្តិការណ៍គណិតសាស្ត្រយ៉ាងច្រើនលើសលុប ។ ហើយគេកាន់តែស្រឡាំងកាំងស្ញប់ស្ញែងពេលដែលបានដឹងថា កុមារក្លូត ក្លែរ៉ូ រៀបចំដោយខ្លួនឯងតាមបណ្ដាវណ្ណកម្មបញ្ហាគណិតសាស្ត្រជាមូលដ្ឋាន ហើយទន្ទឹមនោះ មានការយល់ដឹងស្ដីពីបណ្ដាបញ្ហាគណិតសាស្ត្រនាពេលបច្ចុប្បន្នយ៉ាងច្បាស់ប្រាកដ ។ ទេវវិទូ រ៉ៃណូ សមាជិកបណ្ឌិតសភាដែលមានមុខក្នុងអង្គប្រជុំនេះបានក្រោកឈរឡើងនិយាយក្នុងសំឡេងញ័រៗដោយក្ដីរំភើបថា «នៅចំពោះមុខយើងនេះពុំមែនជាកុមារតូចច្រមក់ឡើយ តែជាមនុស្សម្នាក់ដ៏មហិមាស័ក្តិសមមានតួនាទីក្នុងចំណោមបណ្ដាអ្នកប្រាជ្ញធំៗរបស់ប្រទេសបារាំង» ។
លោកគ្រូហ្សង់ ក្លែរ៉ូ ជាឪពុកដែលឈរក្បែរនោះ មានក្ដីរំភើបរីករាយចិត្តយ៉ាងក្រៃលែង លោកកាន់ដៃទាំងពីររបស់រ៉ៃណូ ស្នាមញញឹមលេចចេញលើបបូរមាត់ កែវភ្នែកស្រវាំងដោយទឹកនេត្រា ។
ការបំពានលើលក្ខន្តិកៈដែលអ្នកណាក៏ពេញចិត្ត
នៅឆ្នាំដែល ក្លូត ក្លែរ៉ូ អាយុ១៨ឆ្នាំ ទេព្យកោសល្យគណិតសាស្ត្ររបស់លោកបានលេចបង្ហាញឲ្យឃើញកាន់តែច្បាស់ ដែលមជ្ឈដ្ឋានគណិតវិទូអឺរ៉ុបត្រូវឯកភាពគ្នាទទួលស្គាល់ ។ បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសបានប្រជុំពិភាក្សាពីបញ្ហាត្រូវតែអញ្ជើញក្លែរ៉ូឲ្យចូលជាសមាជិករបស់បណ្ឌិតសភា ។
ប៉ុន្តែលក្ខន្តិកៈចាត់តាំងរបស់បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសបានចែងច្បាស់ថា «បេក្ខជនឈរឈ្មោះបោះឆ្នោតជាសមាជិកបណ្ឌិតសភាត្រូវតែមានអាយុតិចបំផុតត្រឹម២០ឆ្នាំឡើងទៅ» ។ គេមិនដឹងថាត្រូវប្រើវិធីណាដើម្បីដោះស្រាយករណីក្លែរ៉ូ ។ គេសម្រេចចិត្តធ្វើរបាយការណ៍មួយថ្វាយជូនព្រះរាជាបារាំង ល្វីទី១៥ ដើម្បីសុំមតិសម្រេចពីព្រះអង្គ ។
បណ្ដាសមាជិកបណ្ឌិតសភាមិននឹកស្មានសោះថា ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់ខ្លួនអំពីការបំពានលើលក្ខន្តិកៈដែលអាចនឹងកើតមានឡើងនោះ ព្រះរាជាល្វីទី១៥ បានឆ្លើយតបវិញដោយភាពក្រមាច់ក្រមើមថា «នេះជាការបំពានលើលក្ខន្តិកៈដែលអ្នកណាក៏ពេញចិត្តដែរ» ។
កូនដែលវង្វេងផ្លូវ
សតវត្សទី១៨ ជាសតវត្សដែលរូបវិទ្យានៅអឺរ៉ុបកំពុងត្រូវការឲ្យដោះស្រាយបញ្ហា ៖ ប្រព័ន្ធដេកាត ឬប្រព័ន្ធញូតុន ដែលបកស្រាយបំភ្លឺបានយ៉ាងសមស្របចំពោះសកលលោក ។ កាលណោះរូបវិទ្យារបស់ញូតុន កាន់តែបង្ហាញឲ្យឃើញនូវថាមពលរបស់វា ក៏ប៉ុន្តែដោយគំនិតជាតិនិយមហួសហេតុ បណ្ដាអ្នកវិទ្យាសាស្ត្របារាំងចេះតែចចេសការពារប្រព័ន្ធរបស់ដេកាត ។
ថ្ងៃមួយនោះ ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់បារាំង ដឹកនាំដោយលោក ម៉ូប៊ែរទ្វី បានប្រជុំគ្នាដើម្បីធ្វើការឃោសនាផ្សព្វផ្សាយនូវសតិអារម្មណ៍របស់ញូតុន ។ យុវជនក្លែរ៉ូជាសមាជិកដ៏សកម្មក្នុងក្រុមនេះដែរ ។
ក្លែរ៉ូតែងចូលជាមួយសមាជិកបណ្ឌិតសភាវ័យក្មេងដទៃទៀត ដូចជា ម៉ូប៊ែរទ្វី កុងដាមីន ជួបពិភាក្សាគ្នានៅរាល់ពេលល្ងាចអំពីបញ្ហារូបវិទ្យា ។ គេកំពុងត្រៀមរៀបចំការពិភាក្សាមួយយ៉ាងអស់ដៃជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រដែលតាមនិកាយដេកាត ។ ជាមួយនឹងសម្ដីដ៏មុតស្រួច វោហារដ៏ប៉ិនប្រសប់ ឡកឡឺយ ដើម្បីបញ្ជាក់សន្និដ្ឋានអំពីលក្ខណៈគ្មានមូលដ្ឋានរបស់ប្រព័ន្ធដេកាត គេបានធ្វើឲ្យបណ្ដាអ្នកវិទ្យាសាស្ត្រអភិរក្សនិយមរបស់បារាំងទទួលបរាជ័យ ។
ដោយត្រូវបរាជ័យលើវិស័យវិទ្យាសាស្ត្រនេះ បណ្ដាសមាជិកបណ្ឌិតសភានិកាយដេកាត បានសងសឹកក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់ក្លែរ៉ូ ដោយហៅថា «ក្រុមកូនដែលវង្វែងផ្លូវ» ។ បំណងរបស់គេគឺចង់និយាយថា នេះជាក្រុមដែលមិនចេះការពារពលរដ្ឋបារាំងគ្នាឯងដែលបាននាំមកនូវកិត្តិយសដ៏ថ្លៃថ្លាឲ្យប្រទេសជាតិខ្លួននោះ ។
មួយព្រនង់សម្រេចកំណត់
កាលនោះគេយល់ថា ផែនដីមានរូបរាងដូចជាពងមាន់ ឬក៏សំប៉ែតនៅប៉ូលទាំងសងខាង ។ នោះគឹជាបញ្ហាមានអត្ថន័យវិទ្យាសាស្ត្រផង មានអត្ថន័យទស្សនវិជ្ជាផង ។ នេះពុំមែនត្រឹមតែជាបញ្ហារូបវិទ្យាផែនដីតែនៅជាការដោះស្រាយបានយ៉ាងត្រឹមត្រូវ ដែលអះអាងនូវការប្រកែកដេញដោលគ្នារវាងប្រព័ន្ធដេកាត និងប្រព័ន្ធញូតុន ។
ដើម្បីស្រាវជ្រាវបញ្ហានេះ បណ្ឌិតសភាវិទ្យាសាស្ត្របារាំងបានរៀបចំឲ្យមានក្រុមស្រាជ្រាវសង្កេតមួយ ធ្វើដំណើរទៅកាន់ប៉ូលខាងជើង ដើម្បីវាស់បណ្ដោយខ្សែវ័ណ្ឌផែនដីនៅកន្លែងនេះ ។ ក្លែរ៉ូបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមនេះពេលដែលលោកទើបមានអាយុ២៣ឆ្នាំ ។
ឯកសារដែលរើសប្រមូលបានជាមូលដ្ឋាននៃការរកឃើញខាងគណិតសាស្ត្រដ៏មានតម្លៃរបស់ក្លែរ៉ូ «ទ្រឹស្ដីអំពីរូបរាងរបស់ផែនដី» ។ សៀវភៅនេះបានរួមចំណែកកំណត់ការបរាជ័យរបស់រូបវិទូដែលឈរខាងដេកាត ហើយបានធ្វើឲ្យរូបវិទូញូតុនក្លាយទៅជាមុខវិជ្ជាវិទ្យាសាស្ត្រផ្លូវការនៅប្រទេសបារាំង និងអឺរ៉ុប ។ មិនតែប៉ុណ្ណោះ សៀវភៅនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកមុខវិជ្ជាវិភាគគណិតសាស្ត្រទៀតផត ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365