រដ្ឋបុរសឥណ្ឌាមួយរូបដែលតែងស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋឥណ្ឌារាប់លាននាក់ ដែលពិភពលោកស្គាល់លោកជា មហាត្មៈគន្ធិ ក៏ព្រោះតែការដឹកនាំចលនាប្រជាជនប្រឆាំងនឹងពួកអង់គ្លេស ដើម្បីទាមទាររកឯករាជ្យជូនប្រជាជនឥណ្ឌាមកវិញតាមវិធីអហិង្សាបានដោយជោគជ័យ។ រីឯបុគ្គលមួយរូបទៀតដែលធ្វើឲ្យយើងគ្រប់គ្នាមានរថយន្តប្រើប្រាស់បានសព្វថ្ងៃនេះគឺ លោក ហេនរី ហ្វដ តាមការដឹកនាំសមាជិកក្រុមរបស់ខ្លួនជាមួយនឹងទស្សនវិស័យដៅទុកជារូបភាពច្បាស់ប្រាកដក្នុងចិត្តបានប្រកបដោយស្នាដៃដ៏គួរជាទីស្ញប់ស្ញែងរបស់ពិភពលោក។តើអ្នកដឹកនាំដ៏អស្ចារ្យ២រូបនេះ មិនមែនជាគំរូនៃភាពជោគជ័យដែលជាលទ្ធផលពីគតិបណ្ឌិតនៃភាពជាអ្នកដឹកនាំដ៏ល្អថ្លៃថ្លារបស់ពួកគាត់ទេឬ ?
អ្នកដឹកនាំបែបនេះ មានចក្ខុវិស័យប្រមើលមើលបានវែងឆ្ងាយ មើលឃើញធ្លុះទៅដល់អ្វីដែលជាបញ្ហាដែលសង្គមជាតិរបស់ខ្លួនកំពុងជួបប្រទះ។ ពិតណាស់ថា បុគ្គលនៅក្នុងសង្គមណាម្នាក់ក៏អាចនឹងមើលឃើញពីបញ្ហារបស់សង្គមជាតិខ្លួនបានដូចគ្នាដែរ តែអ្វីដែលជាភាពខុសគ្នារវាងបុគ្គលធម្មតា និងបុគ្គលដែលមានភាពជាអ្នកដឹកនាំរបៀបនេះ គឺជាការដែលបុគ្គលដែលជាអ្នកដឹកនាំនេះ សម្លឹងមើលឃើញនូវបញ្ហាជាឱកាស និងមានគោលបំណងធ្វើលើសពីមនុស្សធម្មតាទៅទៀតគឺ បង្កើតការផ្លាស់ប្ដូរចំពោះសង្គមរបស់ពួកគេ។
ប៉ុន្តែ តើបុគ្គលតែម្នាក់ បើទោះជាមានគោលដៅច្បាស់លាស់ក្នុងចិត្តរួចហើយ អាចសម្រេចគោលដៅនោះដោយសមត្ថភាពខ្លួនឯងតែម្នាក់បានទេ ? អ្នកត្រូវទទួលស្គាល់ថា គ្មាននរណាម្នាក់ចេះអស់នោះទេ។ មកដល់ចំណុចនេះ ភាពជាអ្នកដឹកនាំដែលអាចបំផុសអ្នកដទៃឲ្យមើលឃើញនូវអ្វីដែលជាទស្សនវិស័យរបស់ខ្លួន និងអាចជំរុញអ្នកទាំងនោះមករួមដំណើរសម្រេចគោលដៅជាមួយគ្នាពិតជាប្រការសំខាន់បំផុត។
តើលក្ខណៈនៃភាពជាអ្នកដឹកនាំបែបនេះ អាចសម្រេចទៅបានយ៉ាងដូចម្ដេច ?
១) អ្នកខ្លួនឯងត្រូវមើលឃើញនូវរូបភាពជាការចង់ផ្លាស់ប្ដូររបស់អ្នកជាមុនសិន៖ តើសង្គមជាតិរបស់អ្នកកំពុងជួបប្រទះនឹងបញ្ហាអ្វី ដែលអ្នកចង់កែប្រែផ្លាស់ប្ដូរវាឲ្យល្អប្រសើរវិញ ? បើអ្នករកឃើញចម្លើយសម្រាប់សំណួរនេះបានហើយ នោះហើយជាចំណុចចាប់ផ្ដើមរបស់អ្នក។
២) ប្រមូលផ្ដុំនូវមនុស្សទាំងឡាយណាដែលមើលឃើញនូវរូបភាពដូចអ្នក៖ មនុស្សដែលមានគំនិតខុសគ្នា ម្ដេចនឹងអាចជិះទូកធ្វើដំណើរផ្លូវឆ្ងាយជាមួយគ្នាដល់ត្រើយបានសម្រេច ? មហាត្មៈគន្ធិ ក៏ប្រាកដជាពុំអាចសម្រេចនូវការផ្លាស់ប្ដូររបស់ខ្លួនបានដោយមានក្រុមជាអ្នកមានគំនិតប្រឆាំងផ្ទុយគ្នាពីលោកបានដែរ។
៣) គិតគូរពីជំហានត្រូវដើរនីមួយៗជាមួយសមាជិកក្រុមរបស់អ្នក៖ ការរួមចំណែកពីសមាជិកក្រុមក្នុងការសម្រេចចិត្តផ្សេងៗ វាបង្ហាញថាអ្នកជាអ្នកដឹកនាំដែលផ្ដល់តម្លៃដល់ពួកគេ។ នៅពេលមនុស្សទទួលអារម្មណ៍ថាខ្លួនមានតម្លៃក្នុងក្រុមហើយ វានឹងជំរុញចិត្តពួកគេឲ្យមានកម្លាំងចិត្តតស៊ូជាមួយអ្នកទៅឲ្យដល់គោលដៅខាងមុខ។ ម្យ៉ាងទៀត ការលើកទឹកចិត្តសមាជិកក្រុមគ្រប់ៗគ្នា គឺជាអ្វីដែលអ្នកដឹកនាំល្អគ្រប់រូបមិនអាចខ្វះបានឡើយ។
៤) អបអរសាទរចំពោះជ័យជម្នះ ហើយការបរាជ័យជាអ្វីដែលត្រូវរៀនសូត្រពីវា៖ នៅពេលអ្នកបរាជ័យ អ្នកមិនមែនបរាជ័យនោះទេ បើចិត្តអ្នកមិនបរាជ័យ មិនបោះបង់គោលដៅរបស់ខ្លួន។ ជ័យជម្នះគ្រាន់តែជាអ្វីដែលអាចឲ្យអ្នកសាទរប៉ុណ្ណោះ យ៉ាងណាមិញការបរាជ័យនឹងផ្ដល់មេរៀនមានតម្លៃដល់អ្នកសម្រាប់កែប្រែចំណុចខ្វះខាតខ្លួនឯងឲ្យល្អឡើងវិញ។ គ្មានបរាជ័យ ជោគជ័យក៏មិនអាចមានបានដែរ៕
កែសម្រួលដោយៈMr365