តោះមកដឹងពីប្រវត្តិកំណើត​ ភាពយន្តខ្មែរ

សំគាល់៖ អត្ថបទ និង​រូបភាព​របស់​ប្រកាស​នេះ គឺ​ខ្ញុំ​បានសង្ខេប និង​ដកស្រង់​យក​មក​​ពី​ក្នុង​សៀវភៅ​ ​កំណើតកុនខ្មែរ ដែល​បោះពុម្ព​ផ្សាយ​ដោយ វិទ្យាស្ថានសិល្បៈ និង​វប្បធម៌ ​រៃយំ ។ កំណើតកុនខ្មែរ​នេះ គឺ​រៀបរាប់​ចាប់​ពី​​ការកកើត​ភាពយន្ត​ខ្មែរ រហូត​មក​ដល់​ត្រឹម​កងទ័ព​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ​នៅ​ខែមេសា ឆ្នាំ១៩៧៥ តែប៉ុណ្ណោះ។ ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​ច្បាស់​ លោកអ្នក​អាច​រកជាវ​សៀវភៅ​នេះ​បាន​ នៅ​តាម​​បណ្ណាគារក្នុង​ក្រុង​ភ្នំពេញ។

ការវិវឌ្ឍន៍​នៃ​​ភាពយន្ត​ខ្មែរ​នៅ​ជំនាន់​ ប៉ុលពត គឺ​មិនបាច់និយាយ​ទេ…។ នៅចុង​ទសវត្ស​ឆ្នាំ១៩៨០ និង​ទសវត្ស​​ឆ្នាំ១៩៩០ វិស័យ​ភាពយន្ត វីដេអូខ្មែរ​ មាន​សភាព​​ងើប​ស្ទុះ​វឹង​​បានមួយខ្យល់ដែរ ដោយ​ពេលនោះ សូម្បី​តែ​ចិនកាប់​ជ្រូក​ ក៍​អាច​ផលិត​​រឿង​វីដេអូខ្មែរ​បាន​មើល​ដែរ…។ បន្ទាប់​មក​ វីដេអូ​ខ្មែរ ក៍សន្លប់​លែង​ដឹង​ខ្លួន… រួចបន្ទាប់​ពី​បិទ​វីដេអូភាគថៃ​មិន​អោយ​បញ្ចាំង​តាម​ទូរទស្សន៍មក​ ​វិស័យភាពយន្ត វីដេអូខ្មែរ ក៍​បាន​​ងើប​ឈរបាន​បន្តិច​ដែរ រួចក៍រលំគ្រាំង​ ដួល​​សន្លប់​ទៀត​ទៅ ដែល​សព្វថ្ងៃ​កំពុង​នៅ​សល់តែ​​​​ដង្ហើមចង្រិត​ផ្តឹកៗ..!! ​​ ហេតុនេះ​ហើយ​បាន​ជា​រោង​កុន​ទាំងឡាយ​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​វិវត្តន៍​ផ្លាស់​ប្តូរ​ ឬម្ចាស់​ការ​ច្នៃប្រឌិត​បដិវត្តន៍​ខ្ពស់ ដោយ​បាន​ប្តូរ​អោយ​​ទៅ​ជា​ក្លិប​ឌីស្កូ​កំសាន្ត ឬកាស៊ីណូ​​​តែ​ម្តង ដើម្បី​ដើរ​អោយ​ទាន់​សម័យ​ជឿនលឿន… ហើយ​​ការ​​កែឆ្នៃ​ ផ្លាស់​ប្តូរ​បែបនេះ​ ក៍​មិន​មែន​​ជា​រឿង​ចំឡែក ​សំរាប់​អ្នក​ក្រុង​ភ្នំពេញ​យើង​ដែរ។

ខាងក្រោមនេះ​ គឺ​ជាអត្ថបទ និង​រូបភាព ​ស្តីពី​ប្រវត្តិ​កំណើត​ភាពយន្តខ្មែរ…

*******************

ភាពយន្ត​ ឬកុន (ពាក្យ កុន នេះខ្មែរហៅតាមសៀមដែលសរសេរ កល តែអានថា កុន) បានចូល​មក​ស្រុកខ្មែរតាមរយៈអាណាព្យាបាលបារាំង។ ​រោងភាពយន្ត​ទី១ ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ​មានឈ្មោះថា Brignon ដែល​បាន​​សម្ពោធដាក់បញ្ចាំង​នៅ​ក្នុង​ឆ្នាំ១៩០៩ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ម្តុំ​មាត់​ទន្លេ។

នៅឆ្នាំ១៩៥១ តាមកិច្ចព្រមព្រៀងផ្ទេរ​អំណាច​ពី​អាណាព្យាបាល​បារាំង​មក​ព្រះរាជាណាចក្រ​កម្ពុជា មានការ​បង្កើត​ការិយាល័យភាពយន្ត​ក្នុង​ក្រសួង​ឃោសនាការ ដែល​មាន​ភារកិច្ចពិនិត្យមើល​ភាពយន្ត​នាំ​ចូល​ពី​បរទេស សំរាប់​យក​មក​បញ្ចាំង​ជូន​សាធារណជន​ទស្សនា ដែល​ភាគច្រើន​ជា​ខ្សែភាពយន្ត​បារាំង។ នៅពាក់​កណ្តាល​ទសវត្ស​ឆ្នាំ១៩៥០ ទើបចាប់​ផ្តើម​មាន​ភាពយន្ត​ដែល​នាំ​ចូល​មក​ពីឥណ្ឌា និង​សៀម​ចូល​មក​ស្រុក​ខ្មែរ។ ប៉ុន្តែ​ ភាពយន្ត​ឥណ្ឌា​មាន​ប្រជាប្រិយភាព​ជាង​ ដោយ​សារ​តែសាច់រឿង​មាន​ទាក់ទង​នឹង​រឿងព្រេង​បុរាណ មានស្តេច មានឥសី មានរបាំ​ចំរៀង​ជាដើម ដែល​ខ្មែរ​យើង​ចូល​ចិត្ត​មើល​ណាស់។ គឺពេល​នោះ​ហើយ​ ដែល​​ការ​កសាង​ខ្សែភាពយន្ត​ខ្មែរដោយ​ខ្មែរ​ខ្លួនឯង ​បាន​ចាប់​កកើត​ឡើង។

ក្នុង​ប្រវត្តិសាស្រ្ត​ភាពយន្ត​ខ្មែរនេះ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ ព្រះអង្គ​ជា​អ្នក​ថត​ភាពយន្ត​ខ្មែរ​មុន​ដំបូង​គេ​ គឺ​ព្រះ​អង្គ​ចាប់​ផ្តើម​ថត​ភាពយន្ត​ខ្លីៗ ដោយ​ប្រើហ្វីល ១៦មីល្លីម៉ែត្រ​ តាំងពី​ចុង​ទសវត្សឆ្នាំ១៩៤០ មកម៉្លេះ។

ក្រោយមក​​ មាន​ខ្មែរ​យើង​បាន​ទៅ​រៀន​​ជំនាញ​បច្ចេកទេស​ថតភាពយន្ត​នៅ​ស្រុក​បារាំង​ ដូចជាលោក​ រឿម ផុន លោក​ អៀវ ប៉ុណ្ណាការ​ (កូនប្រុស​លោក អៀវ កើស) និងលោក សោម សំអាល់ ជាដើម បានទៅ​រៀន​នៅសាលា Institut des Hautes Etudes Cinématographique ។ ក្រោយមក​ លោក សោម សំអាល់ ថតបាន​ខ្សែ​ភាពយន្ត​ខ្នាតធំ​មួយរឿង​មានចំណង​ជើង​ថា ផ្ការីកផ្ការោយ និង​បានដាក់​បញ្ចាំង​ជាលើក​ដំបូង​ ​នៅ​រោង​ភាពយន្ត​កាពីតូល​ នា​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៦០។

មានអ្នកផលិត​ខ្សែភាពយន្ត​មួយក្រុម​ទៀត ដែល​​បង្កើតឡើង​ដោយ​ការិយាល័យ​ឃោសនា​​ព័ត៌មាន​របស់​សហរដ្ឋអាមេរិក ហៅថា USIS (The United States of Information Service) ពោល​គឺ​ចាប់​តាំង​ពី​កម្ពុជា​​ ​ទទួល​យក​ជំនួយ​ពី​សហរដ្ឋ​អាមេរិកមក។ USIS បានបណ្តុះបណ្តាល​ខ្មែរ​ដែល​មក​ពី​ក្រសួង ស្ថាប័ននានា ដូចជា​ឃោសនាការ កងទ័ព ប៉ូលីស ជាដើម​ដើម្បី​អោយ​ពួក​គេ​ចេះ​ថត​ភាពយន្ត ចេះកាន់​ម៉ាស៊ីនថត និង​ចេះ​ជួសជុល​ជា​ដើម ដើម្បី​ផលិត​ជា​ខ្សែ​ភាពយន្ត​ឯកសារ។ គឺក្រុមនេះ​ហើយ​ដែល​យក​​កុន​ទៅ​បញ្ចាំង​តាម​ភូមិ​នានា​ តាម​រយៈ​ឡាន​បញ្ចាំង​កុន ហៅថា ស៊ីណេខា (Cinécars) ដែលមាន​សំភារៈកុន​នៅ​ជាប់​នឹង​ឡាន​នោះ​តែ​ម្តង។ ដូច្នេះ​ហើយ ក្នុងទសវត្ស​​ឆ្នាំ១៩៥០ តាម​រយៈ​នយោបាយ​ឃោសនា USIS នេះ សហរដ្ឋ​អាមេរិក​បាន​បណ្តុះបណ្តាល​​អ្នក​បច្ចេកទេស​កុន​មួយ​ចំនួន ដែល​ខ្លះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ថត​កុន​​ថ្ងៃក្រោយ ដូចជាលោក ស៊ុន ប៊ុនលី ដែល​ធ្វើការ​ងារ​ជា​មន្រ្តី​ប៉ូលីស​ជាតិ ត្រូវ​បាន​ USIS យក​ទៅ​បង្រៀន​បច្ចេកទេស​កុន។ ក្រោយ​មក​ គាត់​​ឈប់​ធ្វើ​ជា​ប៉ូលីស ទៅ​បង្កើត​ផលិតកម្ម​ភាពយន្ត​មួយ​ឈ្មោះថា នាគព័ន្ធ ហើយ​កុន​ដែល​គាត់​ថត​ជា​ខ្សែភាពយន្ត​លើក​ដំបូង​មាន​ចំណង​ជើង​ថា ការពារ​ព្រហ្មចារីយ៍​ស្រីទុគ៌ត ។

មាន​អ្នក​ផលិត​ភាពយន្ត​មួយ​ក្រុម​ទៀត ដែល​ភាគ​ច្រើន​មិន​បាន​ទៅ​រៀន​សូត្រ​នៅ​សាលា​កុន​មួយ​ណា​ទេ តែ​ដោយសារ​ពួក​គេ​ស្រឡាញ់​កុន និង​ចង់​ប្រកប​អាជីវកម្ម​កុន ដែល​កាល​ណោះ កុន​មាន​ប្រជា​ប្រិយភាព​ និង​មាន​មនុស្ស​ចូលចិត្ត​ណាស់។ ក្នុង​ចំណោម​អ្នក​ថត​កុន​ទាំង​នោះ មាន​លោក យី ប៊ុនយីម, លោក អ៊ី វ៉ង់ហែម…។ល។ ដែលក្រោយ​មក​ បាន​ក្លាយ​ទៅ​ជា​ផលិតករ​ភាពយន្ត​ដ៍​ល្បីល្បាញនៅ​ទសវត្ស​ឆ្នាំ១៩៦០ និង៧០។

សំរាប់​លោក យី ប៊ុនយីម ពីដំបូង​គាត់​បាន​ទិញម៉ាស៊ីន​ថតកុន និង​ហ្វីលកុន​ ក្នុងឳកាស​ដែល​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហុងកុង។ ប្រាក់​ដែល​គាត់​យក​ទៅ​ទិញ​សំភារៈ​កុន​ដំបូង​នេះ គឺ​បាន​មក​ពី​ការ​លក់​ហាង​ (ហាងលក់​ថ្នាំ) របស់​គ្រួសារ​គាត់។ បន្ទាប់​មក​ គាត់​បាន​លើក​យីហោ​នៅ​មុខ​ផ្ទះ​គាត់ និង​ផ្សព្វផ្សាយ​រក​មនុស្ស​មក​ចូល​សំដែង​ក្នុង​កុន​របស់​គាត់ ដែល​ថត​ជា​លើក​ដំបូង​មាន​ចំណងជើង​ថា រន្ទះគ្រួសារ ។ កុននោះ​គ្មាន​សំលេងទេ មាន​តែ​ភ្លេង​កំដរ​ថត​លើ​ខ្សែអាត់​ផ្សេង ហើយ​នៅ​ពេល​បញ្ចាំង​ម្តងៗ មានមនុស្ស​ប្រុសម្នាក់ និងស្រីម្នាក់​ អង្គុយ​បញ្ចូល​សំលេង​នៅ​ក្នុង​រោង​កុន​ផ្ទាល់​តែ​ម្តង។ ក្នុង​ចំណោម​អ្នកបញ្ចូល​សំឡេង​ទាំង​នោះ​​មាន​លោក ឳ ផូ, លោក ចែម​សារុន, លោកស្រី សំអានណុល​, លោកស្រី កែ វណ្ណចាន់ ជាដើម​ មានឈ្មោះ​ល្បីល្បាញ​ណាស់។

នៅឆ្នាំ១៩៦២ ក្នុង​ឳកាស​ថតកុនខ្នាតអន្តរជាតិ​របស់​លោក Marcel Carmus មាន​ចំណង​ជើង​ថា បក្សីស្ថានសួគ៌ (L’oiseau de Paradis) ដោយ​ដក​ស្រង់​​ និង​កែ​សំរួល​យក​ពី​ក្នុង​​រឿង​រាមាយណៈ ដែល​មាន​ឈុត​ខ្លះ​តំរូវ​​អោយ​ផលិតករ​ មក​ថត​ដោយ​ផ្ទាល់​នៅ​ស្រុក​ខ្មែរ។ ពេល​នោះ លោក Carmus បាន​សំរេច​ជ្រើស​រើស​នារី ហែម​ ជា​តួឯង​ស្រី។ ក្រោយមក​ លោក អ៊ី វ៉ង់ហែម បាន​សំរេចចិត្ត​​ប្រឹងប្រែង​រៀនសូត្រ​វិធី​ថតកុន​នេះ​ដោយ​ខ្លួន​ឯង ហើយ​បាន​បង្កើត​ផលិតកម្ម​មួយ​មាន​ឈ្មោះ​ថា បក្សីស្ថានសួគ៌​ភាពយន្ត ដោយ​យក​តាម​ចំណង​ជើង​កុន​របស់​លោក Marcel Carmus តែម្តង។

នៅទសវត្សឆ្នាំ១៩៦០ និងដើមទសវត្ស​ឆ្នាំ១៩៧០ ជា​សម័យកាល​ដែលកុន​មាន​ប្រជាប្រិយភាព​។ គឺដោយសារ​តែ​ការ​និយម​មើល​កុន​របស់​​ខ្មែរ​យើង​នេះ​​ហើយ​ ដែល​ការ​កសាង​រោងកុន ​បាន​ចាប់​កើត​មាន​ឡើង​​​ព្រោង​ព្រាត។ ​មក​ទល់​នឹង​ឆ្នាំ១៩៧៤ នៅ​ភ្នំពេញ​មាន​រោងកុន​​ប្រហែល​ជា ៣០រោង។ ឯផលិតករ​វិញ​ ក៍​កើត​មាន​ឡើង​ច្រើន​ដែរ។ ចំពោះ​សាច់​រឿង​កុន​ដែល​​ក្រុម​ផលិតករ​​និយម​ចូល​ចិត្ត​ថត​នោះ ភាគ​ច្រើន​គេ​យក​​តាម​លំនាំ​រឿង​​បែប​សម័យ​បុរាណ ឬរឿង​ព្រេង​ដែល​មាន​សិល្ប៍​មន្តអាគម ដោយ​មិន​សូវ​ផលិត​​​រឿង​តាម​បែប​​សម័យ​ទំនើប​ទេ។

នៅ​ដើម​ទសវត្សឆ្នាំ១៩៦០ លោក រឿម សុផុន បាន​ទិញម៉ាស៊ីន​ភ្ជាប់​ខ្សែអាត់​សំឡេង​ជាមួយ​រូបភាព​ហ្វីល​តែ​ម្តង ដោយ​មិន​ចាំបាច់​បញ្ចូល​​សំឡេង​តាម​ខ្សែ​អាត់​​ផ្សេង​​ដូច​កាល​ពីមុន​ទៀតឡើយ ​ដែល​ធ្វើ​អោយ​កុន​ខ្មែរ​ កាន់​តែ​ជាក់​ស្តែង​ឡើង ឯរូបភាពពណ៌​ធម្មជាតិ​រឹត​តែ​ភ្លឺ​ច្បាស់​ ស្រស់​ស្អាត​ឡើង ​​ដែល​ធ្វើ​អោយ​អ្នក​​​ទស្សនា កាន់​តែ​មាន​ភាព​រំភើបខ្លាំងឡើងៗ​ដែរ។

នៅ​ឆ្នាំ១៩៦៨ ក្រោម​ព្រះរាជ​តំរិះ​របស់​ព្រះករុណា​ព្រះបាទសម្តេច​ព្រះនរោត្តម​ សីហនុ មាន​ការ​បង្កើត​មហោស្រព​ភាពយន្ត​​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ មហោស្រពនេះ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាងអធឹកអធម ដោយ​មាន​ភ្ញៀវជាតិ និង​អន្តរជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ ក្នុងឳកាស​នោះ ខ្សែភាពយន្ត​រឿង ប្រជាកុមារ ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះករុណា​សីហនុ ព្រមទាំង​សំដែង​ដោយ​ព្រះ​ករុណាសម្តេច​ព្រះបាទ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ននេះ ​បានជាប់​ចំណាច់​ថ្នាក់​លេខ១ ទទួល​បាន​ពានរង្វាន់ អប្សរាមាស ។

ក្រោយមកមួយឆ្នាំ គឺនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៩ ក៍​មាន​បើក​មហោស្រព​​ភាពយន្ត​ថ្នាក់​ជាតិ​ម្តងទៀត នៅ​រោង​មហោស្រព​ព្រះសុរាម្រឹត (រោងមហោស្រពទន្លេបាសាក់​ ដែលឆេះអស់)។ បន្ទាប់មក នៅ​ខែវិច្ឆិកា​ឆ្នាំដដែល រោងកុនមួយ​មាន​ឈ្មោះ​ថា រោងភាពយន្តរដ្ឋ ត្រូវ​បាន​សម្ពោធ​​ដាក់​​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះថា រោងកុនចេនឡា នៅ​ជិត​ភ្លើង​ស្តុប​ផ្សារ​ដើម គ សព្វថ្ងៃ​នេះ។

រហូត​មក​ដល់​ដើមទសវត្សឆ្នាំ១៩៧០ ពេល​ដែល​សង្រ្គាម​រីករាល​ដាល​ពេញ​ផ្ទៃ​ប្រទេស ការ​ថតកុន​ត្រូវ​ជួប​នូវ​ការ​លំបាក ដោយ​មិន​ហ៊ាន​ចេញ​ទៅ​ថត​នៅ​ខេត្ត​ឆ្ងាយៗ​​ដូច​មុន​ទៀត​ទេ។ នៅឆ្នាំ១៩៧៣-៧៤ កងទ័ពខ្មែរក្រហម​សំរុក​ចូល​ក្រុង​ភ្នំពេញ​កាន់​តែកៀក​ទៅៗ ហើយ​ស្ថានភាពទូទៅកាន់​តែ​តឹង​តែង រហូត​ដល់​មាន​ការ​ហាម​ឃាត់​ និង​បិទរោង​កុន​មិន​អោយ​បញ្ចាំង​តែ​ម្តង​ ដោយសារ​តែ​មាន​ការ​ផ្ទុះ ឬ​បោក​គ្រាប់​បែក​ដៃ​ក្នុង​រោង​កុន​ជា​ដើម។ ទាល់​តែ​មក​ដល់​ចុង​ឆ្នាំ១៩៧៤ និង​ដើមឆ្នាំ១៩៧៥ ទើបម្ចាស់​រោងកុន​នីមួយៗ សំរេច​ឈប់​បញ្ចាំង​ដោយ​ខ្លួនឯង​តែ​ម្តង។ ពេល​នោះ​ មនុស្សទូទៅ​លែងហ៊ាន​ចេញ​ពីផ្ទះ ហើយ​រង់ចាំ​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ​តែ​ម្តង…។

ប្រភព៖​ www.sroksrear.wordpress.com/

Comments (0)
Add Comment