ក្មេងស្រីដែលហ៊ានក្រោកឈរឡើងប្រឆាំងនឹងការបំបិទសិទ្ធិសេរីភាពក្នុងការទទួលបានការអប់រំ Malala Yousafzai កើតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៧ នៅទីក្រុង Mingora ក្នុងតំបន់ Swat Valley ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ នាងបានតស៊ូយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងសង្គមបំបិទសិទ្ធិទទួលការអប់រំរបស់ក្មេងស្រី រហូតដល់ពួកតាលីបង់បាញ់ប្រហារស្ទើរស្លាប់។ ប៉ុន្តែជីវិតរបស់នាងត្រូវបានសង្រ្គោះ ហើយក្រោយមក នាងនៅតែបន្តសកម្មភាព និង យុទ្ធនាការទាមទារសិទ្ធិទទួលការអប់រំក្មេងស្រី ដោយធ្វើឡើងខ្លាំងជាងមុនទៀត រហូតឈ្នះពានរង្វាន់ណូបែលសន្តិភាព ដែលមានអាយុក្មេងជាគេបំផុតក្នុងលោក។
នាងមានឈាមជ័រជាអ្នកស្រឡាញ់ការសិក្សាពីឪពុក ហើយសកម្មជនទាមទារសិទ្ធិទទួលបានការសិក្សា និងជាឪពុកMalala លោក Ziauddin Yousafzai បានបង្កើតស្ថាប័នអប់រំមួយនៅក្នុងទីក្រុង ដែលមានសិស្សជាច្រើននាក់មកទទួលយកការអប់រំពីទីនេះ។
ការរឹតត្បិតប្រឆាំងដាច់ខាតចំពោះក្មេងស្រីគ្រប់គ្នាមិនឲ្យចូលសាលាទទួលបានការសិក្សា បានកើតមានឡើងចំពោះក្មេងស្រីប៉ាគីស្ថានគ្រប់រូប នៅពេលពួកជ្រុលនិយមរបស់ឥស្លាម Taliban បានចាប់ផ្ដើមត្រួតត្រាទៅលើតំបន់ជាច្រើនផ្នែកនៃភាគពាយព្យនៃប្រទេសប៉ាគីស្ថានក្នុងឆ្នាំ២០០៧។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងហាមឃាត់មិនឲ្យមានសកម្មភាពទាក់ទងនឹងវប្បធម៌ដូចជាការរាំរបាំ សូម្បីតែការមើលទូរទស្សន៍ និងការដើរផ្សាររបស់ស្ត្រីផងដែរ។
នៅដើមឆ្នាំ២០០៩ ចំណង់ខ្លាំងក្លាចំពោះការទទួលបានសិទ្ធិក្នុងការរៀនសូត្រក្នុងសាលា បានក្លាយជាដើមហេតុជំរុញក្មេងស្រីដែលមានអាយុទើបតែ១១ឆ្នាំនេះ ឲ្យក្លាយជាសកម្មជនទាមទារសិទ្ធិទទួលបានការអប់រំ រហូតដល់នាងបានសរសេរអត្ថបទមួយសម្រាប់ BBC Urdu Service ដែលរៀបរាប់អំពីជីវិតនៅតំបន់ Swat Valley នៅក្រោមការត្រួតត្រារបស់ពួក Taliban និងចំណង់ខ្លាំងក្លារបស់នាងសម្រាប់ការរៀនសូត្រ ព្រមទាំងភាពភ័យខ្លាចពីសង្គ្រាមនិងការទៅសាលា។
ដោយសារនាពេលក្រោយមកសង្គ្រាមផ្ទុះឡើងរវាងប៉ាគីស្ថានជាមួយពួក Taliban នាងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ហើយក៏ចាកចេញពីទីកំណើតរយៈពេលប៉ុន្មានសប្ដាហ៍។ ប៉ុន្តែពេលនាងត្រឡប់មកវិញ សំឡេងរបស់នាងបញ្ចេញឥទ្ធិពលកាន់តែខ្លាំងឡើងៗ តាមរយៈចលនាក្រោកឈរឡើងទាមទារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សង្គមនិងយុទ្ធនាការជាសាធារណៈរបស់នាងជាមួយឪពុក រហូតដល់ចលនានេះតបស្នងមកនាងវិញនូវពានរង្វាន់សន្តិភាពយុវជនជាតិដំបូងរបស់ប៉ាគីស្ថាន (Pakistan’s first National Youth Peace Prize) ក្នុងឆ្នាំ២០១១ និងពានរង្វាន់សន្តិភាពរបស់កុមារជាអន្តរជាតិ (International Children’s Peace Prize) ក្នុងឆ្នាំដដែលនេះផងដែរ។
ការកើនឡើងនូវភាពល្បីល្បាញនិងការទទួលស្គាល់របស់នាងពីពិភពលោក ធ្វើឲ្យមេដឹកនាំរបស់ពួកតាលីបង់ ( Taliban) ប៉ុនប៉ងសម្លាប់នាង។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ពួកជ្រុលនិយមឥស្លាមនេះ បានអនុវត្តផែនការឃោរឃៅរបស់ខ្លួននៅពេលMalala ជិះឡានក្រុងត្រឡប់មកពីសាលាទៅផ្ទះវិញ។ ក្នុងខណៈនោះ គ្រាប់កាំភ្លើងមួយគ្រាប់ដែលបាញ់ចេញពីកាំភ្លើងរបស់សមាជិកពួក Taliban ម្នាក់ បានឆ្លងកាត់ពីក្បាលទៅករួចបន្តទៅស្មារបស់នាង បណ្ដាលឲ្យនាងរងគ្រោះយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ គ្រោះថ្នាក់នេះមិនបានប៉ះពាល់ដល់ជីវិតឬក៏ផ្នែកសំខាន់នៃខួរក្បាលអ្វីរបស់នាងឡើយ ហើយនាងក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Birmingham នៃចក្រភពអង់គ្លេស ដើម្បីទទួលបានការព្យាបាលនិងមើលថែទាំយ៉ាងដិតដល់។ រហូតដល់ខែមិនាឆ្នាំ២០១៣ ទើបនាងបានរួចផុតពីស្ថានភាពសន្លប់បាត់បង់ស្មារតីនិងបានទទួលការអប់រំនៅទីនោះពេលនាងដឹងខ្លួនមកវិញ។
ឆ្នាំ២០១៣ ដដែលនេះ នាងបានចេញផ្សាយសៀវភៅដែលនាងសរសេរពីជីវប្រវត្តិរបស់ខ្លួនឯង មានចំណងជើងថា “I Am Malala: The Girl Who Stood Up for Education And Was Shot by the Taliban”។ ស្នាដៃសមិទ្ធផលរបស់នាង បានធ្វើឲ្យសភារបស់អឺរ៉ុបប្រគល់ពានរង្វាន់ដ៏មានកិត្តិយសបំផុតមួយឈ្មោះថា Sakharov Prize for Freedom of Thought។ ឆ្នាំដដែលនេះទៀត មូលនិធិ Malala ដែលមាននាងនិងឪពុកនាងជាស្ថាបនិក ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកទឹកចិត្តក្មេងស្រីគ្រប់រូបឲ្យបំផុសសក្ដានុពលរបស់ខ្លួន ឲ្យក្លាយជាមនុស្សក្លាហានបញ្ចេញគំនិតរបស់ខ្លួន និងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យក្នុងសហគមន៍របស់ពួកគេ។
នៅថ្ងៃ១០ធ្នូ ឆ្នាំ២០១៤ ក្នុងវ័យទើបតែ១៧ឆ្នាំ Malalaបានទទួលពានរង្វាន់ណូបែលសន្តិភាពជាមួយនឹងក្មេងស្រីជាសកម្មជនឥណ្ឌាទាមទារសិទ្ធិរបស់កុមារនិងការអប់រំម្នាក់ទៀត ធ្វើឲ្យនាងក្លាយជាមនុស្សដ៏ក្មេងជាងគេដែលបានទទួលពានរង្វាន់នេះ។ មិនតែប៉ុណ្ណោះ នាងបានបរិច្ចាគប្រាក់ដែលនាងទទួលបានពីពានរង្វាន់ដែលមានចំនួនជាង៥០០,០០០ដុល្លារទាំងអស់សម្រាប់បង្កើតសាលាបឋមសិក្សាសម្រាប់ក្មេងស្រីនៅឯប៉ាគីស្ថានផងដែរ៕
កែសម្រួលដោយ ៈ Mr 365
ប្រភពៈ www.malala.org & www.nobelprize.org