ប្រវត្តិខ្លះៗអំពីឧបករណ៏ភ្លេងខ្មែរ គែន

គែន គឺជា​ឧបករណ៍​សិល្បៈ​មួយ​ប្រភេទ ដែល​ជនជាតិ​ទាំងអស់​នៅ​តំបន់​ខ្ពង់រាប និង​វាលទំនាប​នៅតែ​ពេញនិយម​រាប់​សតវត្សរ៍​មកហើយ ។ រីឯ​នៅប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ លាវ និង​វៀតណាម ក៏​ប្រើ​ឧបករណ៍​សិល្បៈ​ប្រភេទ​នេះ​ដូចគ្នា​ដែរ ដែល​អាចមាន​មនុស្ស​ខ្លះ​យល់ច្រឡំ​ថា គែន​ជា​ឧបករណ៍​សិល្បៈ របស់​ជាតិ​សាសន៍​របស់គេ​ទៅវិញ ។

តាម​ការស្រាវជ្រាវ​ អំពី​ប្រភព​វប្បធម៌ គេ​ពុំ​អាច​ផ្តាច់​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែល​រស់​នៅតាម​វាលទំនាប​ចេញពី​ ខឿនវប្បធម៌​រួម​នៃ​កុលសម្ព័ន្ធ​ខ្មែរលើ​បានឡើយ ព្រោះ​ខ្មែរ​វាលទំនាប និង​កុលសម្ព័ន្ធ​ខ្មែរ បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ពុំ​អាច​ផ្តាច់ចេញ​បាន​ទាំង​វប្បធម៌​ ពូជសាសន៍ និង​ប្រភេទ​ឈាម​រួម​ថែម​ទៀតផង ។

គែន​ជា​ឧបករណ៍​សិល្បៈ​ របស់​កុលសម្ព័ន្ធ ដែល​ពួកគេ​មាន​ដើមកំណើត​ចេញពី​វប្បធម៌ និង​អរិយធម៌​មន-ខ្មែរ ឬ ខ្មែរ-មន​តាំង​ពីមុន​ការហូរចូល​នៃ​ឥទ្ធិពល​ឥណ្ឌា និង​ចិន​ម្ល៉េះ ។ ជនជាតិខ្មែរ​បាន​បង្កើត​រដ្ឋ​ចាប់ផ្តើម​ពីស.វ.ទី ១ នៃ​គ.ស ក្រោម​ឥទ្ធិពលវប្បធម៌​ឥណ្ឌា​ដែល​កាលនោះ​ឈ្មោះថា​ជនជាតិ​មន-ខ្មែរ ។

ជនជាតិ​មន-ខ្មែរ ឬ ខ្មែរ-មន បានមក​រស់នៅ​តាម​ព្រៃភ្នំ​ដូចជា​ពួក​ស្អូច សម្រែ ព្រៅ កួយ ព័រ និង​ជង​ជាដើម ដែល​និយម​ហៅ ថា ខ្មែរ​ដើម ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏​ទាំង​ជនជាតិខ្មែរ​មាន​រដ្ឋ ទាំង​កុលសម្ព័ន្ធ​មន-ខ្មែរ​ពុំទាន់​មាន​រដ្ឋ​ដែល​រស់នៅ​តាម របៀប​បុរាណ​នោះ គេ​ឱ្យ​ឈ្មោះថា​ព្នង (ភ្នំ) ។ កុលសម្ព័ន្ធ គឺជា​ជនជាតិ​អម្បូរ​មន-ខ្មែរតែមួយ​ដែល​បាន​ត​ពូជពង្ស​រហូតមក​ជាមួយ​នឹង​ការ ថែរក្សា​សិល្បៈ​វប្បធម៌​គែន​នេះ​ផងដែរ ។ វត្ថុ​សិល្បៈ​គែន​នេះមិន​ត្រឹមតែ​មានការ​ពេញនិយម​នៅ​សម័យ​សង្គម​ បច្ចុប្បន្ននេះ​ប៉ុណ្ណោះ​ទេ តែ ​ការរកឃើញ​គ្រោងឆ្អឹង​នៅក្នុង​ស្ថានីយបុរេប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញ​ ឱ្យដឹង​យ៉ាងច្បាស់​ ថាឧបករណ៍​សិល្បៈ​នេះ (គែន) គឺជា​សម្បត្តិ​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​យ៉ាងពិត​ប្រាកដ ។

ដោយឡែក​ឧបករណ៍​គែន ក៏ត្រូវ​បាន​ជនជាតិ​ប្រទេសជិតខាង​កម្ពុជា​ដូចជា​ជនជាតិ​វៀតណាម​កណ្តាល ភាគខាងត្បូង ជនជាតិ​ថៃ រហូតដល់​ជនជាតិ​លាវ​ទៀតផង ក៏​នៅតែ​ប្រើ​ឧបករណ៍​គែន​ជា​សិល្បៈ​ជនជាតិ​របស់គេ​ផងដែរ ។ យើង​គ្រាន់តែ​យល់ថា ខ្មែរ​យើង​ពុំបាន​ខ្ចី​ឧបករណ៍​គែន​មក​ប្រើ​ដូច​ការយល់ច្រឡំ​នៃ​មនុស្ស​ មួយចំនួននោះឡើយ (ម.ត្រា​ណេ) ។

ដោយៈMr365

 

cambodiakhmerkomnertគែនប្រវត្តិខ្លះៗអំពីឧបករណ៏ភ្លេងខ្មែរ គែនឧបករណ៏ខ្មែរ
Comments (0)
Add Comment