+ ប្រវត្តិនៃឈ្មោះបាត់ដំបង
-បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃនៅមុនសម័យ និងសម័យអង្គរគឺពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបង នោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារ”មហាជនខ្មែរ”មាន ប្រើឈ្មោះ”ស្រុកបាត់ដំបង “ ។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺ រឿងតាដំបងក្រញូង ដែលខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះ ”បាត់ដំបង”ឬអូរដំបង ។ឯឈ្មោះ “ព្រះដំបង” គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា ”ព្រះដំបង” ។
-កាលពីមុនសម័យអង្គរ និងសម័យអង្គរភាគខាងលិច និងភាគពាយ័ព្យនៃបឹងទន្លេសាបគឺជា ដែនដីអមោឃបុរៈ និងជាដែនដី ភិមៈបុរៈ ។ នៅក្នុង សម័យអង្គរដែនដីឬ ភូមិភាគអមោឃបុរី មានការរីកចំរើនខ្លាំងដោយសារ ដីមានជីរជាតិល្អអាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបាន ប្រកបដោយទិន្នផលល្អប្រសើរ ។ ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះច្រើនជាភស្តុតាង បង្ហាញ គឺមានប្រាសាទបុរាណជាច្រើនសន្ឋឹកសន្ឋាប់ក្នុងតំបន់នេះ ។ ប៉ុន្តែប្រាសាទបុរាណទាំងនោះរលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ លើកលែងតែ ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែតប្រាសាទស្ទឹង បន្ទាយទ័យ បន្ទាយឆ្មារ ។ល។ ដែលនាម៉ឺនសព្វមុខមន្ត្រីនិង ប្រជារាស្ត្រជំនាន់នោះបានកសាងឡើង សំរាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗ ។ ខាងព្រហ្មញ្ញាសាសនា ឬក៏ដល់ព្រះពុទ្ឋនិងពោធិសាត់ផ្សេងៗខាង ពុទ្ឋសាសនា។
-នៅសតវត្សក្រោយមកទៀតដែនដី ខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស ១៥-១៦-១៧-១៨ ធ្វើអោយជីវភាព រស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស និរាសគ្រួសារទ្រព្យសម្បិត្តផ្ទះសម្បែងគួរអោយខ្លោចផ្សារ។
-នៅចុងសតវត្សទិ១៨ ដល់ដើមសតវត្សទី២០ បាត់ដំបងក៏ធ្លាក់នៅក្រោម អំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្ស ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វ៊ាបែន ក្រោយមកគេដាក់ឈ្មោះថា ” ត្រកូលអភ័យវង្ស “អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ។
-តាមសន្ឋិសញ្ញាបារាំង សៀម ចុះថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកអោយកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់ កាប់ជាងមួយសតវត្សនោះ គឺបាត់ដំបង សៀមរាបអង្គ្គរ សិរីសោភ័ណ ចុងក្រោយប្តូរខេត្តត្រាត ជាតំបន់ដាច់សេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមក ព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់ បានចេញ ព្រះរាជប្រកាសលេខ៦៦ ចុះថ្ងៃទី ៦ខែ ធ្នូ ឆ្នាំ១៩០៧ កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា ៣ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាបនិង ខេត្តសិរីសោភ័យ ។
-នៅឆ្នាំ១៩២៥ ទឹកដីខេត្តបាត់ដំបង ត្រូវបានបែងចែកសារជាថ្មីអោយទៅ ជាខេត្តបាត់ដំបង មានស្រុក២គឺខេត្តបាត់ដំបង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក២ គឺស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ្ឌ ។ នៅឆ្នាំ១៩៤០ខេត្តបាត់ដំបងមានស្រុកចំនួន៧ គឺស្រុកបាត់ដំបង ស្រុកសង្កែស្រុកមោងឬស្សីស្រុកមង្គលបុរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និងស្រុកបិត្បូង។
-នៅខែឧសភាឆ្នាំ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើង ចំណុះស្រុកសិរីសោភ័ណ ។ នៅខែកក្តដាឆ្នាំ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា២ស្រុកគឺស្រុកព្រះនេតព្រះនិង ស្រុកភ្នំស្រុក ។ ស្រុកសិរីសោភ័ណ ត្រូវបានបែងចែកទៅជា២ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មា។ នៅ ខែមិនា ឆ្នាំ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅ ឆ្នាំ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថា ស្រុកអូរជ្រៅ។ នៅ ខែកក្តដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សីមួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ ក្រឡ ។ នៅ ខែមិនាឆ្នាំ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំង នៅថ្មពួក ។ ជាមួយគ្នានេះស្រុកបន្ទាយឆ្មាត្រូវបានដកចេញពី ខេត្តបាត់ដំបង ឲ្យចំណុះ ខេត្តឧត្តមានជ័យ វិញដែលជាខេត្តដែលទើបបង្កើតថ្មី ។
-នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន២បានបង្កើតឡើងគឺ ស្រុកបាណន់ និងស្រុកគាស់ឡ ។ សរុបមកដល់ត្រឹមនេះស្រុកបាត់ដំបងមានស្រុកចំនួន៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សីស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ឡ និងតំបន់ រដ្ឋបាលចំនួន២ គឺ តំបន់រដ្ឋបាលបាក់ព្រានិងតំបន់រដ្ឋបាលល្វា ។ ក្នុងរបបវាលពិឃាត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ នៅខេត្តបាត់ដំបងក៏ដូចជាខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ ។ ខេត្តបាត់ដំបង ធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅ ជាតំបន់ទទួលទារុណកម្មកាប់សំលាប់និងបង្អត់អាហារពេលនោះខេត្តពុំ មានព្រំប្រទល់ច្បាស់លាស់ទេដោយ អង្គការដឹកនាំពេលនោះដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគ ពាយ័ព្យហើយមានតំបន់១តំបន់៣តំបន់៤ និង តំបន់៥ ។ ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង-ស្រុកមង្គលបុរី ស្រុកសង្កែ-ស្រុកមោងឬស្សី-ស្រុក៤១-ស្រុក៤២ ។ល។
–ខេត្តបាត់ដំបងត្រូវបានរំដោះជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅ ថ្ងៃទី១៣ ខែ មករា ឆ្នាំ១៩៧៩ ។ ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍ (ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់) ។ គណៈកម្មាធិការប្រជាជន ឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅ ឆ្នាំ១៩៨៣ ។ ពីឆ្នាំ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន៩ទីរួមខេត្តចំនួន១ ។
-នៅឆ្នាំ១៩៨៦ ស្រុកថ្មី៣ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់-ស្រុកបវេលនិង ស្រុកឯកភ្នំ ។ ត្រឹមតំណាក់កាលនេះបាត់ដំបងមាន ១២ស្រុកនិងទីរួមខេត្ត៩គឺស្រុកមោងឬស្សី-ស្រុកសង្កែស្រុកបាណន់- ស្រុកឯកភ្នំ-ស្រុកបាត់ដំបង-ស្រុករតនមណ្ឌស្រុកមង្គលបុរី-ស្រុក សិរិសោភ័ណ ស្រុកព្រះនេតព្រះ-ស្រុកថ្មពួក-ស្រុកភ្នំស្រុក និង ស្រុកបវេល ។
-នៅឆ្នាំ១៩៨៨ ស្រុកចំនួន៥គឺស្រុកមង្គលបុរី-ស្រុកថ្មពួក-ស្រុកសិរីសោភ័ណ- ស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយ ទៀតគឺខេត្តបន្ទាយមានជ័យ ។ ចាប់ពីនោះរហូតដល់ឆ្នាំ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន៧ទីរួមខេត្ត១ និងឃុំចំនួន៥៣និងសង្កាត់ចំនួន១០ ។
-ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួម ខេត្តបាត់ដំបង ត្រូវបានប្តូរ ឈ្មោះមកជាស្រុកស្វាយប៉ោវិញ ។ ចំណែកសង្កាត់ ទាំង១០ត្រូវបានប្តូរមកជាឃុំដូច្នេះ ខេត្តបាត់ដំបង មានស្រុកចំនួន៨និងឃុំចំនួន ៤៧ ។
-នៅឆ្នាំ១៩៩៨ ក្រោយសមាហរណកម្មកំលាំងកម្ពុជាប្រជាធិបតេយ្យ ខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើតក្រុង ប៉ៃលិនហើយស្រុកចំនួន៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត-ស្រុកកំរៀងស្រុកភ្នំព្រឹកនិង ស្រុកសំពៅលូន។
-នៅឆ្នាំ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ ក្រឡដែលមាន៦ឃុំ ។ ចំណែកឯស្រុកស្វាយប៉ាត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ ។ រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជា ស្រុកថ្មគោលវិញ ។
-នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2008 ស្រុកបាត់ដំបង បានប្តូរទៅជាក្រុងបាត់ដំបងចំនុះអោយ ខេត្តបាត់ដំបង វិញ ហើយឃុំទាំងអស់ក្នុងស្រុកបាត់ដំបង ប្តូរទៅជាសង្កាត់វិញ។ ចំនែកស្រុកមោងឬស្សីត្រូវកាត់ជាពីរ ដើម្បីបង្កើតស្រុកថ្មី គឺ ស្រុករុក្ខគិរី។
សំគាល់ ៈ ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នខេត្តបាត់ដំបងមានស្រុក ចំនួន១៣ ឃុំចំនួន៩៦និងភូមិចំនួន៧៤១មានផ្ទៃដី១.១៦២.២០០ហិកតា មានប្រជាជន១៩១-៣១៧គ្រួសារ មនុស្សរាយ៩៨៨-៥១០នាក់ ។
កែសម្រួលដោយៈ Mr365