សែនក្បាលទឹក ឬភាសាចិនហៅថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថាបុណ្យខ្មោច ត្រូវបានប្រជាជនចិនយួន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ (春节)។
បុណ្យនេះត្រូវបានគេធ្វើឡើងក្នុងខែ៧របស់ចិន នៅថ្ងៃ១៤កើត សម្រាប់បងប្អូនចិន កាតាំង ហុកគៀន.. តែសម្រាប់បងប្អូនចិនទៀជាវវិញ គឺគេធ្វើនៅថ្ងៃ ១៥កើត ។ តែដោយបងប្អូនខ្មែរយើងកាត់ទៅខាងទៀជាវច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នាដោយកំណត់ក្នុងប្រតិទិនយកថ្ងៃ១៥កើតខែ៧ចិននេះដូចគ្នា។
បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអរតាំងស្កេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។
ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ។ល។ ហើយសុំផ្សងមកវិញ នូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។
ក្នុងជំនឿជនជាតិចិន ខែ៧នេះគឺជាខែខ្មោច (鬼月 gui yue) ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវ ធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ។
ទាំងនេះសុទ្ធតែជាជំនឿមួយក្នុងចំណោមជំនឿចិនយួន ដែលមិនមានចែងក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះទេ តែដោយហេតុថាស្រុកខ្មែរយើង មានចំរុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រដ្ឋាភិបាលមិនបានហាមឃាត់នោះឡើយ។ វាក៏ជារឿងល្អមួយដែរ ក្នុងការរៀបចំឲ្យមានស្ថេរភាពសង្គម និងសន្តិសុខ។ ម្យ៉ាងវិញទៀត វាក៏ជាថ្ងៃដែលបងប្អូន ញាតិមិត្តបានជួបជុំសែនព្រេន និងសប្បាយរីករាយផងដែរ បន្ទាប់ពីបែកគ្នាមួយរយៈធំឬតូច ទៅប្រកបរបររកស៊ីដោយរៀងៗខ្លួននោះ ព្រោះថាបន្ទាប់ពីសែនព្រេនរួច រលត់ធូបមិនទាន់ សំណែនម៉ែឪ កុងម៉ា មុខតែក្លាយជាគ្រឿងក្លែមទៅវិញមិនខាន។
បំណងល្អពីអេរើរីដេ៖ ពេលសប្បាយជួបជុំបងប្អូនភាគច្រើន តែងតែមានពិសារគ្រឿងស្រវឹង មិនថាតិចរឺច្រើន សូមពិសារដោយទទួលខុសត្រូវ បើស្រវឺងសូមកុំបើកបរ។
កែសម្រួលដោយៈ Mr365