លោកស្រី រស់ សេរីសុទ្ធា កើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ដែលមានស្រុកកំណើតភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង រួចបានបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៧ (ពត៌មានមិនផ្លូវការ)។ លោកស្រីមានឪពុកឈ្មោះ រស់ ប៊ុន ជាលោកគ្រូភ្លេងខ្មែរផង និងជាគ្រូស្តោះផ្លុំផង និងម្តាយឈ្មោះ ណាត់ សាមៀន ហើយលោកស្រីមានបងប្អូនចំនួន ៥ នាក់ (ស្រី ០៤ នាក់) ហើយលោកស្រីជាកូនទី ៤។
ប្រវត្តិការសិក្សា៖
- ចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ ១៩៦២ រួចឈប់រៀន ដើម្បីចាប់អាជីពជាអ្នកចម្រៀង។
ប្រវត្តិសិល្បះ៖
- ដោយមានឪពុកជាគ្រូភ្លេងខ្មែរ ដូចនេះលោកស្រី រស់ សេរីសុទ្ធា តែងតែទៅហាត់ភ្លេង និងហាត់ច្រៀងភ្លេងការជាមួយឪពុករបស់លោកស្រី។ នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាស លេខមួយ ប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀងពេលបុណ្យចូលឆ្នាំ។ មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញកញ្ញា សុទ្ធា អោយទៅច្រៀងកំដរក្នុងពិធីស្វាគមន៍កូនកំលោះរបស់លោក គី ស៊ានហូ (ដែលជាកូនលោកឧកញ៉ាគេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង) អាយុប្រមាណ ២៤ ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សាផ្នែកវិស្វកម្មមកពីទីក្រុងប៉ារីស។
- លោកសាស្ត្រាចារ្យ ប៊ុន ថង បាននាំយក សេរីសុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។
- លោកសាស្ត្រាចារ្យ ប៊ុន ថង បានណែនាំ សុទ្ធា អោយស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង, អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ
- នៅឆ្នាំ១៩៦៧ យុវតី សុទ្ធា បានចូលបម្រើជាអ្នកចម្រៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈជាញឹកញាប់
- ដោយទេពកោសល្យដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិ៍ចិនតុង ហើយមានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានា និងបានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល
- នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងគឺលោកស្រី រស់ សេរីសុទ្ធា បានទទួលគោរមងារពីព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ថា ជា រាជិនីសំនៀងមាសប្រចាំកម្ពុជា។
ជីវិតរៀបការ៖
- នៅឆ្នាំ១៩៦៨ លោកស្រី រស់ សេរីសុទ្ធា បានសម្រេចចិត្តរៀបការ ជាមួយលោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហា និងសម្បូរស្នេហ៍ ។ ក្រោយពីរៀបការហីយបាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បានស្ទុះឡើងទៅទះតប់វាយធ្វើបាបភរិយាយ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រច័ណ្ឌចំពោះភ្ញៀវជាមួយនាង។ ពេលនោះលោកស្រី រស់ សេរីសុទ្ធា បានត្រឡប់ទៅបាត់ដំបងវិញ ដោយបាត់បង់ទារកក្នុងផ្ទៃ ពីព្រោះតែការវាយតប់របស់ សុះ ម៉ាត់ រួចបានចែកផ្លូវគ្នា តែនាងត្រឡប់មកច្រៀងនៅភ្នំពេញវិញ ដោយសារការធានាពីលោកតា ស៊ិន ស៊ីសាមុត។
- ចុងឆ្នាំ១៩៦៩ អ្នកស្រី សុទ្ធា បានជួបនឹងកំលោះមួយរួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណ ច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ
- នៅ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រីទាំងកណ្តាលយប់ ទៅជូបលោកឧត្តមសេនីយ ស្រី យ៉ា ហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះវិញឡើយ។ ភរិយាដើមរបស់លោក ស្រី យ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រី យ៉ា បានប្រើអំណាចបង្ខំចាប់យកអ្នកស្រី សុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ និងនៅអំឡុងបួនឆ្នាំ ដែលអ្នកស្រី សុទ្ធា រស់នៅជាមួយលោក ស្រី យ៉ា លោកស្រីមានបុត្របួននាក់។
- នៅ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រី សុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្ត ត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។
ខ្សែជីវិតចុងក្រោយ៖
- ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហិង្សា ជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀត ។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេចច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះ ៗ ត្រឡប់ទៅវិញ ដែលជាហេតុបណ្តាលអោយអង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧ ។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតឡើយ៕
ប្រភពៈ wikipedia
កែសម្រួលដោយៈMr365