ខ្មែរហៅថា តាខេ ស្រដៀងគ្នានឹងភាសាសៀមហៅថា ចរខេ៍ ឬតៈខេរ៍ មានន័យថា សត្វក្រពើ ។ ពាក្យថា តាខេ ក៏មានន័យថា សត្វក្រពើដែរ ពីព្រោះឧបករណ៍តាខេនេះមានរូបរាងដូចសត្វក្រពើសុទ្ធសាធ កាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះ តាខេមានរូបរាងធម្មតាបាត់លក្ខណៈជារូបរាងសត្វក្រពើអស់ហើយ ។ នៅក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃ ខ្លះហៅថា តៈខេ ខ្លះទៀតហៅថា តាខេ។
ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងមហោរី, វង់ភ្លេងអាយ៉ៃ, វង់ភ្លេងការ សម័យទំនើប និងប្រគំម្នាក់ឯង ជួនកាលចំរៀងដេញបែបចាប៉ីដងវែងក៏មាន ។
នៅក្នុងវង់ភ្លេងមហោរី គេច្រើនតែយកតាខេណាធំៗ មានសំនៀងក្រាងក្រអៅធ្ងន់ មកចូលរួមប្រគំ ប៉ុន្ដែនៅក្នុងវង់ភ្លេងអាយ៉ៃ និងវង់ភ្លេងការសម័យទំនើបវិញ គេច្រើនតែយកតាខេតូចជាងបន្ដិចមានសំនៀងចរចាតស្រាលមកប្រគំ ។ តាខេ មានដំណើរសាច់បទចិញ្ច្រាំញាប់ធ្វើ ឱ្យសំនៀងចង្អៀតជាងឧបករណ៍ដទៃ ។
សព្វថ្ងៃតាខេនៅកម្ពុជាយើងធ្វើអំពីឈើខ្នុរ ដែលជាប្រភេទឈើឱ្យសំនៀងល្អជាងឈើដទៃ ។ ដូនតាយើងបានបែងចែកតាខេទាំងមូលជា៣ផ្នែក គឺក្បាលដងខ្លួន និង
ពោះ ។ នៅត្រង់ក្បាលមានព្រលួត៣ ច្រើនធ្វើ អំពីឈើរឹងៗ មានកំប៉ក់អាចម៍ឆ្កែ១ (ពកនៅលើច្រមុះក្រពើ បុរាណហៅថា កំប៉ក់អាចម៍ឆ្កែ) បន្ដុបពីលើសំរាប់លំអ ។ មានធរណី (ប្រកៀន) ដាក់បន្ទាប់ពីព្រលួត គឺជាខ្ទង់ ដែលខ្ពស់ជាងគេសំរាប់ទ្រខ្សែឱ្យផុតពីខ្ទង់ដទៃ ។ នៅក្រោមក្បាលមានជើងមួយសំរាប់ទ្រ ។
នៅលើខ្លួនមានខ្ទង់១២ ធ្វើអំពីឈើរឹង ឬ ឆ្អឹងដំរី ។ នៅលើខ្ទង់នីមួយៗមានបិទឆ្អឹង ឬ ខ្នងឫស្សីរឹងបន្ដុបពីលើសំរាប់ការពារភាពសឹករឹលនៃខ្ទង់ ។ ខ្ទង់ទាំង១២នេះរាយចន្លោះពី មួយទៅមួយតាមកំរិតសំនៀងរបស់ខ្លួន ។ នៅលើពោះមានប្រអប់មួយធ្វើអំពីឈើ ឬស្ពាន់មានឈ្មោះហៅថា ក្រាញ (គីង្គក់) នៅលើក្រាញមានបន្ទះឫស្សីតូចស្ដើងសំរាប់កល់ខ្សែសំនៀងឱ្យមានសំនៀងក្រាងៗ ដែលជាលក្ខណៈសំនៀងរបស់តាខេ ។ នៅខាងក្រោមពោះមានជើង៤ ឬ២សំរាប់ទ្រតួតាខេ ។
ខ្សែសំនៀងមាន៣ ៖
-ខ្សែទី១ ហៅថា ខ្សែឯក មានសំនៀងតូច ជាងគេ ពីដើមគេប្រើសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្នគេប្រើជ័រនីឡុងជំនួសវិញ ។
-ខ្សែទី២ ហៅថា ខ្សែគ មានសំនៀងគ្រលរ ធ្វើអំពីសរសៃសូត្រដែរ ប៉ុន្ដែឥឡូវគេប្រើ ខ្សែនីឡុងវិញ ។
-ខ្សែទី៣ ហៅថា ខ្សែបន្ទរ មានសំនៀងធំ ធ្វើអំពីខ្សែលោហធាតុប្រើសំរាប់តែបន្ទរ ។
ក្រចកកេះខ្សែសំនៀង មានរាងមូលទ្រ វែងជមផ្នែកខាងកេះ ក្រចកនេះធ្វើអំពីឈើ រឹង ឬភ្លុកដំរី មានដោតខ្សែចំកណ្ដាល សំរាប់ ទុករុំភ្ជាប់នឹងចង្អុលដៃកេះ ។
ក្នុងពេលប្រគំបទភ្លេងម្ដងៗ គេប្រើប្រាស់ ខ្សែឯកច្រើនជាងគេសំរាប់រាយសាច់បទ ឯ ខ្សែគ និងខ្សែបន្ទរពុំសូវប្រើឡើយ ។ តន្ដ្រីករ តាខេគ្រប់រូបប្រើម្រាមដៃតែ៣ សំរាប់ចុច ខ្សែសំនៀង ចំណែកឯមេដៃ និងកូនដៃគេ ច្រើនតែទុកនៅទំនេរ ៕ (ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)
ដោយៈMr365