ប្រវត្តិ​នៃពិធីបុណ្យ​ឆេងម៉េង​

ពីមួយ​ឆ្នាំទៅមួយឆ្នាំ ប្រជាពល​រដ្ឋ​ខ្មែរ​ជាប់​សែ​ចិន ឬ​ខ្មែរ​កាត់​វៀតណាម និង​ជន​ជាតិ​ចិន​រស់នៅលើទឹកដី​ខ្មែរ​ទាំងអស់​បាន​នាំគ្នា​ប្រារព្ធ​ពិធី​បុណ្យ​សែន​ផ្លូរ​ ឬ​ឆេងម៉េង ​ក្នុង​លក្ខណៈ​យ៉ាង​គគ្រឹក​គគ្រេង។ ពិធី​នេះ​មាន​ឈ្មោះ​ជា​ភាសា​ចិន​ថា ឆីងមីង (QingMing) ឬ​ភាសាអង់គ្លេស “Cold Food Festival” គឺ​សំដៅ​ដល់​ពិធី​សែន​ផ្នូរ បុណ្យ​ជម្រះ​ចិត្ត​ឱ្យ​ជ្រះថ្លា ឬ​ទិវា​សម្អាត​ផ្នូរ​ជូន​ដូនតា ឬ​ក៏​ឪពុកម្ដាយ​ដែល​បាន​ចែក​ឋាន​ទៅ។

តើពិធីនេះមានប្រវត្តិយ៉ាងដូចម្ដេច? គេធ្វើឡើងដើម្បីអ្វី?

យោង​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នកនិពន្ធ​ក្រោម​ឆ័ត្រ បាន​អត្ថាធិប្បាយ​ថា ចិន​និង​វៀតណាម​បាន​ចាត់​ទុក​បុណ្យ​សែន​ផ្នូរ ឬ​បុណ្យ​ឆេងម៉េង គឺ​ជា​ពិធី​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមគ្រួសារ ឬ​សាច់​ញាតិ​ចងចាំ​ដោយ​ការ​គោរព​ចំពោះ​បុព្វការី​ជន ​មាន​ដូនតា ឪពុកម្ដាយ ឫ​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ។ ជាទូទៅ ទំនៀម​សែនផ្នូរ ឬ​ឆេងម៉េង​នេះ ប្រព្រឹត្តិ​ទៅ​រយៈពេល​១៥​ថ្ងៃនៅ​ក្នុង​ខែ​មេសា ប៉ុន្តែ​សម្រាប់​ថ្ងៃ​សែនធំ​ឬ​សំខាន់​បំផុត​គេ​តែងតែ​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃទី៤ ឬ​ទី​៥​ខែ​មេសា

តាម​ការ​កត់​សម្គាល់ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល១៥ថ្ងៃដូច​នឹង​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​របស់​ខ្មែរ ​​ដែរ គ្រាន់​តែ​​ខុស​គ្នាត្រង់​ខែ​ និង​របៀប​ដែល​ត្រូវ​ធ្វើ​ឡើង​ប៉ុណ្ណោះ។ បន្ថែម​លើស​ពី​នេះ តាម​រយៈ​ជនជាតិចិន ខ្មែរ​កាត់​ចិន ឬ​ជាប់​សែ​ស្រឡាយ​ចិន​ និងវៀតណាម​បាន​​បង្កើត​ឱ្យ​មាន​វត្ត​មាន​​ពិធី​នេះ​លើ​ទឹក​ដី​ខ្មែរ​ ចាប់​តាំង​ពី​មុន​ទស្សវត្សរ​ឆ្នាំ១៩៦០ ​មក​​ម្ល៉េះ។

គួរជម្រាបថា គ្រឿង​រណ្ដាប់​នៅ​ក្នុង​ពិធី​នេះ​មាន​ម្ហូបអាហារ ផ្កា ទៀន ធូប គ្រឿង​ក្រអូប និង​ក្រដាស​អំណោយ​ទាន ​ជាដើម​ ហើយ​គេក៏​បាន​ជម្រះ​ស្មៅ​ដើម្បី​សម្អាត​ផ្នូរ​ និង​ពូនដី​បន្ថែម​ផងដែរ។ នៅ​ថ្ងៃសែន គេ​បាន​នាំ​គ្រួសារ​សាច់​ញាតិ​ប្រុស​ស្រី​មក​ជួប​ជុំ​គ្នា ដោយ​មាន​ក្រាលកន្ទេល​ពី​មុខ​ផ្នូរ​ ព្រម​ទាំង​រៀប​ចំ​គ្រឿង​សំណែន​ផ្សេងៗ​ មាន​ដូចជា​បាយ សម្លរ មាន់ស្ងោរ ជ្រូកខ្វៃ នំនែក ផ្លែឈើ និងភេសជ្ជៈ​ទឹកក្រូច ស្រាបៀរ តែ ក្រដាស​សែនមាស​ប្រាក់ ក្រដាស​សម្លៀក​បំពាក់ រួមទាំង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើនទៀត ដែល​ធ្វើ​ពី​ក្រដាស​សម្រាប់​ដុត​​ឧទ្ទិស​ជូន​បុព្វការីជន​មាន​មាតាបិតា ជីដូនជីតា រួមទាំងសាច់ញាតិ​ទាំងឡាយដែលបាន​ចែកឋានទៅហើយនោះ។

បើ​តាម​ការ​និទាន​ឱ្យ​ដឹង​ពី​ចាស់​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិចិន បាន​លើក​ឡើង​ថា ទាក់​ទង​នឹង​ពិធី​បុណ្យ​សែន​ផ្នូរ​នេះ​ កាល​ដើម​ឡើយ​ពិធីនេះ​គេ​ប្រារព្ធធ្វើ​ឡើង​ដើម្បី​ឧទ្ធិស​ដល់​លោក ជី ហ្សីទួយ (Jie Zitu) ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​ម្ចាស់​វេន (When)។ ពេល​ដែល​ព្រះអង្គម្ចាស់​វេន និង​លោក ជី ហ្សីទួយ បាន​រត់​គេច​ពី​សង្គ្រាម ហើយ​វង្វេង​ចូល​ទៅ​ក្នុង​ព្រៃ។ ដោយ​គ្មាន​អាហារ​សម្រាប់​បរិភោគ​អស់​ជា​ច្រើន​ថ្ងៃ និង​បារម្ភ​ខ្លាច​ចៅហ្វាយ​ខ្លួន​ឃ្លាន លោក ជី ហ្សីទួយបាន​ចៀរ​សាច់​ភ្លៅ​របស់​ខ្លួន​ទៅ​ធ្វើ​ស៊ុប ​ឱ្យ​ព្រះ​អង្គ​ម្ចាស់​វេន​សោយ​ ដោយ​បាន​សន្យា​ថា​នឹង​ផ្ដល់​រង្វាន់​ដល់​លោក ជី ហ្សីទួយ។ ក្រោយ​ពី​ដឹង​ថា​​ព្រះអង្គ​ម្ចាស់វេន​​មិន​​បាន​​ផ្ដល់​រង្វាន់​អ្វី​ដល់​ខ្លួន។ លោក ជី ហ្សីទួយ ក៏​បាន​សម្រេច​ចិត្ត​ទៅ ​រស់​នៅ​ជាមួយ​ម្ដាយ​ចាស់​នៅ​ក្នុង​ព្រៃ

បន្ទាប់​​ពី​ដឹង​កំហុស​របស់​ខ្លួន ព្រះអង្គ​ម្ចាស់ វេន បាន​បញ្ជា​ឱ្យ​គេ​ទៅ​បញ្ចុះ​​បញ្ចូល​លោក ជី ហ្សីទួយ ឱ្យ​ត្រឡប់​មក​វិញ ដោយ​មធ្យោ​បាយ​​​​ដុត​​ព្រៃ​។ ​ទី​បំផុតទៅ ​​លោក ជី ហ្សីទួយ និង​ម្ដាយ ​លោក​បាន​ស្លាប់​ក្នុង​ភ្នក់​ភ្លើង​ នោះ​ទៅ។ ព្រះអង្គ​ម្ចាស់​​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​នេះ ក៏​ចេញ​បញ្ជា​​ហាម​មិន​ឱ្យ​អ្នក​ភូមិ​ប្រើប្រាស់​ភ្លើង​ទៀត​ឡើយ។​

ក្រោយ​មក​ក្នុង​អំឡុង​សម័យ​រាជវង្ស​ហាន ពិធី​នេះ​បាន​វិវដ្ដ​ទៅ​ជា «ឆីងមីង» ហើយ​នៅ​សម័យ​មួយ​ក្នុង​រាជវង្ស​សុង​ ការ​ប្រើប្រាស់​​ភ្លើង​ធូប​ក៏ចាប់ផ្ដើម​​មាន​ឡើង​វិញ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ននេះ ពិធីបុណ្យនេះ​បាន​ក្លាយ​ទៅ​ពិធី​បុណ្យ​ឧទ្ធិស​ចំពោះ​ឪពុកម្ដាយ និង​អ្នក​មាន​គុណ​របស់​ពួកគេទៅវិញ។

គួរបញ្ជាក់ថា ក្រៅ​ពី​ការគោរពជីដូនជីតា សាច់ញាតិ តាមទំនៀម ក៏មាន​ឯកសារ​ខ្លះទៀត បាន​សរសេរទាក់ទងនឹងថ្ងៃបុណ្យ​ឆេងម៉េង​របស់​ចិនថា ​ជា​ការ​រម្លឹក​ដល់​ព្រឹត្តិការណ៍​ថ្ងៃ​ទី៤មេសា ឆ្នាំ​១៩៧៦ និង​ហេតុការណ៍​នៅ​ទី​លាន​ធាន​អាន​មិន​ ខណៈ​ដែល​នៅ​ចិន​ដី​គោករម្លឹក​ដល់​វិញ្ញាណក្ខន្ធ​លោក​នាយករដ្ឋមន្ត្រី ជូ អិនឡាយ ដែល​ទទួល​មរណៈភាព​ នាឆ្នាំ១៩៧៦។ រីឯ​នៅ​កោះតៃវ៉ាន់​យក​ថ្ងៃទី៤ ខែមេសា រម្លឹក​ដល់​ថ្ងៃ​មរណៈភាព​របស់​លោក ចាង ខាយចៀក មេដឹកនាំ​ចិន​សេរី​ទៅវិញ៕​

កែសម្រួលដោយៈMr365

cambodiakhmerkomnertខ្មែរឆេងម៉េងប្រវត្តិប្រវត្តិ​នៃពិធីបុណ្យ​ឆេងម៉េង​
Comments (0)
Add Comment