នៅក្នុងចំណោមវត្ត៤៦៧៦វត្ត(តួលេខឆ្នាំ២០១៤) និងទួល អាស្រម ទីបូជនីយដ្ឋានយ៉ាងច្រើនដែលជាទីគោរពសក្ការ:នៃប្រជាជនកម្ពុជា ក្នុងនោះវត្ត«បទុមវតីរាជវរារាម»ក៏ជាអារាមដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិជាប់ទាក់ទងជាមួយនឹងការកកើតឡើងនៃរាជធានីភ្នំពេញ (តាមព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី)។
វត្តនេះមានបណ្តោយពីខាងលិចទៅខាងកើត ២៦០ម៉ែត្រ និងទទឹង ពីខាងជើងទៅខាងត្បូង ២០២ម៉ែត្រ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រវត្តិវត្តបទុមវតីរាជវរារាម ៖ តាមឯកសាររៀបរៀងចងក្រងដោយផល្លាបុត្តោសាន ភារ៉េត ផ្សាយតាមគេហទំព័រ«ហោត្រៃ»ឲ្យដឹងថាវត្ត«បទុមវតីរាជវរារាម» ហៅកាត់ថាវត្ត«បទុមវតី ឬវត្តបទុម» កាលដើមឡើយមានឈ្មោះថា វត្ត«ខ្ពបតាយ៉ង» ព្រោះទីនេះជាដីខ្ពបរបស់តាយ៉ងអ្នកធ្វើចម្ការ។ វត្តខ្ពបតាយ៉ង ត្រូវបានកសាងឡើងដំណាលគ្នានឹងវត្ត«ឧណ្ណាលោម» អមសងខាងព្រះបរមរាជវាំង គឺវត្តឧណ្ណាលោមនៅពីខាងជើង ហើយវត្តខ្ពបតាយ៉ងនៅពីខាងត្បូងព្រះបរមរាជវាំងប្រមាណ៣០៩ម៉ែត្រ កសាងក្នុងឆ្នាំកុរ បញ្ចស័ក ព.ស១៩៨៦ គ.ស១៤៤៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះបរមរាជា (ពញាយ៉ាត) (ព.ស១៩៣៧ គ.ស១៣៩៣ ដល់ ព.ស ២០០៧គ.ស១៤៦៣) សម័យនោះមិនទាន់មានចែកជានិកាយទេ ។
សម័យក្រោយមកទៀតក្នុងរជ្ជកាលសម្តេចព្រះសុគន្ធបទ ព្រមទាំងព្រះរាជា ក្រោយៗទៀតក៏បោះបង់ចោលទីក្រុងភ្នំពេញទៅសាងទីក្រុងថ្មីនៅទួលបាសាន(ឆ្នាំរោង សំរឹទ្ធិស័ក ព.ស២០៥២ គ.ស១៥០៨ ម.ស១៤៣០ ច.ស៨៧០) និងទី ផ្សេងៗទៀត វត្តខ្ពបតាយ៉ងនេះក៏ស្ងប់ស្ងាត់ការកសាងទៅវិញ រហូតដល់ក្លាយជាវត្តនៅក្នុងព្រៃ សូម្បីតែភិក្ខុ សាមណេរមួយអង្គគង់នៅក៏គ្មានផង ។ ហើយត្រូវអ្នកស្រុកបោះបង់ចោលរាប់រយឆ្នាំ គេស្គាល់ឈ្មោះតែក្នុងព្រះរាជពង្សាវតារប៉ុណ្ណោះ ចំណែកទីតាំងពិតគឺមានតែរោងឧបោសថប្រក់ស្លឹក និងព្រះជីមួយអង្គ ថ្មសន្លឹកសីមាមួយផ្ទាំង នៅក្នុងព្រៃទួលខ្ពស់មួយ ដែលក្បែរនោះពីខាងកើតមានខ្ពបតូចមួយវែង ដែលតាយ៉ងជីកយកទឹកស្រោចដំណាំគាត់ ហើយអ្នកស្រុកក៏តែងតែមកដងទឹកនេះយកទៅប្រើប្រាស់ ។ រហូតមកដល់ឆ្នាំឆ្លូវ សប្តស័ក ព.ស ២៤០៨ គ.ស១៨៦៥ សម្តេចព្រះនរោត្តមបោះបង់ចោលក្រុងឧត្តុង្គមកកសាងក្រុងភ្នំពេញជាលើកទីពីរ ទ្រង់ត្រាស់បង្គាប់ឲ្យគេដឹកឈើពីក្រុងឧត្តុង្គមកកសាងព្រះវិហារ កុដិ សាលា នៅទីទួលនោះ ទ្រង់ឲ្យគេជីកគូ ស្នាមភ្លោះខាងជើង ខាងត្បូង ខាងលិចវត្ត ចាក់ដីពង្រីកទួល និងជីកខ្ពបចាស់នោះអោយជ្រៅជាងមុន រួចហើយឲ្យដាំដើមឈូកក្នុងគូស្នាមភ្លោះទាំងបីជ្រុងវត្ត ។
លុះរៀបចំវត្តបានសមគួរហើយ ក៏ធ្វើបុណ្យបញ្ចុះសីមា ឆ្លងវិហារ កុដិ សាលា និងប្រែឈ្មោះពីវត្ត«ខ្ពបតាយ៉ង» មកជាវត្ត«បទុមវតីរាជវរារាម» វិញ មានន័យថា «វត្តមានឈូកជារបង »ជាអារាមដ៏ប្រសើររបស់ព្រះរាជា ជាប់រហូតមក ។ តមកថ្ងៃអង្គារ ១០រោច ខែមាឃឆ្នាំកុរ នព្វស័ក ព.ស២៤៣០ គ.ស១៨៨៧សម្តេចព្រះនរោត្តមបានទទួលព្រះពោធិព្រឹក្សព្រមទាំងព្រះបរមសារីរិកធាតុ ព្រះអរហន្តធាតុពីប្រទេសស្រីលង្កា ក៏ទ្រង់ប្រារព្ធពិធីបុណ្យ៣ថ្ងៃ ដាំព្រះមហាពោធិព្រឹក្សនោះនៅមុខព្រះវិហារវត្តបទុមវតីរាជវរារាម ។
ថ្ងៃពុធ ១រោច ខែពិសាខ ឆ្នាំរកា ឯកស័ក ព.ស២៤៥២ ច.ស១២៧១ ត្រូវនឹងថ្ងៃទី៨ ខែឧសភា គ.ស១៩០៩ ក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ)សម្តេចព្រះមង្គលទេពាចារ្យ អៀម ប្រារព្ធពិធីបុណ្យបញ្ចុះព្រះបរមសារីរិកធាតុ។
និងព្រះអរហន្តធាតុនៅថ្នាក់ខាងលើ ឯព្រះអដ្ឋិធាតុនៃសម្តេចព្រះសុគន្ធាធិបតីប៉ាន បញ្ចុះថ្នាក់ខាងក្រោមក្នុងព្រះចេតិយធំដែលសម្តេចបានដឹកនាំកសាងមានកម្ពស់៣៣ម៉ែត្រ សណ្ឋាន៤ជ្រុងនៅខាងត្បូងព្រះវិហារ(គេហៅព្រះចេតិយ៨ទិស)មានចេតិយ តូចៗជាបរិវារអមគ្រប់ជ្រុងទាំង៤ មួយៗកម្ពស់៦ម៉ែត្រ មានប្រាង្គគ្រប់ទាំង៤ជ្រុងរំលេចក្បូរក្បាច់រចនាយ៉ាងប្រណីត ។នៅក្នុងឆ្នាំឆ្លូវ នព្វស័ក ព.ស២៤៨០ គ.ស ១៩៣៧ ក្នុងរជ្ជកាលនៃព្រះបាទសម្តេច ព្រះស៊ីសុវត្ថិមុនីវង្ស ព្រះមង្គលទេពាចារ្យស៊ុក ផ្តើមរុះរើព្រះវិហារចាស់ចេញ កសាងព្រះវិហារថ្មី។ ព្រះវិហារថ្មីនោះកសាងរហូតមកដល់ម័យសម្តេចព្រះសុធម្មាធិបតីអ៊ុង ស្រី ក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទើបហើយស្រេចក៏ធ្វើបុណ្យសម្ពោធឆ្លងនៅថ្ងៃសៅរ៍១៥កើត ខែផល្គុនឆ្នាំមមីចត្វាស័ក ព.ស ២៤៨៥ ច.ស ១៣០៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស១៩៤២ ។ សម័យនោះវត្តបទុមវតីរាជវរារាម ជាវត្តធំខាងគណៈធម្មយុត្តិក និកាយ ។
នៅក្នុងឆ្នាំ១៩៧៥ ដល់១៩៧៩ វត្តបទុមត្រូវបានបោះបង់ចោលម្តងទៀត ដោយសាររបបកម្ពុជាប្រជាធិបតេយ្យ បណ្តេញផ្សឹកព្រះសង្ឃគ្មានសល់ គម្ពីរដីកា សាស្ត្រា ក្បួនច្បាប់ សំណង់ ផ្សេងៗត្រូវបំផ្លិចបំផ្លាញ បាត់ភាពអ៊ូអរ បាត់សំឡេងធម៌ វត្តបទុមវតីទៅជាស្ងាត់ជ្រងំ ដុះស្មៅដុះព្រៃឡើងវិញ ។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ដល់១៩៨៩ វត្តបទុមជាទីសំណាក់នៃកងទ័ពវៀតណាម ។លុះដល់ឆ្នាំ១៩៨៩ ក្រោយពីមានព្រះពុទ្ធសាសនា មានព្រះសង្ឃឡើងវិញទើបប្រមុខដឹកនាំប្រទេស មានសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម បាននិមន្តសម្តេចព្រះពោធិវ័ង្សនន្ទ ង៉ែត មកពីវត្តលង្កាកុសុមារាម មកគង់នៅដើម្បីដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទរហូតមក ។ ចាប់ពីពេលនោះមកវត្តបទុមវតីរាជវរារាមក៏ក្លាយជាវត្តរបស់ព្រះសង្ឃគណៈមហានិកាយ មានព្រះសង្ឃមកគង់នៅរៀនសូត្រកាន់តែច្រើនឡើងៗ។
ឆ្នាំ១៩៩១ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយាងធ្វើមាតុភូមិនិវត្តន៍ ក៏សុំឲ្យសម្តេចព្រះសុគន្ធាធិបតីប៊ូ គ្រី សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយមកគង់នៅវត្តបទុមវតីដែរ តែមានចំនួនមួយកុដិប៉ុណ្ណោះ រហូតមកទល់សព្វថ្ងៃមានព្រះសង្ឃតែ២០ ទៅ៣០ អង្គទេ ចំណែកខាងគណៈមហានិកាយវិញក្នុងមួយឆ្នាំមានព្រះសង្ឃមកគង់នៅរៀនសូត្រជាង៤០០អង្គ ឯនិស្សិតពី៦០០ ទៅ៧០០នាក់ ។
បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះចៅអធិការ ព្រមទាំងព្រះញាណវង្សឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ បានពង្រឹងធម៌ វិន័យ បដិបត្តិ សិក្សា អប់រំប្រកបដោយការសន្តោសដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យរាប់រយនាក់ជាបន្តបន្ទាប់ ។ ឯខាងពុទ្ធក្រក៏មានព្រះសង្ឃចេះដឹងច្រើនអង្គ បានសរសេរសៀវភៅផ្សព្វផ្សាយអប់រំ ជាគ្រូ សាស្ត្រាចារ្យ ជាធម្មកថិកទេសនា មានចំនួនច្រើនជាងវត្តដទៃក្នុងប្រទេសកម្ពុជា ។
ដោយមានការសហការយ៉ាងល្អជាមួយព្រះសង្ឃគ្រប់ព្រះអង្គ រាជរដ្ឋាភិបាលមន្ត្រីរាជការ ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ទាំងឡាយក្នុងវត្តត្រូវបានរៀបចំយ៉ាងល្អគួរឲ្យជ្រះថ្លា មានការរៀបចំទីធ្លាវត្ត ប្រព័ន្ធទឹក ប្រព័ន្ធលូ ផ្លូវថ្នល់ សួនច្បារ របង សំណង់ ផ្សេងៗ កុដិ ចាស់ៗទាំងឡាយ ត្រូវបានកសាងជាថ្មី និងជួសជុលកែលម្អបំពេញបន្ថែមតាមតម្រូវការជាក់ស្តែង ។ ដំណាក់កាលចុងក្រោយនេះ (២០១៤-២០១៥)បាន និងកំពុងកសាងឧបដ្ឋានសាលាដ៏ធំទូលាយ ស្រស់ស្អាត ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពុទ្ធបរិស័ទសម្រាប់បំពេញបុណ្យកុសល និងកម្មវិធី ផ្សេងៗនៃសាសនា និងសង្គម ។
ព្រះចៅអធិការវត្តបទុមវតីរាជវរារាម ៖ កាលពីនៅឈ្មោះវត្ត«ខ្ពបតាយ៉ង» ក្នុងរជ្ជកាលសម្តេចព្រះបរមរាជា ពញាយ៉ាត មិនមានព័ត៌មានបញ្ជាក់ពីវត្តមានព្រះសង្ឃ និងសមណសក្តិ ព្រះចៅអធិការ ប៉ុន្មានអង្គមកទេ តែដល់សម័យកាលសម្តេច ព្រះនរោត្តមមកកសាងជាលើកទីពីរ មានកត់ត្រាដូចតទៅនេះ៖
១-សម្តេចព្រះសុគន្ធាព្រះសង្ឃរាជាធិបតី បញ្ញាសីលោប៉ាន ( ព.ស២៤០៨ គ.ស១៨៦៥ ដល់ ព.ស ២៤៣៧ គ.ស១៨៩៣ ) ។
២-សម្តេចព្រះមង្គលទេពាចារ្យភទ្ទគូ អៀម ព្រះសង្ឃនាយក (ព.ស២៤៣៧ គ.ស១៨៩៣ ដល់ព.ស ២៤៦៥ គ.ស១៩២២) ។
៣-សម្តេចព្រះមង្គលទេពាចារ្យ បញ្ញាបទីបោ ស៊ុក ព្រះសង្ឃនាយក (ព.ស ២៤៦៦ គ.ស ១៩២៣ ដល់ព.ស២៤៨៥ គ.ស ១៩៤២ ) ។
៤-សម្តេចព្រះសុធម្មាធិបតីពុទ្ធនាគោ អ៊ុង ស្រី ព្រះសង្ឃនាយក (ព.ស២៤៨៦ គ.ស ១៩៤២ ដល់ព.ស ២៤៩៨ គ.ស ១៩៦៥ ) ។
៥-សម្តេចព្រះសុធម្មាធិបតី ឥន្ទញាណោ ភុល ទេស ព្រះសង្ឃរាជថ្នាក់ទីពីរ (ព.ស ២៤៩៨ គ.ស១៩៥៦ ដល់ ព.ស ២៥០៩ គ.ស ១៩៦៦ ) ។
៦-សម្តេចព្រះសុធម្មាធិបតី គន្ធរោ ទេព លឿង ព្រះសង្ឃនាយក (ព.ស ២៥០៩ គ.ស ១៩៦៦ ដល់ ព.ស ២៥១៩ គ.ស១៩៧៥ ) ។
៧-សម្តេចព្រះសង្ឃរាជហ៊ី ជា ព្រះសង្ឃនាយកស្តីទី (ព.ស ២៥១៩ គ.ស១៩៧៥ មិនបានមួយសប្តាហ៍ផងក៏ចូលដល់របបប៉ុល ពត )។ សម្តេចព្រះសង្ឃរាជទាំង៧ ព្រះអង្គនោះ ជាគណៈធម្មយុត្តិកនិកាយ ។
៨-សម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត បស្សទ្ធិពោជ្ឈង្គោ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា(គ.ស ១៩៨៩ដល់បច្ចុប្បន្ន)៕
ប្រភពៈកោះសន្តិភាព
ដោយៈMr365