សិល្បៈបុរាណខ្មែរមានច្រើនទម្រង់ ក្នុងនោះមានសិល្បៈល្ខោនបាសាក់ផងដែរ ។ តើសិល្បៈល្ខោនបាសាក់ មានប្រភពកំណើតនៅទីណា និងមានប្រវត្តិបែបណា ?
តាមឯកសារទស្សនីយភាពខ្មែរ ឱ្យដឹងថា ល្ខោនបាសាក់បានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះរីកចម្រើនទៅ ពោលគឺល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម ។ ទឹកដីកម្ពុជាក្រោមនេះ ត្រូវពួកអាណានិគមបារាំង កាត់ទៅឱ្យវៀតណាម ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៤៩ ដែលឥឡូវនេះស្ថិតនៅ ភាគខាងត្បូងនៃប្រទេសវៀតណាម ។ បាសាក់ជាឈ្មោះទន្លេមួយដែលជាខ្នែងមួយនៃទន្លេមេគង្គទាំងបួន ដែលប្រសព្វ «គ្នានៅភ្នំពេញ «ចតុម្មុខ» ។ ទន្លេនេះបានហូរកាត់ទៅទិសខាងត្បូងចាក់ទៅក្នុងឈូងសមុទ្រចិន ហើយគឺនៅលើដងទន្លេនេះហើយដែល ជាទីតាំងនៃស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខខេត្តព្រះត្រពាំង ដែលល្ខោនបាសាក់បានចាប់កំណើតឡើង ។ តំបន់នេះក៏ដូចជាតំបន់ដទៃទៀត ដែលមានប្រជាជនខ្មែររស់នៅច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌ខ្មែរពីបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ ដូចជាយូកេ និងល្ខោនយក្សរាំជាដើម។
តាមព័ត៌មានដែលក្រុមអ្នកស្រាវជ្រាវទទួលបាន ល្ខោនបាសាក់ ដែលយើងស្គាល់សព្វថ្ងៃនេះ មានប្រភពពីល្ខោនទ្រើងឃ្លោក ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះដឹងជ្រៅជ្រះខាងអក្សរសិល្បិ៍ និងសាសនា ក្រោមការដឹកនាំរបស់អតីតចៅអធិការវត្តខ្សាច់កណ្តាល «បាសាក់ព្រះត្រពាំង» កម្ពុជាក្រោម ឈ្មោះលោក គ្រូសួរ ។ ប្រវត្តិជាហូរហែនោះគឺក្រោយពីពេលសឹកមកមានគោលបំណងថែរក្សា ជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួន លោកគ្រូ «សួរ» ក៏បានប្រមែប្រមូលអ្នកសឹកពីបួស «បណ្ឌិត» ដូចគ្នា ព្រមដោយកូនសិស្ស កូនគុណ ពុទ្ធបរិស័ទ ផ្សេងៗទៀត បង្កើតជាល្ខោនមួយវង់ ។ ប៉ុន្តែដោយកាលនោះនៅមានកង្វះខាតខាងផ្នែកសម្ភារ និងឆាកល្ខោននេះ គេនាំគ្នាសម្តែងដោយផ្ទាល់ដី ក្នុងរោងដែលសង់ឡើងដោយប្រក់ ឬកាប់មែកឈើយកមកគ្របប្រហាក់ប្រហែលគ្នានឹងទ្រើងដែលគេដាំឃ្លោក ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា «ល្ខោនទ្រើងឃ្លោក» ។ ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣ ឬក៏ក្រោយនោះបន្តិចផង នៅជាយក្រុងភ្នំពេញ និងជនបទនានា ។
នៅកម្ពុជាក្រោម ខ្មែរក្រោមភាគច្រើននិយមហៅល្ខោនទ្រើងឃ្លោកថា «យូកេ» ទៅវិញ ដោយពួកគាត់ចាត់ ទុក ល្ខោនទ្រើងឃ្លោកថាជា “យីកេ” ដែលជាទម្រងមហោស្រពមួយមានឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជា មុនការកកើត ល្ខោនទ្រើងឃ្លោក នៅកម្ពុជាក្រោម ។ “យីកេ” ដែលជាឈ្មោះ ល្បែងមហោស្របខ្មែរមួយ ប្រភេទ លេងស្រដៀងនឹងល្ខោន តែមានទះស្គរតូចខ្លះ ធំខ្លះបញ្ជើចជាមួយនឹងការច្រៀងរាំ ហើយស្គទាំង នោះ មានរាងមូលខ្លីៗ ដាសតែ ម្ខាងក៏បាន ។ ឈ្មោះ “យូកេ” នេះត្រូវបានខ្មែរក្រោម ប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សម្គាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅប្រទេសកម្ពុជា សព្វថ្ងៃ និយមហៅថា ល្ខោនបាសាក់ នេះឯង ។
ល្ខោនទ្រើងឃ្លោក បានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកសម្តែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្បិ៍ ពូកែប្រើពាក្យសម្តីជាកំណាព្យកាព្យឃ្លោង ពូកែការសម្តែងដោយឥតព្រាងទុក ជាហេតុនាំឱ្យទស្សនិកជនមានការកោតសរសើរ និងចូលចិត្តក្រៃលែង ។ មិនតែប៉ុណ្ណោះ ល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជាមួយនឹងល្ខោន «កៃលឿងរបស់ជនជាតិយួន» ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក ។ ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនពីសង្គ្រាមនៅស្រុកចិន ពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ បានហូរច្រាលមកតាមសមុទ្រ ហើយបានចូលមកបោះទីតាំងនៅតំបន់កូស័ងស៊ីន ឬ ដែនដីកម្ពុជា រស់នៅលាយឡំជាមួយប្រជាជនខ្មែរក្រោម ម្ចាស់ស្រុក និងក្រុមជនជាតិយួន ។
ក្នុងពេលដែលហូរចុះមក ជនជាតិចិនទាំងនោះបាននាំយកទំនៀមទម្លាប់ប្រពៃណី និងសិល្បៈ ផ្សេងៗដូចជា «ល្ខោនហ៊ី» ជាដើមមកជាមួយផង ។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរ ទាំងល្ខោនកៃលឿងយួន ទាំងល្ខោនហ៊ីចិន បានប្រឡងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពល រៀងៗខ្លួនដណ្តើមយកប្រជាប្រិយភាពស្រូបយកចំណង់ និងចំណូលចិត្តទស្សនិកជនក្នុងតំបន់ នោះ ។ ទីបំផុតល្ខោនហ៊ីចិន បានទទួលជោគជ័យដ៏ធំធេង ។ ឃើញហេតុផលយ៉ាងនេះ ដើម្បីទាមទារប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះ អ្នកដឹកនាំល្ខោនទ្រើងឃ្លោក បានចម្លងយកចំណុច សំខាន់ៗខ្លះពីល្ខោនហ៊ីចិន ដែលខ្លួនយល់ថា មានសារសំខាន់សម្រាប់ល្ខោនខ្លួន ។ ចាប់ពីពេលនោះមក ល្ខោនទ្រើងឃ្លោក បានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូស័ងស៊ីន ព្រោះពេលនោះ ទាំងអ្នកដឹកនាំវង់ល្ខោន ទាំងសិល្បករ អ្នកសម្តែងមានការឆ្លាតវាងវៃណាស់ នៅទីណា កន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើល ភាគច្រើនគេតាំងនាំគ្នាសម្តែងជាភាសាខ្មែរសុទ្ធ កន្លែងណាដែលមានជនជាតិយួនមើលច្រើន ការសម្តែងតែងឆ្លូកគ្នាជាពីរភាសា គឺខ្មែរផង យួនផង ផ្ទុយទៅវិញ កន្លែងណាដែលមានប្រជាជនចិនមើលច្រើន គេតែងនិយាយ និងច្រៀងភាសាខ្មែរផង និងភាសាចិនផង សម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដី និងប្រជាជននៅតាមតំបន់ ។
ឯកសារដដែលបញ្ជាក់ថា ចំពោះប្រវត្តិសាស្ត្រដែលល្ខោនទ្រើងឃ្លោក ឬ យូកេ ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោម ហើយបានត្រូវគេប្តូរឈ្មោះមកជាល្ខោនបាសាក់នៅប្រទេសកម្ពុជា សព្វថ្ងៃនេះ គឺមានដំណើររឿងដូចតទៅនេះ ៖
នៅក្នុងអំឡុងឆ្នាំ ១៩២០ មានបងប្អូនពីរនាក់ បងឈ្មោះ លី កាញ់ ប្អូនឈ្មោះ លី សួន និងមានដើមកំណើតកើតជានៅស្រុកបាសាក់ ដែនដីកម្ពុជាក្រោម ។ លី កាញ់ ជាបងបានចាកចេញពីស្រុកកំណើតរបស់ខ្លួនដើម្បីទៅរស់នៅប្រទេសបារាំង ។ ក្រោយមកដោយការខំប្រឹងប្រែងរកទទួលទានមានបាន លី កាញ់ ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិធនធានបង្គួរនៅប្រទេសបារាំង ។
ថ្ងៃមួយ លី សួន ជាប្អូនផ្ញើសំបុត្រទៅសួរសុខទុក្ខ លី កាញ់ ជាបង ហើយក៏បានសុំប្រាក់មួយចំនួនពីបង ដើម្បីប្រកបរបរជំនួញជួញដូរនៅឯស្រុកកំណើតរបស់ខ្លួន ។ លី កាញ់ ក្នុងទឹកចិត្តអាណិតប្អូន ក្នុងទឹកចិត្តស្រណោះស្រណោកស្រុកកំណើតជាទីរឭករបស់ខ្លួន និងក្នុងស្មារតីចង់ថែរក្សាវប្បធម៌ពណ៌សម្បុរជាតិរបស់ខ្លួន ដែលស្ថិតក្នុងមជ្ឈដ្ឋានចម្រុះជាតិសាសន៍ឱ្យគង់វង្ស ក៏បានផ្ញើប្រាក់មកឱ្យ លី សួន ជាប្អូន ហើយបានសរសេរសំបុត្រប្រាប់ថា «សុំប្អូនកុំធ្វើជំនួញជួញដូរអ្វីក្រៅឱ្យសោះ លុយដែលបងផ្ញើឱ្យនេះ សុំប្អូនគិតយ៉ាងណាជួយពង្រីក និងថែរក្សាសិល្បៈយូកេ ដែលមានកំណើតនៅឃ្លាំង នៅព្រះត្រពាំង ហើយដែលយើងបានមើលទាំងអស់គ្នាជាញឹកញាប់កាលនៅពី តូចៗនោះឱ្យគង់វង្សផង» ។
ដោយសារបណ្តាំ និងជំនួយពី លី កាញ់ ជាបង លី សួន ក៏ក្លាយទៅជាថៅកែល្ខោនបាសាក់ដ៏ល្បីល្បាញដំបូងគេបង្អស់ដែលទស្សនិកជននិយមហៅឈ្មោះគាត់ថា ថៅកែ «ឆាគ្រួន» ។
ក្នុងឆ្នាំ ១៩៣០ ក្នុងពេលដែលទម្រង់នេះរីកចម្រើននៅកម្ពុជាក្រោម ថៅកែក្រុមល្ខោនឈ្មោះលោកឆាគ្រួន នេះបាននាំក្រុមសិល្បៈល្ខោនរបស់ខ្លួនមកសម្តែងធ្វើអាជីវកម្មនៅភ្នំពេញ និងខេត្តនានាក្នុងប្រទេសកម្ពុជា ។ ដំណើរបេសកកម្មទី ១ របស់ក្រុមល្ខោនលោក ឆាគ្រួន ដែលបានមកសម្តែងនៅប្រទេសកម្ពុជា មិនសូវទទួលបានជោគជ័យទេ មូលហេតុមកពីទម្រង់ល្ខោននេះត្រូវប្រឡងប្រជែងជាមួយទម្រង់ដទៃទៀត ដែលមានយ៉ាងសម្បូរបែបនៅកម្ពុជាភាគកណ្តាល ដូចជាល្ខោនប្រាមោជ្ជទ័យ «១៩២០-១៩៤០» និងល្ខោនមហោរី ដែលកើតមានជាយូរលង់មកហើយ ។ ពិតមែនតែលើកទី ១ នេះ ល្ខោនបាសាក់បានទទួលបរាជ័យ ប៉ុន្តែ ពេលនោះសិល្បករល្ខោនបាសាក់បានហាត់រៀន និងស្រូបយកនូវចំណេះ ថ្មីៗមួយចំនួនពីទម្រង់ល្ខោននៅភ្នំពេញ ដូចជាភ្លេងមហោរី ឬចម្រៀងមហោរីជាដើម មុនពេលត្រឡប់ទៅស្រុកវិញ ។
ក្រោយពីពេលហាត់រៀន និងបានសម្តែងច្រើនលើកច្រើនសាដោយបញ្ចូលបច្ចេកទេស ថ្មីៗមួយចំនួនផង ល្ខោននេះបានទទួលជោគជ័យកាន់តែធំធេងនៅ តំបន់កូស័ងស៊ីន ។ បន្ទាប់ពីនោះមកលោក ឆាគ្រួន ក៏នាំក្រុមរបស់គាត់តាមទូកប៉ុកចាយ ដែលមានគ្រឿងប្រដាប់ដំឡើងឆាក និងសម្ភារតុបតែងលម្អ ផ្សេងៗ គឺឆាកចល័តដែលដំឡើងលើគោកក៏បាន ឬដំឡើងលើទុកក៏បាន ហើយនាំក្រុមសិល្បៈនេះមកសម្តែងនៅរាជធានីភ្នំពេញ និងខេត្តឯទៀតជាលើកទី ២ ។ លើកនេះល្ខោនលោក ឆាគ្រួន បានទទួលជោគជ័យយ៉ាងធំធេង ក្នុងការប្រកួតប្រជែងជាមួយល្ខោនបាមោជ្ជទ័យ និងល្ខោនមហោរី នៅភ្នំពេញ និងតំបន់ដទៃទៀតនៅប្រទេសកម្ពុជា ពិសេសគឺខេត្តតាមមាត់ទន្លេ ។ ល្ខោនលោក ឆាគ្រួន នេះស្រូបយកទស្សនិកជនយ៉ាងច្រើនគគ្រឹកគគ្រេង ហើយបានធ្វើឱ្យល្ខោនប្រាមោជ្ជទ័យ និងល្ខោនមហោរីធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់បាត់បង់ប្រជាប្រិយភាព ហើយចំនួនទស្សនិកជនចេះតែថយចុះជាលំដាប់ ។ ដោយសារមធ្យោបាយសម្តែងថ្មីរហ័សរហួន ស្វាហាប់ ការតុបតែងលម្អឆាក សម្លៀកបំពាក់ ការលាបមុខ ឬគូរមុខដ៏ល្អ (កន្លែងខ្លះទទួលឥទ្ធិពលពីហ៊ីចិន) ទាំងល្បិចហោះហើរក៏ប៉ិនប្រសប់ ពិសេសសំនៀងរដឺន ទាំងសម្តីនិយាយ ទាំងចម្រៀងរបស់ខ្មែរបាសាក់ស្រទន់ពីរោះ ហើយពាក្យសម្តីប្រកបដោយអត្ថន័យខ្លឹមសារល្អ ព្រោះអ្នកសម្តែងភាគច្រើនជាអ្នកមានចំណេះជ្រៅជ្រះខាងអក្សរសិល្បិ៍ និងសាសនាផង ធ្វើឱ្យទស្សនិកជននៅកម្ពុជាកណ្តាលជក់ចិត្តដិតអារម្មណ៍ខ្លាំង រហូតដល់គេនាំគ្នាហៅ ឬឱ្យឈ្មោះទម្រង់ល្ខោននេះថា ជា «ល្ខោនបាសាក់» ដោយយកទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះរីកចម្រើន ? មកដាក់ឈ្មោះឱ្យទម្រង់ល្ខោននេះតែម្តង ។ គឺចាប់ពីពេលនោះមកហើយដែលល្ខោនទ្រើងឃ្លោក ឬ យូកេ ប្រែឈ្មោះថា «ល្ខោនបាសាក់» ដែលយើងស្គាល់ និងបានឃើញរហូតដល់ សព្វថ្ងៃនេះ ។
ដោយមូលហេតុសេដ្ឋកិច្ច ក្នុងបំណងយកទម្រង់សិល្បៈធ្វើជំនួញ ពួកថៅកែជាច្រើននាក់នៃវង់ល្ខោននៅភ្នំពេញ បានរកវិធីធ្វើឱ្យវង់ល្ខោនលោក ឆាគ្រួន ធ្លាក់ចូលក្នុងវិបត្តិរលាយក្រុម ហើយការសម្តែងចុះខ្សោយដោយប្រើទឹកលុយទិញ ដោយលួចលាក់នូវសិល្បករ ពូកែៗ គ្រូល្ខោន ពូកែៗ ដើម្បីឱ្យបែកខ្ចាយចេញពីវង់ល្ខោនលោកថៅកែ ឆាគ្រួន ដើម្បីចូលមកផ្តល់ចំណេះ និងបម្រើនៅក្នុងក្រុមសិល្បៈរបស់ខ្លួនវិញ ។ វង់សិល្បៈល្ខោនបាសាក់របស់លោក ឆាគ្រួន បានជួបប្រទះនឹងវិបត្តិយ៉ាងធំមែន ព្រោះគ្រូ ធំៗ ដូចជាលោកគ្រូខ្មៅ លោកគ្រូខ្លា និងមិត្តភក្តិដទៃទៀតមួយចំនួនបានចាកចេញពីក្រុមលោកឆាគ្រួន ហើយចូលទៅបង្ហាត់ចំណេះល្ខោនបាសាក់ ទាំងផ្នែកតន្ត្រី ទាំងហួន ទាំងចម្រៀង ទាំងការសម្តែង ដោយឥតព្រាងទុកដល់ក្រុមដទៃទៀត ។ ប្រហែលជាចាប់ពីឆ្នាំ ១៩៣៧ នៅរាជធានីភ្នំពេញ គឺឃើញមានក្រុម និងរោងល្ខោនបាសាក់ជាច្រើនដូចជា រោងមួយនៅផ្សារកាប់គោ ។ ខាងលិចរោងនេះមិនឆ្ងាយប៉ុន្មាន មានរោងមួយទៀតសង់អំពីឈើ ដែលគេនិយមឱ្យឈ្មោះថា រោងឈើ ។ ខាងលិចរោងទី ២ មិនឆ្ងាយប៉ុន្មាន មានរោងល្ខោនបាសាក់មួយទៀតសង់អំពីថ្ម ដែលគេនិយមឱ្យឈ្មោះថា រោងស្ពានកូនកាត់ ឬ រោងថ្ម នៅកន្លែងវិមានឯករាជ្យសព្វថ្ងៃ ដឹកនាំដោយ អ្នកស្រីម្លិះឡា ។ រោងមួយទៀតនៅខាងលិចវាំង ជ្រុងខាងត្បូង ដែលគេនិយមហៅថា រោងសយសង្វាន ។ មួយទៀតរោងផ្សារសួនចាស់ ឬរោងល្ខោនក្លឹង្គ នៅចំមុខវត្តបទុមវតី ។ រោងផ្សារស៊ីឡឹប ដែលដឹកនាំដោយ អ្នកម្នាងម្នាក់នៃព្រះរាជា ស៊ីសុវត្ថិ មុនីវង្ស គឺអ្នកម្នាង ឃុន តាត ឬឃុនព្រះម៉ែ នាង បុប្ផានរលក្ខណ៍ យិន តាត ។ រោងមួយទៀតនៅតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីនោះមកទើបគេឃើញមានរោងដទៃទៀតជាច្រើនដូចជារោងគីឡូលេខ ៦ ។ រោងទួលទំពូង នៅចែងខាងជើងវត្តទួលទំពូងសព្វថ្ងៃ ។ រោងទួលគោក រោងបាក់ស្រេង និងអ្នកស្រីអ៊ុន វ៉ាង «នៅម្តុំរោងភាពយន្តចេនឡា» សព្វថ្ងៃ ។ រោងផ្សារដេប៉ូ និងរោងដទៃទៀតសម្តែងល្ខោនបាសាក់ជាប្រចាំ ។ ឯរោងភាពយន្តល្ខោន គឹម សឹង នៅខាងលិចផ្សារកណ្តាល និង រោង គឹម ភុង នៅខាងត្បូងឆៀងខាងលិចផ្សារថ្មី ក៏មានសម្តែងល្ខោនបាសាក់ម្តងម្កាលដែរ ។ គឺចាប់ពីពេលនោះមកហើយដែលល្ខោនបាសាក់ចាប់សាយភាយខ្លាំងមែនទែននៅប្រទេសកម្ពុជា តាមរយៈការធ្វើសកម្មភាពទៅមកសម្តែង ចុះឡើងៗគ្រប់ទីកន្លែង ហើយមានក្រុមខ្លះបានទៅបោះទីតាំងនៅខេត្ត និងស្រុកនានា បានទៅបង្រៀន និងកសាងក្រុមជាច្រើនតាមមូលដ្ឋាន ផ្សេងៗ គ្នា ។
ខាងលើនេះជាប្រវត្តិរបស់ ល្ខោនបាសាក់ ដែលក្រុមអ្នកស្រាវជ្រាវទទួលពីគ្រូ ចាស់ៗ និងមិត្តភក្តិខ្មែរមួយចំនួនដែលស្ថិតនៅភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ អមដោយឯកសារសរសេរបន្តិចបន្តួចដែលសេសសល់ពីមុនមក ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ប្រវត្តិនេះប្រាកដជាមិនទាន់បានសុក្រឹត និងលម្អិតនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏វាអាចជាមូលដ្ឋានសម្រាប់ពិចារណា ខ្លះៗ របស់បណ្តាអ្នកស្រាវជ្រាវ អ្នកសិក្សាល្ខោន អ្នកស្រឡាញ់អក្សរសិល្បិ៍ និងប្រជាជន មហាជនដែលស្រឡាញ់សិល្បៈវប្បធម៌របស់ប្រជាជនកម្ពុជាយើង ដើម្បីទុកជាទុនមូលដ្ឋានក្នុងការឈ្វេងយល់តម្លៃពិត រូបពិត ខ្លឹមសារពិត ទម្រង់ពិត និងលក្ខណៈបែបពិត ទាំងឡាយនៃទម្រង់ល្ខោនខ្មែរ ។
ឯកសារទស្សនីយភាពខ្មែរបន្តថា ក្រោយពីពេលដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បង្កើតឡើងឆ្នាំ១៩៦៥ ទម្រង់ល្ខោនបាសាក់ ក៏ដូចជាទម្រង់សិល្បៈឯទៀតជាច្រើនដែរ ត្រូវសាកលវិទ្យាល័យ ចាត់ឱ្យមានក្រុមចុះសិក្សាស្រាវជ្រាវរៀនសូត្រពីលោកគ្រូ អ្នកគ្រូ សិល្បករអ្នកជំនាញ ធំៗ ដូចជាលោក សាំង សារុន អ្នកស្រី ចេច ម៉ាច លោកគ្រូ ពៅ លោកគ្រូ ណន លោកគ្រូសាមិត ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះទេ សាកលវិទ្យាល័យបានអញ្ជើញលោកគ្រូទកខ្មៅ ដែលមានទេពកោសល្យអាចសម្តែងជាតួឯក ជាតួយក្ស ឬជាត្លុកក៏បានមកបង្រៀនជាគ្រូប្រចាំនៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រថែមទៀតផង ។
ក្រោយពីបានសិក្សារៀនសូត្រ ភ្លេង… ចម្រៀង ក្បាច់ហួនបាសាក់ និងរបៀបសម្តែងបានត្រឹមត្រូវហើយ ក្រុមនិស្សិតផ្នែកល្ខោនបាសាក់ ក្នុងស្មារតីរក្សាទម្រង់ មិនឱ្យព្នាយប្រាសចាកភាពដើម និងដោយមានជំនួយពីគ្រូ ចាស់ៗ ក៏សាកល្បងដំឡើងរឿងមួយចំនួន ដោយរឿងត្រូវសម្តែងត្រូវសរសេរជារឿងល្ខោន ដែលមានពាក្យសម្តីត្រឹមត្រូវ ហើយដែលត្រូវឱ្យសិល្បករអ្នកសម្តែង ទន្ទេញចាំយ៉ាងស្ទាត់ជាមុន ព្រមដោយមានការដឹកនាំរឿង ត្រឹមត្រូវផង ពោលគឺធ្វើឱ្យមានលក្ខណៈ «រៀបរយ» នៅក្នុងការសម្តែងដោយរក្សាអន្លើបរិយាកាសសប្បាយរីករាយ ឬ កម្សត់ ព្រាត់ប្រាស ឬក៏អន្លើកំប្លុកកំប្លែងទៅតាមដំណើរនៃសាច់រឿង មិនឱ្យរំខានគ្នាឡើយ ។
ក្នុងការសាកល្បងធ្វើឱ្យមានលក្ខណៈ «រៀបរយ» សម្រាប់ទម្រង់ល្ខោនបាសាក់នេះ ក្រោយពីបានសម្តែងនៅទូទាំងប្រទេសជាញឹកញាប់ឃើញថា បានលទ្ធផលគួរជាទីពេញចិត្ត ដ្បិតអាចទាក់ទាញបាន ឬតម្រូវបាននូវទឹកចិត្តរបស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន គឺអ្នកស្រែចម្ការ អ្នកផ្សារ សិស្ស និស្សិត បញ្ញវន្ត ជាច្រើនផង ។
ចំណែកឯក្រុមសិល្បៈល្ខោនបាសាក់ នៅតាមរោងនានាក្នុងទូទាំងប្រទេស គឺរក្សារបៀបសម្តែងបែបបុរាណដូចមុន ពោលគឺរបៀបសម្តែងដោយឥតព្រាងទុកដដែល ៕
កែសម្រួលដោយៈ Mr365