ប្រវត្តិ ស្ទីវិន ហកឃីង Stephen Hawking​ (១៩៤២-២០១៨) អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា​ដ៏ល្បី

លោក​ស្ទីវិន ហកឃីង រស់នៅ​ក្នុង​ពិការភាព​ចាប់តាំង​ក្បាល​រហូត​ដល់​ចុងជើង អង្គុយ​តែ​លើ​កៅអីរុញ ហើយ​កុំថាឡើយ​ដល់​ទៅ​កម្រើកដៃជើង សូម្បីតែ​កម្រើក​មាត់​និយាយ​ក៏​មិន​អាច​ធ្វើ​ទៅរួចផង ដោយ​ត្រូវ​ពឹងលើ​ម៉ាស៊ីន​កុំព្យូទ័រ​​ឲ្យ​និយាយ​ជំនួស។ ក៏ប៉ុន្តែ លោក​ពិការ​តែ​ខាង​រូបកាយ​តែប៉ុណ្ណោះ រីឯ​ខាង​គំនិត​ប្រាជ្ញា​វិញ​គឺ​មិន​ពិការ​នោះទេ។ ផ្ទុយ​ទៅវិញ លោក​បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​នូវ​ទ្រឹស្តី​សំខាន់ៗ​ជាច្រើន​ ចាប់តាំង​ពី​ទ្រឹស្តី​ទាក់ទង​នឹង​ប្រហោងខ្មៅ (Black Hole) រហូត​ទៅដល់​ទ្រឹស្តី​ទាក់ទង​នឹង​ការ​ចាប់កំណើត​នៃ​ចក្រវាល (Big Bang Theory)។ នេះ​គឺ​ជា​ប្រវត្តិ​នៃ​​ដំណើរ​ជីវិត​របស់​អ្នក​ប្រាជ្ញ​សម័យ​ទំនើប​ដ៏​សំខាន់​មួយ ដែល​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ល្បីៗ ក្នុង​ប្រវត្តិសាស្រ្ត រួមជាមួយ​នឹង អាល់ប៊ែរ អាញ់ស្តាញ់, អ៊ីសាក់ ញូតុន និង​កាលីលេអូ កាលីលេ។
ប្រវត្តិកំនើត​ & ការសិក្សា
លោក​ស្ទីវិន ហកឃីង កើត​នៅថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ១៩៤២ នៅ​ក្នុង​ទីក្រុង​អកស្វឺត ប្រទេស​អង់គ្លេស។ ថ្ងៃ​ដែល​លោក​កើត គឺ​ចំ​នឹង​ថ្ងៃ​ខួប​គម្រប់ ៣០០ឆ្នាំ​គត់ នៃ​មរណភាព​របស់​លោក​​កាលីលេអូ កាលីលេ ហើយ​ឆ្នាំដែល​លោក​កើត គឺ​ចំពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​ស្ថិត​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម គឺ​សង្រ្គាម​លោកលើកទី២ ដែល​អង់គ្លេស គឺ​ជា​តួអង្គ​ដ៏សំខាន់​មួយ​នៃ​សង្រ្គាម។

ស្ទីវិន ហកឃីង កើតមក​ជា​ក្មេងប្រុស​ធម្មតា​ម្នាក់ ដែល​មិនទាន់​ធ្លាក់​ខ្លួន​ពិការ​នៅឡើយទេ ហើយ​លោក​​គឺ​ជា​កូនប្រុស​ច្បង នៅ​ក្នុង​ចំណោម​បងប្អូន ៣នាក់ ក្នុង​ត្រកូល ដែល​មាន​ឪពុកម្តាយ​សុទ្ធតែ​ជា​អ្នក​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ នៅ​ឯ​សកលវិទ្យា​អកស្វឺត ដែល​ជា​សកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​​នៅ​អង់គ្លេស ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក។ ស្ទីវិន ហកឃីង បាន​ដើរតាម​គន្លង​ម្តាយ និង​ឪពុក ដោយ​បាន​ប្រឡង​ជាប់​ទទួល​​អាហារូបករណ៍​ចូល​រៀន នៅ​សកលវិទ្យាល័យ​អកស្វឺត នៅ​ឆ្នាំ១៩៥៩ ដោយ​នៅពេលនោះ លោក​មាន​អាយុ ១៧ឆ្នាំ

កាលពី​ដំបូងឡើយ ឪពុក​របស់​ស្ទីវិន ហកឃីង ចង់​ឲ្យ​លោក​រៀន​ខាង​វេជ្ជសាស្រ្ត ហើយ​ចាប់​យក​អាជីព​ជា​គ្រូពេទ្យ​ដូច​ឪពុក។ ក៏ប៉ុន្តែ ស្ទីវិន ហកឃីង មិនចូលចិត្ត​មុខវិជ្ជាពេទ្យ​នោះទេ ដោយ​ដក់​ចិត្ត​តែ​លើ​ផ្នែក​វិទ្យាសាស្រ្ត។ លោក​ក៏​បាន​ជ្រើសរើស​យក​ផ្នែក​ ​គណិតវិទ្យា និង​រូបវិទ្យា

 

និយាយ​ពី​ការ​សិក្សា​នេះ តាំង​ពី​ក្មេង​រៀងមក ស្ទីវិន ហកឃីង រៀន​មិនអន់​នោះទេ តែ​ក៏​មិនមែន​ជា​សិស្ស​ដែល​ពូកែ​ឆ្នើម​លេចធ្លោ​លើសគេឯងនោះដែរ។ តាមពិត ស្ទីវិន ហកឃីង គឺ​ជា​កូនសិស្ស​ដែល​មាន​ប្រាជ្ញា​ឆ្លាតវៃ តែ​មិន​ចូល​ចិត្ត​ចំណាយ​ពេល​រៀន​សូត្រ​ច្រើន។ លោក​ខ្លួនឯង​ផ្ទាល់ បាន​ធ្វើការ​ប៉ាន់​ស្មាន​ថា នៅ​ក្នុង​រយៈពេល ៣ឆ្នាំ នៅ​សកលវិទ្យាល័យ​អកស្វឺត លោក​ចំណាយ​ពេល​រៀន​គិតជា​មធ្យម​តែ​ប្រមាណ​ជា ១ម៉ោង តែ​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ការ​ចំណាយ​ពេល​តិចតួច​ក្នុងការ​រៀនសូត្រ​ខ្លួនឯង​បែបនេះ បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ពិន្ទុ​មិន​សូវ​ល្អ នៅ​ពេល​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​អកស្វឺត ហើយ​ស្ទើរតែ​មិន​អាច​បន្ត​ការ​សិក្សា​ខាង​ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ទៅតាម​បំណង​របស់​លោក​បាន។ ទោះជា​យ៉ាងណា លោក​បាន​ប្រឡង​ជាប់​ទាំង​ប្រផិតប្រផើយ​បាន​បន្ត​ការ​សិក្សា​ខាង​ផ្នែក​រូបវិទ្យា នៅ​ឯ​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​ទៀត​របស់​អង់គ្លេស គឺ​សកលវិទ្យាល័យ​ខេម​ប្រ៊ិច

នៅសកលវិទ្យាល័យ​ខេមប្រ៊ិច លោក​ស្ទីវិន ហកឃីង បាន​ផ្តោត​ការ​សិក្សា​របស់​លោក​ទៅ​លើ​ទ្រឹស្តី​រូបវិទ្យា​ដែល​ទាក់ទង​នឹង​លោកធាតុ (Cosmologie) ជាពិសេស ទ្រឹស្តី​ទាក់ទង​នឹង​កម្លាំងទំនាញ និង​ទ្រឹស្តី General Relativity របស់​លោក​អាល់ប៊ែរ អាញ់ស្តាញ់។ ខុសកាល​ពី​ពេល​នៅ​អកស្វឺត លោក​ស្ទីវិន ហកឃីង បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ច្រើន ទៅលើ​ការ​សិក្សាស្រាវជ្រាវ​របស់​លោក​នៅ​ខេមប្រ៊ិច ហើយចំណុច​របត់​ដ៏សំខាន់​នៅ​ក្នុង​ជីវិត​របស់​លោក​នៅ​ពេលនោះ គឺ​បញ្ហា​សុខភាព

ការធ្លាក់ខ្លួនពិការ

នៅ​ឆ្នាំ១៩៦៣ នៅ​ក្នុងវ័យ ២១ឆ្នាំ លោក​ស្ទីវិន ហកឃីង ត្រូវ​បាន​គ្រូពេទ្យ​រកឃើញ​ថា លោក​មាន​ជំងឺ​ផ្នែក​សរសៃ​និង​សាច់ដុំ​មួយ​ប្រភេទ ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា ALS (ឬ Lou Gehrig​’s disease)។ ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន ​ដែល​នឹង​នាំ​ឲ្យ​លោក​ត្រូវ​ធ្លាក់​ខ្លួន​ពិការ​ទាំងស្រុង ហើយ​ជាងនេះ​ទៅទៀត គ្រូពេទ្យ​បាន​ព្យាករ​ថា លោក​អាច​មាន​ជីវិត​រស់​នៅ​បាន​យ៉ាងច្រើន​បំផុត​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ

ការប្រឈមមុខ​នឹង​ជំងឺ​ដ៏​កាចសាហាវ និង​សេចក្តីស្លាប់​ដែល​នឹង​ត្រូវ​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ដោយ​ចៀសមិនរួចបែបនេះ គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​តក់​ស្លុត​បំផុត​មួយ សម្រាប់​លោក​ស្ទីវិន ហកឃីង។ មនុស្ស​ភាគច្រើនជាទូទៅ​ប្រហែល​ជា​នឹង​ត្រូវ​ធ្លាក់​ទឹកចិត្ត អស់សង្ឃឹម​ក្នុង​ជីវិត បោះបង់​ចោល​លែង​ធ្វើ​អ្វី​ទាំងអស់ ហើយ​បណ្តែតបណ្តោយ​ខ្លួន​ទៅតាម​ព្រេងវាសនា។ ក៏ប៉ុន្តែ លោក​ស្ទីវិន ហកឃីង គឺ​ផ្ទុយ​ពី​នេះ​ទាំងស្រុង។ ការប្រឈមមុខ​នឹង​សេចក្តីស្លាប់​ដែល​នឹង​ជិតមកដល់ ធ្វើ​ឲ្យ​លោក​មាន​គំនិត​ចង់​រស់​នៅ​ក្នុង​ជីវិតដ៏ខ្លី និង​ចំណាយ​ពេល​ដែល​នៅ​សេសសល់​ទាំងប៉ុន្មាន ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។

លោក​បាន​វិលត្រឡប់​ទៅ​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​វិញ ហើយ​ធ្វើ​ដោយ​យក​ចិត្ត​ទុកដាក់​។ នៅ​ពេល​ដែល​លោក​ចំ​ណាយ​ពេល​កាន់តែ​​ច្រើន​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ វា​ធ្វើ​ឲ្យ​លោក​កាន់តែជក់ចិត្ត ហើយលើសពីនេះ​ទៅទៀត ជីវិត​របស់​លោក​កាន់តែ​មាន​សុភមង្គល​ នៅ​ក្រោយ​ពេល​ដែល​លោក​បាន​ភ្ជាប់ពាក្យ​ជាមួយ​នឹង​គូស្នេហ៍​របស់​លោក ដែល​បាន​ស្គាល់​គ្នា តាំង​ពី​ពេល​លោក​ដឹង​ខ្លួន​ថា​មាន​ជំងឺ។

ភាពជោគជ័យក្នុងជីវិត

នៅ​ឆ្នាំ១៩៦៥ ពីរឆ្នាំ​ក្រោយ​ពី​គ្រូពេទ្យ​រកឃើញ​ថា​លោក​មាន​ជំងឺ​ ហើយ​អាច​រស់​នៅ​បាន​ត្រឹមតែ​ពីរឆ្នាំ លោក​ស្ទីវិន ហកឃីង នៅតែ​បន្ត​មាន​ជីវិត ហើយ​ថែម​ទាំង​បាន​រៀបការ សាង​គ្រួសារ​ដូចគេ​ដូចឯង។ នៅ​ឆ្នាំ​១៩៦៦ លោក​បាន​បញ្ចប់​ការ​សិក្សា​ទទួល​សញ្ញា​បត្រ​​ថ្នាក់​បណ្ឌិត​ពី​សកលវិទ្យាល័យ​ខេមប្រ៊ិច ហើយថែម​ទាំង​បាន​​ការងារ​ជា​អ្នក​ស្រាវជ្រាវ​ និង​បន្ទាប់​មក​ទៀត​ជា​សាស្រ្តាចារ្យ​នៅ​ទីនោះ

​នៅទីបំផុត​ទៅ ជីវិត​​របស់​លោក​នៅក្រោយ​ពី​ដឹង​ថា​មាន​ជំងឺ​ព្យាបាល​មិន​ជា​ ប្រែក្លាយ​ជា​ជីវិត​ដ៏​មាន​អត្ថន័យ និង​មាន​គោលដៅ​ជាង​ជីវិត​កាល​ពី​ពេល​មុន​ទៅទៀត។ ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​បាន​ឈាន​ទៅដល់​ការ​រកឃើញ​នូវ​ទ្រឹស្តី​សំខាន់ៗ​ជាច្រើន​ខាង​ផ្នែក​រូបវិទ្យា ដែល​ធ្វើ​ឲ្យ​រូបលោក​បាន​ក្លាយ​ជា​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ នៅ​ទូទាំង​ពិភពលោក។

នៅ​ឆ្នាំ​១៩៧៤ លោក​ស្ទីវិន ហកឃីង ត្រូវ​បាន​គេតែងតាំង​ជា​សមាជិក​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស ហើយ​៥ឆ្នាំក្រោយ​មកទៀត ត្រូវ​បាន​តែងតាំង​ជា​ប្រធានសាស្រ្តាចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​សកលវិទ្យាខេមប្រ៊ិច ដែល​ជា​មុខតំណែង​សាស្រ្តាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​បំផុតមួយ​នៅ​អង់គ្លេស ក៏ដូចជា នៅ​លើ​ឆាក​អន្តរជាតិ។ មុខតំណែង​ទាំងពីរ​នេះ​ធ្លាប់​ត្រូវ​បាន​កាន់កាប់​ដោយ​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដ៏ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​លោក​អ៊ីសាក់ ញូតុន កាល​ពី​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧

លោក​ស្ទីវិន ហកឃីង បាន​កាន់កាប់​តំណែង​ជា​ប្រធានសាស្រ្តចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​ខេមប្រ៊ិច អស់រយៈពេល ៣០ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០០៩។ លោក​ទទួល​មរណភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដែល​ត្រូវ​ចំ​ថ្ងៃ​កំណើត​របស់​លោក​អាល់ប៊ែរត៍ អាញ់ស្តាញ់

សំគាល់

–  លោក ស្ទីវិន ហកឃីង កើតចំ​នឹង​ថ្ងៃ​ខួប​គម្រប់ ៣០០ឆ្នាំ​គត់ នៃ​មរណភាព​របស់​លោក​​កាលីលេអូ កាលីលេ 

–  លោក ស្ទីវិន ហកឃីង បានទទួលមរណៈភាព ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដែល​ត្រូវ​ចំ​ថ្ងៃ​កំណើត​របស់​លោក​អាល់ប៊ែរត៍ អាញ់ស្តាញ់

By Mr 365

Stephen Hawkingស្ទីវិន ហកឃីងអ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា​ដ៏ល្បី
Comments (0)
Add Comment