ប្រវត្តិ អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​

ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយះពេល ៣​ថ្ងៃ​តែម្តង គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។​

ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។

ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។
​ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។
​ក្នុង​ពិធី​នេះ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​នេះ  គឺ​ដើម្បី  សម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។
​ឈានដល់​ថ្ងៃទី​២ គឺ​ថ្ងៃ​១៥ ខែ​ក​ក្តិ​ក នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​។ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យោង​យកកំណើត​ជា​ទន្សាយ ដោយ​គ្រានោះ ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។
​បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ​យល់ថា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​ការ​ក្លាយជា​ព្រះពុទ្ធ​)​។ គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​ទន្សាយ​នោះ ហើយក៏​ពោល​ពាក្យ​ឡើង​ថា​៖ «​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ​ជា​តួអង្គ​ព្រះ​ពោធិសត្វ​នៃ​យើង បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖ «​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ប៉ុណ្ណោះ បើ​អ្នក​ចង់បាន ចូរ​អ្នករក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​»​។
​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ​ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាមៗ​តែម្តង​ដោយ​មិន​បង្អង់​យូរ ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ លំដាប់​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ចន្ទ តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។
​រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំ​ឲ្យ​អ្នកស្រុក​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដោយសារ​តែមាន​ជំនឿ​បែប​នេះឯង​៕
ប្រភព៖ គេហទំព័រទ្រឹស្តីពុទ្ធចក្រ
ដកស្រង់ដោយៈMr165
cambodiakhmerkomnertបណ្ដែតប្រទីបប្រវត្តិ អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​សំពះព្រះខែអកអំបុកអ៊ុំទូក
Comments (0)
Add Comment