ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ (១៨៦០ – ១៩៣៤)

ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ (១៨៦០ – ១៩៣៤)

ក្សត្រាដ៏ក្លាហានហ៊ានទៅប្តឹងអាជ្ញាធរបារាំងដែលជាម្ចាស់អាណានិគមន៍ ដល់ទីក្រុងប៉ារីស នាឆ្នាំ១៩០០

ប្រវត្តិនៃរឿងរ៉ាវរបស់ ព្រះអង្គម្ចាស់យុគន្ធរ ដែលកើតមានក្នុងឆ្នាំ១៩០០ នៅប្រទេសបារាំង គឺកម្រមានឯកសារណាមួយលើកមកនិយាយលំអិតណាស់ សូម្បីតែក្នុងព្រះរាជពង្សាវតា ឬនៅសៀវភៅមហាបុរសខ្មែរ។ រឿងរបស់ព្រះអង្គម្ចាស់យុគន្ធរ បានធ្វើឲ្យផ្អើលដល់សាធារណៈមតិនៅប៉ារីសនាឆ្នាំ១៩០០ តែនៅប្រទេសកម្ពុជា មានអ្នកដឹងឭរឿងនេះតិចតួចប៉ុណ្ណោះ។ មានតែវិទ្យាល័យនៃទីក្រុងភ្នំពេញមួយទេ ដែលមានចារព្រះនាមព្រះអង្គឲ្យគង់នៅ គឺវិទ្យាល័យព្រះយុគន្ធរ ស្ថិតនៅបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងមហាវិថីព្រះសីហនុ ទល់មុខនឹងសំណង់ ៤២ជាន់ ក្នុងសង្កាត់បឹងព្រលិត ខ័ណ្ឌ ចំការមន។

ថ្ងៃនេះខ្ញុំសូមលើកច្បិចយកចំណុចខ្លះៗនៃវណ្ណកម្មរបស់អ្នកនិពន្ធឈ្មោះ ព្យែរ៉េ ឡាម៉ង់ (PIERRE LAMANT) ស្តីអំពី រឿងរ៉ាវរបស់ព្រះអង្គម្ចាស់ យុគន្ធរ (L’Affaire Yukanthor) ដែលបានប្រែសម្រួលជាខេមរៈភាសាដោយលោក ទេព ម៉េងឃាន ហៅ ទីឃាយុ ។ ខ្ញុំហ៊ានអះអាងថា ក្រៅតែអំពីស្នាដៃរបស់អ្នកនិពន្ធ ព្យែរ៉េ ឡាម៉ង់ រូបនេះ គឺពុំមានឯកសារណាមួយទៀត ដែលបានសរសេរក្បោះក្បាយយ៉ាងដូច្នេះនោះឡើយ។ ហើយឯកសារទាំង នេះ អ្នកនិពន្ធបារាំងបានស្រាវជ្រាវ និងរកឃើញនៅក្នុងទីទុកឯកសារ(ប្រហែលសម្ងាត់) នៅ ប្រទេសបារាំងយ៉ាងកម្របំផុត ព្រោះវា ត្រូវគេរក្សាទុកតាំងពីឆ្នាំ១៩០០ម្ល៉េះ។

អ្នកនិពន្ធ ព្យែរ៉េ ឡាម៉ង់ ស្តីអំពីរឿងរ៉ាវរបស់ព្រះអង្គម្ចាស់ យុគន្ធរ បានបង្ហាញអំពី វីរភាពដ៏មហិមារបស់ព្រះអង្គ ហើយក៏បង្ហាញពីភាពប្រថុយប្រថានរបស់ព្រះអង្គម្ចាស់ ក្នុងការយកពាក្យបណ្តឹងទៅប្តឹងដល់រដ្ឋការបារាំងនៅទីក្រុងប៉ារីស អំពីការជិះជាន់របស់ទេសាភិបាលជាន់ខ្ពស់បារាំងមកលើប្រទេសកម្ពុជា និងជាពិសេសការរំលោភសិទ្ធិនានាដែលពួកអាណានិគម បានធ្វើមកលើព្រះមហាក្សត្រ នរោត្តម និងប្រជារាស្រ្តខ្មែរ។ សូម្បីតែព្រះអង្គម្ចាស់ យុគន្ធរ ដែលជាព្រះរាជទាយាទ អាចនឹងឡើងសោយរាជបន្តពីព្រះបិតាព្រះអង្គក្តី ក៏ពេលខ្លះព្រះអង្គម្ចាស់ យុគន្ធរ ត្រូវបានប្រមាថយ៉ាងធ្ងន់ធ្ងរដោយពួកអាជ្ញាធរបារាំងផងដែរ។

ប្រវត្តិ៖
ជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រ នរោត្តម នៃព្រះរាជបុត្រទាំង ៦ព្រះអង្គ។
ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ [អានថា៖ នៈ-រោត-ដំ-យុ-គន់-ធរ] គឺ ព្រះនាមពេញ ហៅថាព្រះអង្គម្ចាស់ នរោត្ដម អរុណ យុគន្ធរ ជ័យព្រះរាជឱរសបុត្រាចន្ទ្រ។
គឺជាព្រះរាជបុត្រារបស់ ព្រះនាងចៅផល្លាទេវីសុទ្ធចន្ទ្រា ពោះ និងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមាទេវាវតារ ព្រះចៅក្រុងកម្ពុជាធិបតី។
ទ្រង់ប្រសូតនាឆ្នាំ១៨៦០ (ឯកសារខ្លះថា១៨៥៨) នាព្រះរាជធានីឧត្តុង្គ។ ព្រះអង្គ គឺជាអ្នកដែលត្រូវគេមើលឃើញច្បាស់ថាជាអ្នកបន្តស្នងរាជពីហ្លួង នរោត្ដម ។
ព្រះអង្គបានរៀបអភិសេកចំនួន៤ដងគឺ៖
លើកទី១ អ្នក ស្រអែម
លើកទី២ អ្នក កៀន
លើកទី៣ អ្នក អ៊ឹម
លើកទី៤ ព្រះអង្គម្ចាស់ នរោត្ដម មល្លិកា។
ព្រះអង្គ មានព្រះបុត្រា៤ព្រះអង្គ និងព្រះបុត្រី៥ព្រះអង្គ គឺ៖
១. អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ និមិន្ទ្រវង្ស
២. អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ កន្នារ៉ារក្ស
៣.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ហៀន វច្ចរាវង្ស
៤.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ក្រអាញ់
៥.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ប៉េងប៉ោះ
៦.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ យុផាផាន់
៧. អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ របានបាស់
៨.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ពង់ពាង
៩.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ទូច។

សកម្មភាព៖
នៅក្នុងឆ្នាំ១៩០០ ក្នុងឋានៈជាព្រះរាជតំណាងនៃព្រះមហាក្សត្រខ្មែរ ព្រះអង្គម្ចាស់យុគន្ធរ រួមជាមួយប្រតិភូខ្មែរ ចំនួន ៦នាក់ និងព្រះអានុជព្រះអង្គមួយអង្គទៀត បានធ្វើដំណើរតាមកប៉ាល់បារាំងឆ្ពោះទៅប្រទេសបារាំង ដើម្បីចូលរួមក្នុងពិធីតាំងពិពណ៌ពិភពលោក ដែលរៀបចំដោយប្រទេសបារាំង នៅទីក្រុងប៉ារីស។ ប៉ុន្តែនៅទីនោះព្រះអង្គ បែរជាចេញសកម្មភាពប្រឆាំងតវ៉ានឹងនយោបាយរដ្ឋការអាណានិគមន៍នៅកម្ពុជា លើទំព័រសារព័ត៌មានរបស់បារាំងទៅវិញ។
នេះជាព្រឹត្តិការណ៍មួយដ៏កម្រមាន ដែលអ្នកនៅក្រោមអាណានិគមន៍ ហ៊ានប្តឹងតវ៉ាអ្នកដែលតាំងអាណានិគមន៍។
តាមពិតរឿងរបស់ព្រះអង្គម្ចាស់ យុគន្ធរ ច្បាស់ជាមិនអាចផ្ទុះបែកធ្លាយ ធ្វើឲ្យផ្អើលដល់សាធារណៈមតិនោះឡើយ បើគ្មានការជួយអន្តរាគមន៍ពីអ្នកការសែតបារាំងម្នាក់ឈ្មោះហ្សង់ហេស (Jean Hess) ដែលបានវិលត្រឡប់ពីប្រទេសកម្ពុជា ទៅប្រទេសបារាំងវិញ ជាមួយព្រះអង្គម្ចាស់យុគន្ធរដែរនោះ។

អ្នកនិពន្ធ ព្យែរ៉េ ឡាម៉ង់ បានលើកយកខ្លឹមសារនៃលិខិតមួយរបស់ព្រះអង្គម្ចាស់ យុគន្ធរ មកអធិប្បាយថា “ព្រលឹងសង្គមរបស់លោកទើបមានពេលថ្មីៗ ចំណែកព្រលឹងសង្គមរបស់យើង មានតាំងពីដើមកំណើតផែនដីម្ល៉េះ។ ទោះជាពួកអ្នកមានចំណេះដឹងជ្រៅជ្រះក៏ដោយ ក៏ភ័ន្តច្រឡំមកលើយើងទាំងល្ងិតល្ងង់”។ ចំណែកឯខ្លឹមសារនៃលិខិតមួយទៀតព្រះអង្គម្ចាស់បានលើកឡើងថា “ខ្ញុំដែលជារាជទាយាទ និងជាបុត្ររបស់ព្រះអង្គ សូមឲ្យលោកបន្សាបនូវភាពជូរចត់ដែលធ្វើឲ្យលំបាកទ្រាំនៅបណ្តាឆ្នាំចុងក្រោយនេះ។ សូមលោកនឹកឃើញផងថា ព្រះមហាក្សត្រនេះ (ព្រះបាទនរោត្តម) បានប្រគល់ព្រះរាជាណាចក្រ ដ៏ស្រស់ស្អាតជាងគេនៅឥណ្ឌូចិន ជូនលោកដោយស្មោះត្រង់ ទុកណាជាគ្មានអ្វីជំរុញព្រះអង្គ និងទុកណាជាព្រះអង្គអាចជ្រើសរើសប្រទេសផ្សេងក្រៅពីបារាំងក៏ដោយ។ ព្រះអង្គមានព្រះទ័យជឿជាក់ក្នុងការរកយុត្តិធម៌របស់លោក។ ក្នុងរឿងនេះ ព្រះអង្គមានការទុកព្រះទ័យនៅឡើយ។ ព្រះអង្គគ្រាន់ទទួលយល់ស្របថា ពួកបារាំងនៅឯនាយ (ប្រទេសបារាំង) ជាជនជាតិបារាំងដ៏ពិតប្រាកដ។ ព្រះអង្គសង្ឃឹមថា ខ្ញុំនឹងជួបជនជាតិបារាំងពិតប្រាកដផ្សេងទៀតនៅប្រទេសនេះ ដែលជាអ្នកប្រកបដោយយុត្តិធម៌។ មិនមែនក្នុងនាមជារជ្ជទាយាទទេ ដែលខ្ញុំពឹងពាក់លោក ប៉ុន្តែគឺក្នុងនាមបុត្រព្រះអង្គ។ ខ្ញុំសូមឲ្យលោកបង្ហាញអំពើមួយជាបន្ទាន់ ដែលអាចធ្វើឲ្យព្រះបិតាខ្ញុំបាត់ភ័យព្រួយលើសពីការសន្យាផ្សេងៗ”។
នៅក្នុងការរៀបរាប់នៃការពិពណ៌នារបស់អ្នកនិពន្ធ ព្យែរ៉េ ឡាម៉ង់ ក៏បានបង្ហាញ ឲ្យយើងឃើញនូវការរារាំងរបស់មន្រ្តីជាន់ខ្ពស់បារាំង ក្នុងការមិនអនុញ្ញាតឲ្យព្រះអង្គម្ចាស់អាចយកពាក្យបណ្តឹងទៅជូនលោកឌឺមែរ ប្រធានាធិបតីបារាំង និងការតស៊ូអត់ធ្មត់របស់ព្រះអង្គអំពីបញ្ហានេះ។ ឯការពុះពារ និងលះបង់របស់ព្រះអង្គបានធ្វើឲ្យពួកអាណានិគមបារាំងខឹងសម្បារយ៉ាងខ្លាំង។ ព្រះអង្គម្ចាស់យុគន្ធរ ត្រូវបានប្រមាថ យ៉ាងធ្ងន់ធ្ងរដោយជនជាតិបារាំង។ ពួកបារាំងនិយាយទាំងអស់សំណើចថា ព្រះអង្គយុគន្ធរ មានមាឌតូច កម្ពាស់ប្រហែល មួយម៉ែត្រ៥៨ មានក្បាល(ព្រះកេស)ត្រងាលខាងមុខ និងមុខ ឆ្អឹង សម្បុរខ្មៅជាងគេបន្តិច។ ហើយពួកបារាំងបានបញ្ចុះបញ្ចូលពួកមន្រ្តីខ្មែរដែលលោភលន់លុយកាក់ បុណ្យស័ក្តិ និងញៀនអំណាច ឲ្យស្អប់ព្រះអង្គ ហើយបានទាមទារឲ្យព្រះអង្គសុំទោស រួមទាំងការចាត់វិធានការណ៍នានាដើម្បីដាក់ទោសព្រះអង្គម្ចាស់អោយបានធ្ងន់ធ្ងររហូតដល់ចង់សម្លាប់ព្រះអង្គទៀតផង។
គេពុំដែលឃើញមានការសុំទោសអ្វីទាំងអស់ ដោយសារតែព្រះអង្គម្ចាស់យុគន្ធរ សុខចិត្តឲ្យគេនិរទេសព្រះកាយជាជាងសុំទោស ហើយទីបញ្ចប់នៃជីវភាពនយោបាយពីឆ្នាំ១៨៨៩ ដល់១៩០៤ ដើម្បីសេរីភាពខ្មែររបស់ព្រះអង្គត្រូវបានអាជ្ញាធរបារាំងសម្រេចកាត់ទោសនិរទេសព្រះអង្គ ។

ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ, សិង្ហបុរី និងទីក្រុងបាងកក ប្រទេសថៃក្រោយឆ្នាំ១៩១៣។ ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ សុគតនាទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៣៤ ក្នុងព្រះជន្ម៧៤ឆ្នាំ។

តាមប្រភពឯកសារខ្លះអះអាងថា ពេលអាជ្ញាធរបារាំងចាប់បញ្ជូនព្រះអង្គមកកម្ពុជាវិញ ពេលមកដល់កំពង់ផែសឹង្ហបូរី នាឆ្នាំ១៩០០ ព្រះអង្គបានលួចចាកចេញពីកប៉ាល់ ហើយព្រះអង្គត្រូវបាននិរទេសព្រះកាយទៅរស់នៅប្រទេសបែលហ្សិក និងបានបន្តទៅរស់នៅឯប្រទេសសៀម រហូតដល់ព្រះអង្គ សោយទិវង្គតនៅទីក្រុងបាងកក នាខែមិថុនា ឆ្នាំ១៩៣៤ ក្នុងជន្មាយុ ៧៤វស្សា មុនពេលប្រទេសទទួលបានឯករាជ្យពីប្រទេសបារាំងតាមបំណងព្រះអង្គនៅឆ្នាំ១៩៥៣។

នៅក្នុង Address Youtube ភ្ជាប់មកជាមួយនេះ គឺជាអត្ថបទវិទ្យុបារាំង បានសង្ខេបប្រវត្តិខ្លះៗរបស់ព្រះអង្គដែរ ដែលអានដោយលោកសាស្ត្រាចារ្យ វ៉ាន់ឌី កាអុន ៖
https://www.youtube.com/watch?v=sE2s0JlD0pQ

ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលជីវប្រវត្តិព្រះអង្គម្ចាស់យុគន្ធរ មិនត្រូវ បានគេ ផ្សព្វផ្សាយឲ្យទូលំទូលាយ ហើយស្ទើរតែបំភ្លេចព្រះនាមព្រះអង្គទៅទៀត។
នេះគ្រាន់តែជា ការសង្ខបជីវប្រវត្តិព្រះអង្គប៉ុណ្ណោះ ។
តែទោះយ៉ាងណា ឥឡូវខ្ញុំ បានអាន និងស្តាប់ឯកសារនោះហើយៗស្ងប់ចិត្តបន្តិចហើយដែរ។
សង្ឃឹមថា នឹងមានឯកសារ ដែលនិយាយអំពីវីរបុរសល្បីៗរបស់ខ្មែរជាច្រើនទៀត ដែលតស៊ូដើម្បីជាតិ នឹងត្រូវបានគេបោះពុម្ពឡើង ជាក់ជាមិនខាន ៕


ដោយ៖ Ny Watthanak

SONY DSC
Comments (0)
Add Comment