រាជធានីភ្នំពេញ ៖ កន្លងទៅថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហាក់បង្ហាញនូវការរិះគន់យ៉ាងខ្លាំងចំពោះតារាកំប្លែងធ្លាក់ខ្លួន នាយតាក់ស៊ី ដែលកំពុងទួញពីមហាជនសុំក្ដីសង្រ្គោះប្រោសជីវិតដ៏ដុនដាប បែរជាប្រកាសក្នុងវីដេអូ Live មួយពីដំណើរផ្សងព្រេងជួបស្នេហ៍ថ្មីត្រៀមដឹកដៃចូលរោងក្នុងកំឡុងខែឧសភានេះ និងមានទាំងកាដូរថយន្តជាថ្នូរបញ្ចាំចិត្តថែមទៀតផង ធ្វើឲ្យមហាជនហាក់ហួសចិត្តថែមរិះគន់ជេរដ្បិតខុសអ្វីដែលលោកធ្លាប់ប្រកាសបោះបង់កន្លងមក។
យ៉ាងណាក្ដីក្នុងជំនួបកិច្ចសម្ភាសន៍ផ្ទាល់ជាមួយអង្គភាពសារព័ត៌មាន តារាញូស៍ នៅគេហដ្ឋានដែលជួលនៅម្ដុំទូរទស្សន៍ស៊ីធីអិន នាថ្ងៃទី២០ ខែឧសភា នេះអតីតស្វាមី នាងភីម បានបង្ហាញទាំងហួសចិត្តច្រានចោលថា៖ «មិនពិតទេ…រឿងទាំងអស់ហ្នឹងសុទ្ធតែការរៀបចំដោយមិនបានប្រាប់មុនប៉ុណ្ណោះ…រៀបការយ៉ាងម៉េចបើឥឡូវនៅផ្ទះជួល១ខែ៨០ដុល្លារ»។
តារាកំប្លែងដែលជីវភាពកំពុងលំបាករូបនេះបានបញ្ជាក់បន្ថែមទៀតថា៖ «សព្វថ្ងៃនេះកំពុងតែលំបាក បានអីគិតរឿងរៀបការនោះ រស់នៅក្នុងផ្ទះជួល ឯប្រាក់ខែក៏លែងមានដែរ ធ្វើការនៅស៊ីធីអិន ឥឡូវគិតតម្លៃតាម Show ប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាកុំយល់ច្រឡំទៀតអី»៕