លោក វណ្ណ-មូលីវណ្ណ (កើតនៅថ្ងៃ២៣ វិច្ឆិកា ឆ្នាំ១៩២៦) មានឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្ម ដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
សម្ដេច នរោត្តម-សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់ ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។ លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី។
ជីវប្រវត្តិ
លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិ ពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤។ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។
បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧) ។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិ ដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០,០០០នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។ ដំបូងឡើយ ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ១៩៦៣ តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើនកុះករ។ ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោល នៅឆ្នាំ១៩៦៦។
នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង។
នៅក្នុងឆ្នាំ១៩៧០ សម័យសង្គមរាស្ត្រនិយម ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។ លោកបានធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញ នៅឆ្នាំ១៩៩១។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ស្នាដៃសំខាន់ៗ៖ សាលសន្និសីទចតុមុខ វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧) វិមានរដ្ឋចំការមន សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។) អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន វិទ្យាស្ថានភាសាបរទេស រង្វាន់ និងកិត្តិយស
នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណ បានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ ។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ (ការអភិវឌ្ឍតំបន់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ដន៍ និង វប្បធម៌)។
ុុMr 365