តាមការស្ទង់មតិរបស់ពាណិជ្ជកម្មកម្ពុជា មានមតិជាច្រើនលើកឡើងស្រដៀងគ្នាថា បញ្ហាចម្បងដែលធ្វើឱ្យពួកគេមិនអាច ចាប់ផ្តើមអាជីវកម្មបាន គឹដោយសារតែគ្មានដើមទុន។ បញ្ហានេះបានក្លាយជាលេសដ៏ពេញនិយមមួយ សម្រាប់ពួកគេក្នុងការ បដិសេធចំពោះការឈានជើងចូលអាជីវកម្ម។
លោក ឌិនសុមេធារិទ្ធ សហស្ថាបនិក និងជានាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa បានលើកឡើងថា ការយល់ឃើញ ខាងលើនេះ បណ្តាលមកពីពួកគេមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃភាពជាសហគ្រិននៅឡើយ។
ខាងក្រោមនេះជាអ្វីដែលអ្នកគួរពិចារណា និងយកទៅអនុវត្តន៍ដើម្បីឈានទៅដល់ការចាប់ផ្តើមអាជីវកម្មមួយបានយ៉ាង ពិតប្រាកដ៖
១. បង្កើតក្តីស្រមៃ៖ អ្នកត្រូវបង្កើតក្តីស្រមៃ និងសំលៀងក្តីស្រមៃរបស់អ្នកឱ្យបានមុតស្រួច ព្រោះវាជាកម្លាំងចលករដែល រុញច្រានចិត្តអ្នក និងខ្លួនអ្នកផ្ទាល់ឱ្យចាប់ផ្តើមធ្វើសកម្មភាព ដើម្បីសម្រេចក្តីស្រមៃនោះ។
ក្តីស្រមៃកាន់តែធំ ការប្រឹងប្រែងក៏កាន់តែខ្លាំង! ត្រូវចាំថា៖ គ្មានសម្មិតផលណាកើតឡើងដោយការអង្គុយនៅស្ញៀម មិនធ្វើសកម្មភាពនោះទេ។ បើអ្នកមិនដែលខិតខំដាំដុះផង តើអ្នកអាចប្រមូលផលឯណាបានទៅ?
២. បង្កើតអ្វីមួយដែលចេញពីភាពច្នៃប្រឌិត៖ ចង់ចាប់ផ្តើមរកស៊ី ហើយរកស៊ីដូចតែគេឯង ខណៈដែលអ្នកមិនមានដើមទុន នោះជារឿងប្រថុយប្រថាន ហើយក៏គ្មានសម្មិតផលធំដុំនោះដែរ។ អ្នកត្រូវតែបង្កើតនូវអ្វីដែលថ្មី ប្លែក មានលក្ខណៈពិសេស ខុសពីគេ ទើបអ្នកអាចដើរបានយូរជាងគេ ឆ្ងាយជាងគេ និងធំធាត់លឿនជាងគេ។
៣. ចាប់ផ្តើមអាជីវកម្មដែលចាយដើមទុនតិចបំផុត៖ ការចាប់ផ្តើមរកស៊ីដំបូង គប្បីចាប់ផ្តើមពីតូចទៅធំ កុំបង្ខំចង់ឆាប់មាន ឆាប់ជោគជ័យ ហើយហក់រកខ្ចីលុយគេចាប់ផ្តើមភ្លាមរកតែអាជីវកម្មណាដែលធំៗនោះ។ អ្នកត្រូវដឹងថា អាជីវកម្មកាន់តែធំ ហានិភ័យក៏កាន់តែខ្ពស់ ស្របពេលដែលអ្នកមិនទាន់ចេះអ្វីសោះនោះ វាជាមហាហានិភ័យហើយណា។
៤. យកខ្លួនឯងជាទុន៖ ផ្តើមរកដើមទុនដំបូង អ្នកអាចប្រើប្រាស់ខ្លួនឯងធ្វើជាដើមទុន ប្រើប្រាស់ចំណេះជំនាញ ទៅយក លុយមករកស៊ី តែកុំចាំទាល់តែមានលុយច្រើនទើបរកស៊ីនោះ អ្នកអាចនឹងនៅតែបរាជ័យមិនចេះចប់មិនចេះហើយ ព្រមទាំង ឆាប់ខ្លាចរអាក្នុងការចាប់ផ្តើមឡើងវិញថែមទៀតផង៕
ក្មេងម្នាក់និយាយថា៖ ខ្លួនគាត់ចង់ក្លាយជាគ្រូពេទ្យ គាត់ក៏ចាប់ផ្តើមតាំងខ្លួនជាគ្រូពេទ្យ ហើយក៏ចាប់ផ្តើមរៀនសូត្រ ចាប់ផ្តើមស្វែងយល់ ចាប់ផ្តើមធ្វើការងារជាឧទារហណ៍ ដើម្បីសម្រេចវត្ថុបំណងនេះ។ អ្នកត្រូវតែធ្វើខ្លួនឱ្យដូចក្មេងនោះអញ្ចឹង គឺចង់ក្លាយជាអ្វី ចង់ជោគជ័យអ្វី ត្រូវធ្វើវាភ្លាម កុំចាំស្អែក!!! ជូនពរអ្នកសម្រេចក្តីស្រមៃក្នុងជីវិត។
កែសម្រួលដោយ:Mr365