សហគ្រិនភាពបានក្លាយជាប្រធានបទ និងមុខជំនាញដ៏ពេញនិយមនាបច្ចុប្បន្ន ពីសំណាក់និស្សិត បញ្ញាជន និងមនុស្សធម្មតា។ ការកែប្រែខ្លួនឲ្យទៅជាសហគ្រិនម្នាក់ដ៏ជោគជ័យជារឿងមួយដ៏ លំបាក ហើយជារឿយៗសហគ្រិនថ្មីៗមួយចំនួនដែលបទពិសោធន៍នៅមានកម្រិតនៅឡើយ តែងជួបបរាជ័យដោយមិនអាចជៀសបាន។ តាមការស្រាវជ្រាវរបស់អ្នកជំនាញបានរកឃើញថា មូលហេតុដែលញឹកញាប់នាំឲ្យសហគ្រិនវ័យក្មេងបរាជ័យនោះមានដូចខាងក្រោម។
១. មិនមានផែនការជាលាយលក្ខណ៍អក្សរ៖ មិនត្រូវចាត់ទុកគម្រោងជំនួញជារឿងដែលគ្មានប្រយោជន៍ឲ្យសោះ។ ការសរសេរគម្រោងការច្បាស់លាស់អាចឲ្យអ្នកមើលឃើញ និងយល់ដឹងបន្ថែមបានច្រើនពីការកែប្រែគំនិតនោះឲ្យទៅជាសកម្មភាព ពិតប្រាកដក្នុងជំនួញ។
២. ប្រូម៉ូហ្សិន Free ដោយគ្មានចំណូលច្រើន៖ រាល់ការធ្វើជំនួញទាំងអស់ការធ្វើប្រូម៉ូហ្សិន និងការផ្ដល់ជូនជារឿងដែលជៀសមិនផុត។ តែការធ្វើបែបនេះគួរធ្វើឡើងដោយមានកំណត់ច្បាស់លាស់ ហើយត្រូវទទួលបានចំណូលមកវិញដែលអាចប៉ះប៉ូវបាន បើពុំដូចនោះទេការខាតបង់ដោយការធ្វើប្រូម៉ូហ្សិននេះម្ដងបន្តិចៗ នឹងទាញឲ្យអ្នកឡុងចុងខាតដើមខាតចុងបាន។
៣. កង្វះការស្រាវជ្រាវ៖ សហគ្រិន មួយចំនួនចាប់ផ្ដើមអាជីវកម្មដោយមិនបានកំណត់ឱកាសច្បាស់លាស់។ អ្នកទាំងនេះច្រើនគិតថា សេវាកម្មខ្លួនល្អ ផលិតផលល្អនឹងទទួលបានអតិថិជនច្រើន តែការគិតតែឯងដោយគ្មានការប្រឹក្សាពីអ្នកជំនាញ ការស្រាវជ្រាវទីផ្សារ និងដោះដូរមតិជាមួយមិត្តភ័ក្ដិ និងគ្រួសារ ជាការប្រថុយប្រថានខ្ពស់។
៤. ខ្វះការប្រតិបត្តិ៖ ស្របពេលដែលគំនិត និងដើមទុនជារឿងដ៏សំខាន់ តែបើខ្វះការប្រតិបត្តិ និងគ្រប់គ្រងឲ្យត្រឹមត្រូវនោះ អ្នកប្រាកដជាប្រឈមនឹងឧបសគ្គ និងការសម្រេចចិត្តខុសដែលនាំទៅរកការដួលរលំមិនខាន។
៥. ការប្រកួតប្រជែងខ្លាំង៖ ទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងជារឿយៗធ្វើឲ្យអ្នកដែលទើប ចាប់ផ្ដើមមានការបារម្ភពីបរាជ័យប្រសិនបើមិនមានការគ្រប់គ្រងដ៏ មាំទាំទេនោះ។ តែត្រូវចាំថា ការងារដែលមិនសូវមានការប្រកួតប្រជែង មានន័យថាផលិតផល សេវាកម្ម ឬអាជីវកម្មនោះមិនសូវមានទីផ្សារដូចគ្នា។ ដូច្នេះត្រូវកំណត់អាជីវកម្មដែលមិនសូវមានការប្រកួតប្រជែងខ្លាំង និងមិនត្រូវគ្មានការប្រកួតប្រជែងសោះនោះឡើយ។
៦. ធ្វើការជាមួយក្រុមការងារដែលគ្មានបទពិសោធន៍ទាំងស្រុង៖ បើមុខរបរដែលអ្នកចង់ចាប់ផ្ដើមមិនមែនជាអ្វីដែលអ្នកធ្លាប់ ស្គាល់ ចូរពិភាក្សា ឬសុំឲ្យមានការជួយជ្រោមជ្រែងពីមិត្តភ័ក្ដិ ឬអ្នកដែលធ្លាប់ដើរមុនអ្នក។ បើចង់ជួលបុគ្គលិក គួររកអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធ។
អ្វីដែលបានបកស្រាយខាងលើ គ្រាន់ជាមូលហេតុមួយចំនួនដែលតែងធ្វើឲ្យសហគ្រិនថ្មីថ្មោងបរាជ័យ ប៉ុណ្ណោះ។ នៅមានចំណុចពាក់ព័ន្ធដទៃទៀតដែលយើងមិនបានបញ្ចូលក្នុងអត្ថបទនេះ។ បើអ្នកដឹង សូមជួយចែករំលែកក្នុងប្រអប់បញ្ចេញមតិខាងក្រោម។
កែសម្រួលដោយៈ Mr365