លោក ហ្សង់ហ្សាក់ រូសូ គឺជាទស្សនវិទូដែលមិនបានចូលសាលា ហើយគ្មានសញ្ញាបត្រអ្វីទាំងអស់ ក៏ប៉ុន្តែ ត្រូវបានគេចាត់បញ្ចូលក្នុងចំណោមទស្សនវិទូនយោបាយដ៏មានឥទ្ធិពលនៅក្នុងសម័យទំនើប រួមជាមួយនឹង នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel), ថូម៉ាស់ ហបស៍ (Thomas Hobbes), ចន ឡក (John Locke), ម៉ុងតេសគីយើ (Montesquieu)… ស្នាដៃដ៏ល្បីល្បាញរបស់ហ្សង់ហ្សាក់ រូសូ គឺសៀវភៅដែលមានចំណងជើងជាភាសាបារាំង “Du contrat social” (ស្តីអំពីកិច្ចសន្យាសង្គម)។
ប្រវត្តិកំនើត
លោក ហ្សង់ហ្សាក់ រូសូ ដែលឪពុកម្តាយជាជនបារាំង កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៧១២ នៅហ្សឺណែវ (ប្រទេសស្វ៊ីសបច្ចុប្បន្ន)។ ម្តាយរូសូបានទទួលមរណភាពដោយការសម្រាលកូន ហើយនៅពេលដែលរូសូមានអាយុទើបនឹងបាន ១០ឆ្នាំ ឪពុករបស់រូសូ ដែលជាជាងនិឡិកា បានជាប់ក្តីក្តាំនៅតុលាការ ហើយត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង ដើម្បីគេចពីការជាប់ពន្ធនាគារ។ រូសូក៏ត្រូវក្លាយជាក្មេងអនាថា រស់នៅលើកកញ្ជើពីកន្លែងមួយទៅកន្លែងមួយ ដោយម្តងរស់នៅជាមួយនឹងឪពុកមាខាងម្តាយ ម្តងទៅរស់នៅជាមួយនឹងបុព្វជិតគ្រិស្តសាសនា ហើយចុងក្រោយទៅធ្វើជាកូនជាងចម្លាក់។ ក៏ប៉ុន្តែ ដោយសារតែត្រូវរងការវាយដំពីមេជាង រូសូក៏បានរត់ចេញពីផ្ទះ ហើយរសាត់អណ្តែតឆ្លងព្រំដែនពីហ្សឺណែវចូលទៅក្នុងសាវ័រ ដែលបច្ចុប្បន្នជាទឹកដីបារាំង ក៏ប៉ុន្តែ កាលណោះស្ថិតក្នុងទឹកដីអ៊ីតាលី។
អំពីជីវិត
នៅតំបន់សាវ័រ ហ្សង់ហ្សាក់ រូសូ ត្រូវបានស្រ្តីមេម៉ាយស្តុកម្នាក់ឈ្មោះថា លោកស្រីដឺវ៉ារាំងស៍ (Madame de Warens) យកទៅចិញ្ចឹម ហើយផ្ចុងផ្តើមឲ្យរូសូបានរៀនសូត្រខាងដូរតន្រ្តី ក៏ប៉ុន្តែ ក្នុងពេលរស់នៅជាមួយលោកស្រីដឺវ៉ារាំងស៍ ជាង១០ឆ្នាំនោះ រូសូក៏បានចំណាយពេលយ៉ាងច្រើនក្នុងការអានសៀវភៅទស្សនវិជ្ជាផងដែរ។
នៅឆ្នាំ១៧៤២ ហ្សង់ហ្សាក់ រូសូ ដែលមានអាយុ ៣០ឆ្នាំ បានចាកចេញពីផ្ទះលោកស្រីដឺវ៉ារាំងស៍ ដើម្បីទៅប្រកបអាជីពជាអ្នកនិពន្ធបទភ្លេង នៅទីក្រុងប៉ារីស។ នៅទីនោះ រូសូបានយកប្រព័ន្ធតាក់តែងបទភ្លេងដែលលោកទើបនឹងបង្កើតឡើង ទៅដាក់បង្ហាញនៅក្នុងបណ្ឌិតសភាវិទ្យាសាស្រ្តបារាំង ក៏ប៉ុន្តែ ប្រព័ន្ធតាក់តែងបទភ្លេងថ្មីនេះមិនត្រូវបានគេទទួលយកនោះទេ ដោយសារតែបណ្ឌិតសភាយល់ថា វាជាប្រព័ន្ធតែងបទភ្លេងដែលមិនសូវមានប្រសិទ្ធភាព ក្នុងការអនុវត្តជាក់ស្តែង។ ទោះជាយ៉ាងណា បណ្ឌិតសភាវិទ្យាសាស្រ្តបារាំងទទួលស្គាល់ថា ហ្សង់ហ្សាក់ រូសូ គឺជាមនុស្សឆ្លាតវៃ និងមានគំនិតច្នៃប្រឌិតខ្ពស់។ ជីវិតរស់នៅក្នុងក្រុងប៉ារីសនោះ បាននាំរូសូ ឲ្យស្គាល់ទស្សនវិទូដ៏ចំណានៗជាច្រើនរបស់បារាំង ជាពិសេស ដឺនីស ឌីដឺរូ (Denis Diderot) និង វ៉ុលទែរ (Voltaire)។
ឆ្នាំ១៧៥០ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដែលនាំហ្សង់ហ្សាក់ រូសូ ទៅរកភាពល្បីល្បាញ ហើយមិនមែនល្បីល្បាញខាងដូរតន្រ្តីដែលជាជំនាញរបស់លោកនោះទេ តែល្បីល្បាញខាងទស្សនវិជ្ជា។ នៅឆ្នាំនោះ រូសូ ក្នុងវ័យ ៣៨ឆ្នាំ បានចូលរួមប្រកួតប្រជែងសរសេរអត្ថបទទស្សនវិជ្ជាមួយ ជុំវិញសំណួរថា “តើការរីកចម្រើនខាងវិទ្យាសាស្រ្តនិងសិល្បៈជួយលើកតម្កើងឬធ្វើឲ្យធ្លាក់ចុះខាងសីលធម៌របស់មនុស្ស?”
នៅក្នុងអត្ថបទ ដែលមានចំណងជើងជាភាសាបារាំងថា “Discours sur les sciences et les Arts” រូសូបានសរសេររៀបរាប់ពីទឡ្ហីករណ៍ជាច្រើន ដើម្បីការពារនូវគោលគំនិតរបស់លោកដែលថា ការរីកចម្រើនខាងវិទ្យាសាស្រ្តនិងសិល្បៈមិនបានជួយលើកតម្កើងសីលធម៌របស់មនុស្សនោះទេ ផ្ទុយទៅវិញ វាគឺជាកត្តាដែលជំរុញឲ្យសីលធម៌មានការធ្លាក់ចុះទៅវិញ។ អត្ថបទនេះបានទទួលពានរង្វាន់លេខ១ ហើយកេរ្តិ៍ឈ្មោះរបស់រូសូក៏ចាប់ផ្តើមមានភាពល្បីល្បាញ។
បួនឆ្នាំក្រោយមក (ឆ្នាំ១៧៥៤) រូសូបានចូលរួមប្រកួតប្រជែងសរសេរអត្ថបទមួយថ្មីទៀត ដោយលើកនេះ រូសូសរសេរអំពី “ប្រភពនិងមូលដ្ឋានដែលបង្កើតឲ្យមានវិសមភាពរវាងមនុស្ស” (តាមភាសាបារាំង “Discours sur l’origine et les fondements de l’inégalité parmi les homes”)។ ស្នាដៃថ្មីនេះក៏ទទួលបាននូវភាពល្បីល្បាញដូចកាលពីស្នាដៃទីមួយដែរ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ទស្សនៈរបស់រូសូក៏ទទួលរងនូវការរិះគន់យ៉ាងច្រើនផងដែរ ជាពិសេស ពីសំណាក់បញ្ញវ័ន្តល្បីៗនៅពេលនោះ រួមមានដូចជា ដឺនីស ឌីដឺរូ និង វ៉ុលទែរ ជាដើម ដែលជាអ្នកមានទំនាក់ទំនងរាប់អានគ្នាជាមួយរូសូ។
ទស្សនៈផ្ទុយគ្នា និងការរិះគន់គ្នាទៅវិញទៅមកបានធ្វើឲ្យទំនាក់ទំនងនេះត្រូវកាត់ផ្តាច់ ហើយរូសូនិងវ៉ុលទែរបានក្លាយទៅជាគូសត្រូវដ៏ជូរចត់នឹងគ្នា។ រូសូ បានចេញពីប៉ារីសទៅរស់នៅឯជាយក្រុងដាច់ចេញពីក្រុមបញ្ញវ័ន្តផ្សេងទៀត។ នៅទៅនោះហើយ ដែល រូសូ បានចំណាយពេលសរសេរសៀវភៅបានច្រើន ទាំងសៀវភៅប្រលោមលោក និងសៀវភៅទស្សនវិជ្ជា ដោយក្នុងនោះ ស្នាដៃដែលល្បីល្បាញជាងគេ គឺសៀវភៅទស្សនវិជ្ជា ស្តីពី “កិច្ចសន្យាសង្គម” ដែលមានចំណងជើងជាភាសាបារាំងថា “Du contrat social” ដែលចេញផ្សាយនៅឆ្នាំ១៧៦២។ ស្នាដៃមួយទៀត ដែល រូសូ ចេញផ្សាយនៅឆ្នាំជាមួយគ្នា ហើយដែលជាស្នាដៃដ៏ល្បីល្បាញមួយដែរនោះ គឹសៀវភៅស្តីពីរបៀបអប់រំមនុស្ស ដែលមានចំណងជើងជាភាសាបារាំងថា “Emile ou De l’éducation”។
សៀវភៅអស់ទាំងនេះត្រូវទទួលរងនូវការថ្កោលទោស ទាំងពីសំណាក់វិហារកាតូលិក និងពីសំណាក់អាជ្ញាធរ។ ដោយប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ រូសូ ក៏បានចេញពីបារាំង ហើយទៅរស់នៅនិរទេសខ្លួនពីប្រទេសមួយទៅប្រទេសមួយ ដោយដំបូងរត់ទៅ ហ្សឺណែវ ដែលជាកន្លែងកំណើត ប៉ុន្តែ នៅទីនោះ រូសូ ក៏មិនត្រូវបានគេទទួលស្វាគមន៍នោះដែរ។ ហេតុដូច្នេះហើយបានជា រូសូ ត្រូវបង្ខំចិត្តចាកចេញពីហ្សឺណែវទៅអាល្លឺម៉ង់ និងបន្ទាប់មកទៀត ទៅអង់គ្លេស។ ក៏ប៉ុន្តែ នៅអង់គ្លេសនោះ រូសូក៏រស់នៅមិនបានយូរប៉ុន្មាននោះដែរ គឺនៅបានតែមួយឆ្នាំប៉ុណ្ណោះ ដោយសារតែមិនត្រូវគ្នាជាមួយនឹងបញ្ញវ័ន្តអង់គ្លេស។
នៅទីបំផុត រូសូ ក៏សម្រេចចិត្តវិលត្រឡប់ចូលមកក្នុងប្រទេសបារាំងវិញ ក៏ប៉ុន្តែ ចូលដោយលួចលាក់ ប្រើឈ្មោះក្លែងក្លាយ ហើយរស់នៅផ្លាស់ប្តូរទីលំនៅពីខេត្តមួយទៅខេត្តមួយ ហើយចុងក្រោយទៅរស់នៅក្នុងស្រុកតូចមួយ នៅចម្ងាយប្រមាណជា ៣៥គីឡូម៉ែត្រខាងជើងទីក្រុងប៉ារីស។
រូសូបានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់លោក សរសេរអំពីប្រវត្តិរូបផ្ទាល់ខ្លួន (“Les Confessions” និង “Rêveries du promeneur solitaire”) ជាពិសេស គឺសរសេរដើម្បីបកស្រាយតបទៅអ្នកដែលរិះគន់លោក។ ក៏ប៉ុន្តែ សៀវភៅទាំងនេះមិនត្រូវបានបោះពុម្ពផ្សាយភ្លាមៗនោះទេ។ រហូតទាល់តែក្រោយពេលដែលលោកទទួលមរណភាព ទើបសៀវភៅនេះត្រូវបានគេយកទៅបោះពុម្ពផ្សាយ។
ហ្សង់ហ្សាក់ រូសូ ធ្លាក់ខ្លួនឈឺធ្ងន់ដោយដាច់សរសៃឈាមក្នុងខួរក្បាល ហើយទទួលមរណភាព នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៨ ក្នុងវ័យ ៦៦ឆ្នាំ។ ១៣ឆ្នាំ ក្រោយមក អដ្ឋិធាតុរបស់លោកត្រូវបានអាជ្ញាធរបារាំងបញ្ជូនយកទៅតម្កល់នៅក្នុងវិមានតម្កល់សពវីរជនបារាំង គឺវិមានប៉ង់តេអុង (Panthéon) ក្នុងក្រុងប៉ារីស ដោយនៅទីនោះ អដ្ឋិធាតុរបស់ ហ្សង់ហ្សាក់ រូសូ ត្រូវបានគេដាក់តម្កល់នៅចំពីមុខទីតាំងតម្កល់អដ្ឋិធាតុរបស់វ៉ុលទែរ ដែលជាគូសត្រូវដ៏ជូរចត់នឹងគ្នា កាលពីពេលនៅរស់៕