ជីវិតគូ ក្រៅពីការត្រូវរស់នៅជាមួយគ្នាដោយក្ដីស្រឡាញ់ គឺត្រូវមានការយោគយល់ឲ្យគ្នាទៀតទើបអាចរួមរស់ជាមួយគ្នាមានក្ដីសុខ។ ថ្ងៃនេះ Kanha សូមដកស្រង់ពាក្យសម្ដីដាស់តឿនស្មារតីសម្រាប់ស្ត្រីគ្រប់រូប ពីលោកស្រី Zhang Ying ជាភរិយារបស់កំពូលមហាសេដ្ឋីបច្ចេកវិទ្យាចិន Jack Ma ចំនួន ១០ចំណុច សម្រាប់ប្រិយមិត្តបានស្វែងយល់ទាំងអស់គ្នាដូចតទៅ៖
“ខ្ញុំនិង Jack Ma គឺជាមិត្តរៀនជាមួយគ្នាកាលពីរៀនមហាវិទ្យាល័យ។ បន្ទាប់ពីរៀនចប់ ខ្ញុំក៏សម្រេចចិត្តរៀបការជាមួយគាត់។ Jack Ma មិនមែនជាមនុស្សសង្ហាអីទេ មានតែអាក្រក់ជាងមនុស្សទូទៅផង ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តក្នុងតួខ្លួនគាត់ គឺគាត់អាចធ្វើអ្វីបានច្រើនក្នុងខណៈដែលមនុស្សប្រុសសង្ហាទាំងឡាយមិនចាប់អារម្មណ៍នឹងធ្វើ។
ខ្ញុំសម្រេចចិត្តមិនខុសទេ មុខជំនួញ Alibaba របស់គាត់បានក្លាយជារឿងអច្ឆរិយក្នុងវិស័យជំនួញអនឡាញ ហើយអ្នកណាៗក៏ហៅគាត់ថា “បិតានៃការបង្កើតមុខជំនួញ”។ នេះគឺជាមោទនភាពយ៉ាងខ្លាំងរបស់ខ្ញុំ។
១០ចំណុចខាងក្រោមនេះ នាងខ្ញុំចង់ផ្ដាំផ្ញើនារីទាំងឡាយដើម្បីពិគ្រោះ ពិចារណាជាផលប្រយោជន៍ទាំងអស់គ្នា៖
១. ក្រោយរៀបការ អ្នកនឹងផ្លាស់ប្ដូរឋានៈមកជាភរិយានិងម្ដាយរបស់គេ ដូច្នេះកុំតាមតែចិត្តខ្លួនឯងដូចកាលពីមិនទាន់រៀបការ ត្រូវមើលថែកូន និងចាំជួយគាំទ្រដល់ស្វាមី។
២. ប្រសិនបើស្រឡាញ់ប្ដីរបស់យើង គឺត្រូវស្រឡាញ់ឪពុកម្ដាយរបស់គាត់សិន បើគ្មានឪពុកម្ដាយរបស់គាត់ នោះក៏គ្មានគាត់ដើម្បីឲ្យយើងស្រឡាញ់នោះដែរ។ កុំយកអ្វីដែលឪពុកម្ដាយក្មេកធ្វើនិងគិតចំពោះយើង ទៅប្រៀបធៀបជាមួយអ្វីដែលយើងទទួលបានពីឪពុកម្ដាយបង្កើតយើងឲ្យសោះ។
៣. កុំជជីកសួរប្ដីគ្រប់រឿងគ្រប់យ៉ាង ចំណុចខ្លះគឺជានយោបាយ ឬវិធីសាស្ត្រផ្ទាល់ខ្លួនរបស់គាត់ក្នុងការធ្វើការ ដែលមិនចាំបាច់ត្រូវពន្យល់យើងឲ្យយល់គ្រប់រឿងនោះទេ។ រង់ចាំផ្ដល់កម្លាំងចិត្ត និងការជ្រោមជ្រែងគឺគ្រប់គ្រាន់ហើយ។ ត្រូវចាំជួយគាត់ មិនមែនចាំរំខានការងារគាត់នោះឡើយ។
៤. ស្វាមីដែលត្រូវចងឃុំ នឹងល្អជាមួយអ្នកតែមាត់ ប៉ុន្តែស្វាមីដែលត្រូវមន្តស្នេហ៍ នឹងល្អជាមួយអ្នកដោយចេញពីចិត្ត។ ផ្ដល់ក្ដីស្រឡាញ់ និងទំនុកចិត្តទៅលើគាត់ឲ្យបានច្រើន ហើយបើនៅជាមួយមិត្តភ័ក្ដិគឺមិនត្រូវនិយាយដើមគាត់ ឲ្យមិត្តភ័ក្ដិស្ដាប់ដាច់ខាត។
៥. កុំគិតចង់ផ្លាស់ប្ដូរគាត់ ប៉ុន្តែត្រូវកសាងកម្លាំងជំរុញទឹកចិត្តឲ្យគាត់។ ចរិតទូទៅរបស់មនុស្សប្រុសតែងបង្ហាញភាពខ្ជិលច្រអូស មិនសូវចូលចិត្តភាពស្អាតប៉ុន្មានទេ ដូច្នេះការងារតូចតាចក្នុងផ្ទះ មិនចាំបាច់ទាមទារឲ្យគាត់ត្រូវតែធ្វើនោះទេ គួរបណ្ដោយឲ្យគាត់ប្រើសមត្ថភាពក្នុងរឿងរកស៊ីឲ្យបានពេញទំហឹងវិញល្អជាង។
៦. នៅពេលប្ដីត្រលប់មកផ្ទះវិញ ប្រពន្ធក៏គួរតែនៅផ្ទះ។ ស្វាមីត្រលប់ពីធ្វើការតែងចង់ឃើញមុខប្រពន្ធ ចង់ឮសំឡេងរបស់ប្រពន្ធ សួរនាំដោយការយល់ចិត្តយល់ថ្លើម តែមិនមែនសំឡេងរអ៊ូទេ។
៧. កុំយកការសង្ស័យរបស់ខ្លួនមកធ្វើការវិនិច្ឆ័យ កុំគិតឯង ថាឯងដាច់ខាត។ កុំយកការសង្ស័យមកគិតស្មុគស្មាញដូចជារឿងពិត។ នេះគឺជាការផ្ដល់អារម្មណ៍មិនល្អចំពោះស្វាមី ហើយក៏បង្ហាញថាអ្នកជាភរិយាដែលគ្មានការជឿជាក់លើខ្លួនឯងដែរ។
៨. កុំធ្វើខ្លួនជាអ្នករិះគន់ ពូកែស្ដីបន្ទោស បន្តុះបង្អាប់ប្ដី ព្រោះនឹងគ្មានស្វាមីឯណាចង់នៅជាមួយអ្នកឡើយ ប្រៀបដូចជាភ្លើងនិងចំបើងគឺមិនអាចនៅជាមួយគ្នាបាន។
៩. កុំមើលងាយ ការជេរប្រមាថប្ដី មិនថាជេរខុស ឬជេរត្រូវ គឺនឹងមានការប្រមាថជះត្រលប់មកអ្នកវិញមិនខាន។
១០. ក្ដីស្រឡាញ់ប្រៀបដូចជាគ្រប់ខ្សាច់ អាចចាប់បានតែចងឲ្យជាប់គ្នាមិនឡើយ។ ការចងជើងអាចបានខ្លួនគាត់ តែបើអាចចងចិត្តគាត់បានវានឹងមានភាពស្ថិតស្ថេរជាង។ បង្រៀនកូនមុខអ្នកដទៃបាន ប៉ុន្តែចំពោះស្វាមី នៅក្រោយខ្នងអ្នកដទៃសឹមផ្ដល់ការណែនាំ ហាមបំបាក់មុខគាត់នៅមុខអ្នកដទៃដាច់ខាត។ បុរសដែលធ្វើការមានមុខក្នុងសង្គម របស់ដែលសំខាន់បំផុតគឺមុខមាត់ និងកិត្តិយស ហើយមនុស្សប្រុសគ្រប់គ្នាគឺបារម្ភពីរឿងទាំងនេះខ្លាំងណាស់។ ភរិយាដែលរៀបចំខ្លួនបានល្អ ជីវិតនឹងមានក្ដីសុខ ប៉ុន្តែភរិយាដែលមិនចេះស្កប់ស្កល់ នឹងពិបាករកក្ដីស្ងប់ក្នុងជីវិត ៕
កែសម្រួលដោយៈ Mr365