ប្រវត្តិ វិរៈបុរសចក្រភពម៉ុងហ្គោល ជិនហ្គីស ខាន់

កំនើត

ជារឿងដ៏អស្ចារ្យមួយនៅឆ្នាំ១១៦២ (តែឯកសារខ្លះថានៅឆ្នាំ១១៥៥) ក្នុងតំបន់ភ្នំ នៃដែនដីម៉ុងហ្គោល ទារកមួយបានចាប់កំណើតឡើង។​ ទារក ដែល​ពេលធំ​ដឹង​ក្តី​ឡើង ក្លាយទៅជាមេទ័ព និងអធិរាជដ៏ល្បីល្បាញបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក គឺ ជិនហ្គីស ខាន់
​នៅ​ពេល​ដែល​ ជិនហ្គីស ខាន់ ចាប់កំណើត និងធំដឹងក្តី ម៉ុងហ្គោលនៅមិនទាន់ក្លាយជាប្រជាជាតិរួបរួមគ្នាមួយនៅ​ឡើយទេ។ ​ប្រជាជន​ម៉ុង​ហ្គោល​រស់​នៅ​ជា​ក្រុម​កុល​សម្ព័ន្ធ ​ដែល​រស់​នៅ​ដាច់ៗ​ពី​គ្នា ​ហើយ​ពេល​ខ្លះ​ធ្វើ​សង្រ្គាម​រវាង​គ្នាឯង​ទៀត​ផង។ ចាប់តាំងពីសតវត្សរ៍ទី៧ ​​ម៉ុងហ្គោល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ក្រោម​រាជវង្ស​ថាង និងបន្ទាប់មកទៀត ក្រោមការគ្រប់គ្រងរបស់រាជវង្សលៀវ (Liao)។​
ជិនហ្គីស ខាន់ ដែល​ឈ្មោះកំណើតថា តេមូឈីន (Temutchin) គឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោម​កុល​សម្ព័ន្ធ​ជាច្រើន​របស់ម៉ុងហ្គោល។ នៅពេលដែល តេមូឈីន នៅជាក្មេងប្រុសម្នាក់នៅឡើយ ឪពុករបស់តេមូឈីន ត្រូវស្លាប់ដោយ​ថ្នាំ​បំពុល​របស់​កុល​សម្ព័ន្ធ ដែលជា​គូ​សត្រូវ ហើយ​ តេ​មូឈីន ក៏ឡើងកាន់តំណែងជាមេក្រុមកុលសម្ព័ន្ធជំនួសឪពុក

ការតស៊ូ និងពង្រីកដែនដី

សូមជម្រាបថា កុលសម្ព័ន្ធដែលជាកេរមរតកពីឪពុករបស់ តេមូឈីន គ្រាន់តែជាកុលសម្ព័ន្ធតូច និងទន់ខ្សោយមួយប៉ុណ្ណោះ។​ ប៉ុន្តែ​ក្រោយ​មក តេមូឈីន បានពង្រីកកម្លាំងក្រុមសម្ព័ន្ធរបស់ខ្លួន តាមរយៈការចងសម្ព័ន្ធមិត្ត និងតាមរយៈការធ្វើ​សង្រ្គាម​ដណ្តើម​កាន់កាប់​កុល​សម្ព័ន្ធ​ផ្សេងៗ​ទៀត។​ នៅ​ឆ្នាំ​១២០៦តេមូឈីន ដែលមានវ័យ៤៤ឆ្នាំ បានក្លាយទៅជាមេដឹកនាំម៉ុងហ្គោល ដែលរួបរួមគ្នាជា​ប្រជាជាតិតែ​មួយ ​គឺ​ចក្រភព​ម៉ុងហ្គោលតេមូឈីន ត្រូវបានគេផ្តល់ងារថ្មីមួយគឺ ជិនហ្គីស ខាន់ ដែលមានន័យតាមភាសាម៉ុងហ្គោលថា “ស្តេចចក្រវាល”។​
ប៉ុន្តែ​ក្រោយ​ពីបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោល ដែលបង្កើតទៅជាប្រទេសរួបរួមគ្នាមួយហើយ ជិនហ្គីស ខាន់ ត្រូវប្រឈម​មុខ​នឹង​សត្រូវ​ដ៏​ធំមួយ​ទៀត​គឺ ចិន ដែលស្ថិតនៅប៉ែកខាងត្បូងម៉ុងហ្គោលជិនហ្គីស ខាន់ ដឹងខ្លួនថាចិន​ ដែលធ្លាប់​តែ​ត្រួតត្រា​ម៉ុងហ្គោល​រាប់​សតវត្សរ៍​កន្លង​មក​នោះ ប្រាកដ​ជា​នឹង​មិន​បណ្តោយឱ្យ​ម៉ុងហ្គោលនៅជាប្រទេសឯករាជ មានមេដឹកនាំ​ និងកង​ទ័ពខ្លាំង​ពូកែនៅ​ជាប់​នឹង​ព្រំដែន​របស់​ខ្លួននោះ​ទេ។
​ឆ្លៀតក្នុងពេលដែលចិនកំពុងធ្លាក់ចុះទន់ខ្សោយ ដោយមានការបែកបាក់ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏សម្រេចចិត្តវាយលុក​ទៅ​លើ​ចិន​មុន។​ នៅ​ពេល​នោះ ប្រទេសចិនត្រូវបានបែងចែកជាច្រើនចំណែកដោយមាននគរធំៗបីគឺ នគរលៀវ (Liao) ប៉ែកខាងជើងនគរសៀ (Xia​) នៅ​ខាង​លិច និង​នគរ​សុង (Song) នៅប៉ែកខាងត្បូង ជិនហ្គីស ខាន់ បាននាំទ័ពម៉ុងហ្គោលប្រមាណជា៥ម៉ឺននាក់ ​ឆ្លង​ព្រំដែន​សំដៅ​ទៅវាយ​លុក​ចូល​ក្នុង​នគរលៀវ នៃដែនដីចិនប៉ែកខាងជើង

ខណៈពេលចូលទៅដល់ចិន កងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយ គឺមហាកំផែងរបស់ចិន។ ប៉ុន្តែដើម្បី​ឆ្លង​កាត់​មហាកំផែង​ដ៏​ធំ​មហិមា​នេះ កង​ទ័ព​របស់ ជិនហ្គីស ខាន់ បានរកឃើញវិធីដ៏សាមញ្ញបំផុតមួយ គឺដើរវាងមហាកំផែង។ កងទ័ពរបស់ ជិនហ្គីស ខាន់​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រាជធានី​នៃ​នគរ​ចិន​ខាង​ជើង​ ដែល​មាន​ទី​តាំង​នៅម្តុំទីក្រុងប៉េកាំងបច្ចុប្បន្ន។ តែជាថ្មីម្តងទៀតកងទ័ព​ម៉ុងហ្គោល ​ត្រូវ​ប្រឈម​មុខ​នឹង​កំផែង​ក្រុង ​ដែលមានកំពស់១២ម៉ែត្រ ប្រវែង៣០គីឡូម៉ែត្រ ហើយការពារដោយប៉មយាមប្រមាណជា៩០០។ ​ខុសពី​មហា​កំផែង ដែល​មាន​ផ្លូវ​អាច​ដើរ​វាងបាន កងទ័ពរបស់ ជិនហ្គីស ខាន់ ចាំបាច់ត្រូវតែឆ្លងកាត់កំផែងក្រុងប៉េកាំងដោយការ​ប្រយុទ្ធ។​

 

ប៉ុន្តែ ជិនហ្គីស ខាន់ មិនបានបើកការវាយប្រហារទៅលើកំផែងក្រុងប៉េកាំងភ្លាមៗទេ។ ផ្ទុយទៅវិញ កងទ័ពម៉ុងហ្គោលបានធ្វើការឡោម​ព័ទ្ធ​ ដើម្បី​កាត់​ផ្តាច់​ការ​ផ្លូវ​នាំ​ស្បៀង​ចូល​ក្នុង​ក្រុង​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា ​ពួកគេបាន​សាងសង់​ឧបករណ៍​សង្រ្គាម​ធុន​ធ្ងន់​ ដើម្បី​ត្រៀមវាយ​ទម្លុះ​កំផែង​ក្រុង។​ នៅ​ក្នុង​ក្រុង​ប្រជាជន និងកងទ័ពចិនដាច់ស្បៀង ហើយខ្លះត្រូវស្លាប់ដោយការអត់ឃ្លាន។ ចំណែកនៅខាងក្រៅក្រុងវិញ ​ទាហាន​ម៉ុងហ្គោលមានស្បៀងហូរហៀរឥតខ្វះ ដោយសារការស្ទាក់ចាប់ស្បៀងដែលចិននាំចូលក្នុងរាជធានី។​

លុះនៅ​ឆ្នាំ១២១៥ កងទ័ពរបស់ ជិនហ្គីស ខាន់ ក៏បើកប្រតិបត្តិការវាយលុកទៅលើរាជធានី​ប៉េកាំង។​ ក្រោយ​ពីដណ្តើម​បាន​កាន់​កាប់​ទីក្រុង​ហើយ ​កងទ័ព​ម៉ុងហ្គោល​បាន​ដុត​កម្ទេច​ផ្ទះ​សម្បែង​ និង​សម្លាប់រង្គាលប្រជាជនស្ទើរតែអស់គ្មានសល់ ហើយដែនដីចិនខាងជើង ​ក៏ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រារបស់ចក្រភពម៉ុងហ្គោលផងដែរ។ បន្ទាប់ពីវាយដណ្តើមកាន់កាប់ចិនខាងជើងបានហើយ ជិនហ្គីស ខាន់ ​បាន​ងាក​ទៅ​ទិស​ខាង​លិច​វិញ​ម្តង គឺចក្រភព​ពែរស៍។ ប៉ុន្តែ​ជាមួយ​នឹង​ពួក​ពែរស៍ ជិនហ្គីស ខាន់ គ្មានបំណងចង់ធ្វើសង្រ្គាមទេ តែចង់ធ្វើជំនួញវិញ។​ ដូច្នេះ​ហើយ ​ជិនហ្គីស ខាន់ ក៏បានបញ្ជូនមន្រ្តីទូតរបស់ខ្លួនឱ្យទៅជួបអធិរាជពែរស៍ ដើម្បីចរចាបង្កើតទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយ​នឹង​គ្នា។

លុះនៅពាក់កណ្តាលឆ្នាំ១២១៨ អ្នកនាំសារម្នាក់បាននាំកញ្ចប់មួយពីអាណាចក្រពែរស៍ បញ្ជូនទៅឱ្យ ជិនហ្គីស ខាន់។ ​កញ្ចប់​ដែល​នឹង​នាំ​ទៅរក​ការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តពិភពលោក គឺក្បាលមន្រ្តីទូតម៉ុងហ្គោល ដែល ជិនហ្គីស ខាន់ ​បញ្ជូនឱ្យ​ទៅជួប​អធិរាជ​ពែរស៍។ សូមជម្រាបថា ជិនហ្គីស ខាន់ ផ្ទុះកំហឹង ក៏បានប្រមូលទ័ពប្រមាណជា២០ម៉ឺននាក់ វាយលុកចូលឈ្លានពានអាណាចក្រ​ពែរស៍ ​ដោយ​បាន​ដាក់​បញ្ជាថា អ្នកណាដែលសុខចិត្តដាក់អាវុធចុះចាញ់ត្រូវទុកឱ្យរស់ ចំណែកឯក្រុមណា ឬក្រុងណាដែលមិនចុះចាញ់ត្រូវ​សម្លាប់​ និង​ដុតកម្ទេចឱ្យរាបដល់ដី។ បំណងចង់ធ្វើជំនួញ បានប្រែក្លាយទៅជាធ្វើសង្រ្គាមស៊ីសាច់ហុតឈាមទៅវិញ។ កងទ័ពរបស់ ជិនហ្គីស ខាន់ ​បានវាយ​ដណ្តើម​កាន់​កាប់​អាណាចក្រពែរស៍ទាំងមូលនៅឆ្នាំ១២២០។ មិនតែប៉ុណ្ណោះប្រជាជនពែរស៍ប្រមាណជាង១លាននាក់​ ទាំង​ស្រី ទាំង​ប្រុស ទាំង​ចាស់ ទាំងក្មេង ត្រូវស្លាប់បាត់បង់ជីវិតក្នុងភ្លើងសង្រ្គាមនោះ

បន្ទាប់​ពីកាន់កាប់អាណាចក្រពែរស៍បានហើយ ជិនហ្គីស ខាន់ បានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញ ​ដោយ​នៅតាម​ផ្លូវ​បាន​ឆ្លៀត​វាយ​ដណ្តើម​យក​អាហ្វហ្កានីស្ថាន និងប៉ែកខាងជើងឥណ្ឌា។ កងទ័ពមួយផ្នែកតូចទៀតដែលមានគ្នាប្រមាណជា២ម៉ឺននាក់ ត្រូវបាន ជិនហ្គីស ខាន់ បញ្ជូនឱ្យវាយលុកទៅទិសខាងលិច ដើម្បីជាការពិសោធន៍មើលថា តើពួកគេអាចវាយលុកទៅដល់ត្រឹមណា ​ទើប​មាន​អ្នក​ចេញ​មុខ​មករារាំងដំណើររបស់ពួកគេបាន។ ប៉ុន្តែកងទ័ពមួយក្រុមនេះ បានវាយលុកចូលរហូតទៅដល់ព្រំដែនអឺរ៉ុប ខាងកើត ​ដោយ​មិនមាន​អ្នក​ណា​អាចរារាំងបានទេ។

ការសោយទីវង្គត់ របស់ ជិនហ្គីស ខាន់

លុះនៅឆ្នាំ១២២៦ ភ្លាមៗក្រោយពីវិលត្រឡប់ប្រតិបត្តិការយោធានៅពែរស៍ ជិនហ្គីស ខាន់ បាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិន ​ដែល​នៅសេស​សល់​ពីការឈ្លានពានលើកមុន។ ក៏ប៉ុន្តែនៅខែសីហា ឆ្នាំ១២២៧ ខណៈពេលដែលកងទ័ពម៉ុងហ្គោល ​កំពុងវាយ​លុក​ទៅ​លើ​រាជធានី​របស់​នគរ​សៀ ប៉ែកខាងលិចប្រទេសចិន ជិនហ្គីស ខាន់ ក៏ស្រាប់ចូលទិវង្គត់ ក្នុងវ័យ៦៥ឆ្នាំ តែបើតាមឯកសារខ្លះថា ជិនហ្គីស​ ខាន់ កើត​នៅ​ឆ្នាំ​១១៥៥។ ចំពោះ​បញ្ហា​នេះ​អ្នក​ប្រវត្តិសាស្រ្ត​នៅតែ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ​មក​ទល់​បច្ចុប្បន្ន ​ អំពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​ ជិនហ្គីស ខាន់។ ម្យ៉ាង​ទៀត គេថា​លោក​បាន​ស្លាប់​ក្នុង​សមរភូមិ ក្នុងពេលប្រយុទ្ធជាមួយនឹងនគរសៀ។ ឯ​អ្នក​ប្រវត្តិសាស្ត្រ​ខ្លះ​ទៀត​ថា ​ស្លាប់​ដោយ​ជំងឺ​ ខ្លះថា​ដោយ​សារ​ធ្លាក់​ពី​លើ​ខ្នង​សេះ

រម្លឹកថា អធិរាជ ជិនហ្គីស ខាន់ ទទួលមរណភាពដោយបន្សល់ទុកនូវកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ ហើយគិតមកត្រឹមពេល​នោះ ​ចក្រភព​ម៉ុងហ្គោល បាន​កាន់​កាប់​ទឹក​ដី​ដែល​លាត​សន្ធឹង​ចាប់​តាំង​ពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ ទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​មាន​ទំហំធំជាងចក្រភពម៉ាសេដ្វាន់របស់អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ៤ដង ហើយធំជាង​ចក្រភព​រ៉ូម រហូត​ដល់​ទៅ​២ដង

ចំពោះមរណភាពរបស់ ជិនហ្គីស ខាន់ មិនបានបញ្ចប់ការវាតទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលនោះទេ។ អហ្កឺដី ខាន់ (Ögedei Khan)​ កូន​ប្រុស​ទី៣ របស់ ជិនហ្គីស ខាន់ ដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុក ព្រមទាំងអធិរាជជំនាន់ក្រោយៗមកទៀត ​បាន​បន្ត​ធ្វើ​សង្រ្គាម​វាត​ទី​ពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល រហូតកើនឡើងទ្វេដងលើសពីសម័យកាលអធិរាជ ជិនហ្គីស ខាន់ ទៅទៀត៕

កែសម្រួលដោយ ៈMr365

Genghis Khanខ្មែរជិនហ្គីស ខាន់
Comments (0)
Add Comment