ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ លោកគ្រូ បានទទួលអនិច្ចកម្ម កាលពីល្ងាចថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដែលធ្វើឱ្យមហាជនមានការសោកស្ដាយ នឹងនាំគ្នា ផ្ញើរសាររំលែកទុក្ខជូនចំពោះមរតកមនុស្សរស់ ដែលជាធនធានកម្រ សម្រាប់គ្រួសារ និង យុវជនជំនាន់ក្រោយ ។
អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ ក្រោយការបាត់បង់នេះ ស្រាប់តែគេសង្កេតឃើញកូនស្រីរបស់លោកគ្រូ រស់ សេរី បានបង្ហោះរូបភាពដ៏រំជួលចិត្តមួយសន្លឹក ដែលក្មេងតូចឈរសម្លឹងមើលគេអូសគ្រែពេទ្យឪពុក ចេញទៅ ក្នុងអារម្មណ៍សោកសៅបំផុត ជាមួយឃ្លាថា « ប៉ា វិលវិញបានទេ កុំទុកកូនស្រីម្នាក់នេះឱ្យនៅឯកា » ដែលធ្វើឱ្យមហាជនបានឃើញហើយ មានអារម្មណ៍ក្ដុកក្ដួល និងសោកសង្រេងជាខ្លាំង ។
យ៉ាងណាមិញ ចំពោះការបាត់បង់នេះ បើតាមលោក អូន វណ្ណសាក់ ដែលត្រូវជាកូនប្រុសរបស់លោកគ្រូ រស់ សេរី បានរៀបរាប់ឱ្យដឹងថា៖ « ថ្ងៃនេះក្រុមគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ ស្វាមីអ្នកម្ដាយខ្ញុំទទួលមរណភាពល្ងាចនេះ នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប ដោយសារជំងឺ រោគាពាធ ។ លោកឪពុកជាចាស់ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោប្រចាំខេត្តសៀមរាប ជាអ្នកអភិរក្ស និង ការពារវប្បធម៌ស្មើជីវិត ដល់ដង្ហើមចុងក្រោយ ។ ការបាត់បង់លោកគ្រូព្រឹទ្ធាចារ្យ គឺជាការបាត់បង់ លោកឪពុក បាត់បង់មរតកមនុស្សរស់ និង ធនធានដ៏កម្រ សម្រាប់ក្រុមគ្រួសារ និង កូនខ្មែរជំនាន់ក្រោយ សូមបួងសួងវិញ្ញាណក្ខន្ធ លោកឪពុកទៅកាន់ឋានបរមសុខ »