ប្រវត្តិ វិរៈបុរសចក្រភពម៉ុងហ្គោល ជិនហ្គីស ខាន់
កំនើត
ជារឿងដ៏អស្ចារ្យមួយនៅឆ្នាំ១១៦២ (តែឯកសារខ្លះថានៅឆ្នាំ១១៥៥) ក្នុងតំបន់ភ្នំ នៃដែនដីម៉ុងហ្គោល ទារកមួយបានចាប់កំណើតឡើង។ ទារក ដែលពេលធំដឹងក្តីឡើង ក្លាយទៅជាមេទ័ព និងអធិរាជដ៏ល្បីល្បាញបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក គឺ ជិនហ្គីស ខាន់ ។
នៅពេលដែល ជិនហ្គីស ខាន់ ចាប់កំណើត និងធំដឹងក្តី ម៉ុងហ្គោលនៅមិនទាន់ក្លាយជាប្រជាជាតិរួបរួមគ្នាមួយនៅឡើយទេ។ ប្រជាជនម៉ុងហ្គោលរស់នៅជាក្រុមកុលសម្ព័ន្ធ ដែលរស់នៅដាច់ៗពីគ្នា ហើយពេលខ្លះធ្វើសង្រ្គាមរវាងគ្នាឯងទៀតផង។ ចាប់តាំងពីសតវត្សរ៍ទី៧ ម៉ុងហ្គោលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ក្រោមរាជវង្សថាង និងបន្ទាប់មកទៀត ក្រោមការគ្រប់គ្រងរបស់រាជវង្សលៀវ (Liao)។
ជិនហ្គីស ខាន់ ដែលឈ្មោះកំណើតថា តេមូឈីន (Temutchin) គឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោល។ នៅពេលដែល តេមូឈីន នៅជាក្មេងប្រុសម្នាក់នៅឡើយ ឪពុករបស់តេមូឈីន ត្រូវស្លាប់ដោយថ្នាំបំពុលរបស់កុលសម្ព័ន្ធ ដែលជាគូសត្រូវ ហើយ តេមូឈីន ក៏ឡើងកាន់តំណែងជាមេក្រុមកុលសម្ព័ន្ធជំនួសឪពុក។
ការតស៊ូ និងពង្រីកដែនដី
សូមជម្រាបថា កុលសម្ព័ន្ធដែលជាកេរមរតកពីឪពុករបស់ តេមូឈីន គ្រាន់តែជាកុលសម្ព័ន្ធតូច និងទន់ខ្សោយមួយប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក តេមូឈីន បានពង្រីកកម្លាំងក្រុមសម្ព័ន្ធរបស់ខ្លួន តាមរយៈការចងសម្ព័ន្ធមិត្ត និងតាមរយៈការធ្វើសង្រ្គាមដណ្តើមកាន់កាប់កុលសម្ព័ន្ធផ្សេងៗទៀត។ នៅឆ្នាំ១២០៦ តេមូឈីន ដែលមានវ័យ៤៤ឆ្នាំ បានក្លាយទៅជាមេដឹកនាំម៉ុងហ្គោល ដែលរួបរួមគ្នាជាប្រជាជាតិតែមួយ គឺចក្រភពម៉ុងហ្គោល។ តេមូឈីន ត្រូវបានគេផ្តល់ងារថ្មីមួយគឺ ជិនហ្គីស ខាន់ ដែលមានន័យតាមភាសាម៉ុងហ្គោលថា “ស្តេចចក្រវាល”។
ប៉ុន្តែក្រោយពីបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោល ដែលបង្កើតទៅជាប្រទេសរួបរួមគ្នាមួយហើយ ជិនហ្គីស ខាន់ ត្រូវប្រឈមមុខនឹងសត្រូវដ៏ធំមួយទៀតគឺ ចិន ដែលស្ថិតនៅប៉ែកខាងត្បូងម៉ុងហ្គោល។ ជិនហ្គីស ខាន់ ដឹងខ្លួនថាចិន ដែលធ្លាប់តែត្រួតត្រាម៉ុងហ្គោលរាប់សតវត្សរ៍កន្លងមកនោះ ប្រាកដជានឹងមិនបណ្តោយឱ្យម៉ុងហ្គោលនៅជាប្រទេសឯករាជ មានមេដឹកនាំ និងកងទ័ពខ្លាំងពូកែនៅជាប់នឹងព្រំដែនរបស់ខ្លួននោះទេ។
ឆ្លៀតក្នុងពេលដែលចិនកំពុងធ្លាក់ចុះទន់ខ្សោយ ដោយមានការបែកបាក់ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏សម្រេចចិត្តវាយលុកទៅលើចិនមុន។ នៅពេលនោះ ប្រទេសចិនត្រូវបានបែងចែកជាច្រើនចំណែកដោយមាននគរធំៗបីគឺ នគរលៀវ (Liao) ប៉ែកខាងជើងនគរសៀ (Xia) នៅខាងលិច និងនគរសុង (Song) នៅប៉ែកខាងត្បូង។ ជិនហ្គីស ខាន់ បាននាំទ័ពម៉ុងហ្គោលប្រមាណជា៥ម៉ឺននាក់ ឆ្លងព្រំដែនសំដៅទៅវាយលុកចូលក្នុងនគរលៀវ នៃដែនដីចិនប៉ែកខាងជើង។
ខណៈពេលចូលទៅដល់ចិន កងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយ គឺមហាកំផែងរបស់ចិន។ ប៉ុន្តែដើម្បីឆ្លងកាត់មហាកំផែងដ៏ធំមហិមានេះ កងទ័ពរបស់ ជិនហ្គីស ខាន់ បានរកឃើញវិធីដ៏សាមញ្ញបំផុតមួយ គឺដើរវាងមហាកំផែង។ កងទ័ពរបស់ ជិនហ្គីស ខាន់ បានធ្វើដំណើរទៅដល់រាជធានីនៃនគរចិនខាងជើង ដែលមានទីតាំងនៅម្តុំទីក្រុងប៉េកាំងបច្ចុប្បន្ន។ តែជាថ្មីម្តងទៀតកងទ័ពម៉ុងហ្គោល ត្រូវប្រឈមមុខនឹងកំផែងក្រុង ដែលមានកំពស់១២ម៉ែត្រ ប្រវែង៣០គីឡូម៉ែត្រ ហើយការពារដោយប៉មយាមប្រមាណជា៩០០។ ខុសពីមហាកំផែង ដែលមានផ្លូវអាចដើរវាងបាន កងទ័ពរបស់ ជិនហ្គីស ខាន់ ចាំបាច់ត្រូវតែឆ្លងកាត់កំផែងក្រុងប៉េកាំងដោយការប្រយុទ្ធ។
ប៉ុន្តែ ជិនហ្គីស ខាន់ មិនបានបើកការវាយប្រហារទៅលើកំផែងក្រុងប៉េកាំងភ្លាមៗទេ។ ផ្ទុយទៅវិញ កងទ័ពម៉ុងហ្គោលបានធ្វើការឡោមព័ទ្ធ ដើម្បីកាត់ផ្តាច់ការផ្លូវនាំស្បៀងចូលក្នុងក្រុង ហើយក្នុងពេលជាមួយគ្នា ពួកគេបានសាងសង់ឧបករណ៍សង្រ្គាមធុនធ្ងន់ ដើម្បីត្រៀមវាយទម្លុះកំផែងក្រុង។ នៅក្នុងក្រុងប្រជាជន និងកងទ័ពចិនដាច់ស្បៀង ហើយខ្លះត្រូវស្លាប់ដោយការអត់ឃ្លាន។ ចំណែកនៅខាងក្រៅក្រុងវិញ ទាហានម៉ុងហ្គោលមានស្បៀងហូរហៀរឥតខ្វះ ដោយសារការស្ទាក់ចាប់ស្បៀងដែលចិននាំចូលក្នុងរាជធានី។
លុះនៅឆ្នាំ១២១៥ កងទ័ពរបស់ ជិនហ្គីស ខាន់ ក៏បើកប្រតិបត្តិការវាយលុកទៅលើរាជធានីប៉េកាំង។ ក្រោយពីដណ្តើមបានកាន់កាប់ទីក្រុងហើយ កងទ័ពម៉ុងហ្គោលបានដុតកម្ទេចផ្ទះសម្បែង និងសម្លាប់រង្គាលប្រជាជនស្ទើរតែអស់គ្មានសល់ ហើយដែនដីចិនខាងជើង ក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលផងដែរ។ បន្ទាប់ពីវាយដណ្តើមកាន់កាប់ចិនខាងជើងបានហើយ ជិនហ្គីស ខាន់ បានងាកទៅទិសខាងលិចវិញម្តង គឺចក្រភពពែរស៍។ ប៉ុន្តែជាមួយនឹងពួកពែរស៍ ជិនហ្គីស ខាន់ គ្មានបំណងចង់ធ្វើសង្រ្គាមទេ តែចង់ធ្វើជំនួញវិញ។ ដូច្នេះហើយ ជិនហ្គីស ខាន់ ក៏បានបញ្ជូនមន្រ្តីទូតរបស់ខ្លួនឱ្យទៅជួបអធិរាជពែរស៍ ដើម្បីចរចាបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងគ្នា។
លុះនៅពាក់កណ្តាលឆ្នាំ១២១៨ អ្នកនាំសារម្នាក់បាននាំកញ្ចប់មួយពីអាណាចក្រពែរស៍ បញ្ជូនទៅឱ្យ ជិនហ្គីស ខាន់។ កញ្ចប់ដែលនឹងនាំទៅរកការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តពិភពលោក គឺក្បាលមន្រ្តីទូតម៉ុងហ្គោល ដែល ជិនហ្គីស ខាន់ បញ្ជូនឱ្យទៅជួបអធិរាជពែរស៍។ សូមជម្រាបថា ជិនហ្គីស ខាន់ ផ្ទុះកំហឹង ក៏បានប្រមូលទ័ពប្រមាណជា២០ម៉ឺននាក់ វាយលុកចូលឈ្លានពានអាណាចក្រពែរស៍ ដោយបានដាក់បញ្ជាថា អ្នកណាដែលសុខចិត្តដាក់អាវុធចុះចាញ់ត្រូវទុកឱ្យរស់ ចំណែកឯក្រុមណា ឬក្រុងណាដែលមិនចុះចាញ់ត្រូវសម្លាប់ និងដុតកម្ទេចឱ្យរាបដល់ដី។ បំណងចង់ធ្វើជំនួញ បានប្រែក្លាយទៅជាធ្វើសង្រ្គាមស៊ីសាច់ហុតឈាមទៅវិញ។ កងទ័ពរបស់ ជិនហ្គីស ខាន់ បានវាយដណ្តើមកាន់កាប់អាណាចក្រពែរស៍ទាំងមូលនៅឆ្នាំ១២២០។ មិនតែប៉ុណ្ណោះប្រជាជនពែរស៍ប្រមាណជាង១លាននាក់ ទាំងស្រី ទាំងប្រុស ទាំងចាស់ ទាំងក្មេង ត្រូវស្លាប់បាត់បង់ជីវិតក្នុងភ្លើងសង្រ្គាមនោះ។
បន្ទាប់ពីកាន់កាប់អាណាចក្រពែរស៍បានហើយ ជិនហ្គីស ខាន់ បានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញ ដោយនៅតាមផ្លូវបានឆ្លៀតវាយដណ្តើមយកអាហ្វហ្កានីស្ថាន និងប៉ែកខាងជើងឥណ្ឌា។ កងទ័ពមួយផ្នែកតូចទៀតដែលមានគ្នាប្រមាណជា២ម៉ឺននាក់ ត្រូវបាន ជិនហ្គីស ខាន់ បញ្ជូនឱ្យវាយលុកទៅទិសខាងលិច ដើម្បីជាការពិសោធន៍មើលថា តើពួកគេអាចវាយលុកទៅដល់ត្រឹមណា ទើបមានអ្នកចេញមុខមករារាំងដំណើររបស់ពួកគេបាន។ ប៉ុន្តែកងទ័ពមួយក្រុមនេះ បានវាយលុកចូលរហូតទៅដល់ព្រំដែនអឺរ៉ុប ខាងកើត ដោយមិនមានអ្នកណាអាចរារាំងបានទេ។
ការសោយទីវង្គត់ របស់ ជិនហ្គីស ខាន់
លុះនៅឆ្នាំ១២២៦ ភ្លាមៗក្រោយពីវិលត្រឡប់ប្រតិបត្តិការយោធានៅពែរស៍ ជិនហ្គីស ខាន់ បាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិន ដែលនៅសេសសល់ពីការឈ្លានពានលើកមុន។ ក៏ប៉ុន្តែនៅខែសីហា ឆ្នាំ១២២៧ ខណៈពេលដែលកងទ័ពម៉ុងហ្គោល កំពុងវាយលុកទៅលើរាជធានីរបស់នគរសៀ ប៉ែកខាងលិចប្រទេសចិន ជិនហ្គីស ខាន់ ក៏ស្រាប់ចូលទិវង្គត់ ក្នុងវ័យ៦៥ឆ្នាំ តែបើតាមឯកសារខ្លះថា ជិនហ្គីស ខាន់ កើតនៅឆ្នាំ១១៥៥។ ចំពោះបញ្ហានេះអ្នកប្រវត្តិសាស្រ្តនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយមកទល់បច្ចុប្បន្ន អំពីមូលហេតុនៃការស្លាប់របស់ ជិនហ្គីស ខាន់។ ម្យ៉ាងទៀត គេថាលោកបានស្លាប់ក្នុងសមរភូមិ ក្នុងពេលប្រយុទ្ធជាមួយនឹងនគរសៀ។ ឯអ្នកប្រវត្តិសាស្ត្រខ្លះទៀតថា ស្លាប់ដោយជំងឺ ខ្លះថាដោយសារធ្លាក់ពីលើខ្នងសេះ។
រម្លឹកថា អធិរាជ ជិនហ្គីស ខាន់ ទទួលមរណភាពដោយបន្សល់ទុកនូវកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ ហើយគិតមកត្រឹមពេលនោះ ចក្រភពម៉ុងហ្គោល បានកាន់កាប់ទឹកដីដែលលាតសន្ធឹងចាប់តាំងពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ ទឹកដីនៃចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាសេដ្វាន់របស់អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ៤ដង ហើយធំជាងចក្រភពរ៉ូម រហូតដល់ទៅ២ដង។
ចំពោះមរណភាពរបស់ ជិនហ្គីស ខាន់ មិនបានបញ្ចប់ការវាតទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលនោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣ របស់ ជិនហ្គីស ខាន់ ដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុក ព្រមទាំងអធិរាជជំនាន់ក្រោយៗមកទៀត បានបន្តធ្វើសង្រ្គាមវាតទីពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល រហូតកើនឡើងទ្វេដងលើសពីសម័យកាលអធិរាជ ជិនហ្គីស ខាន់ ទៅទៀត៕
កែសម្រួលដោយ ៈMr365